ស្របពេល​ក្រសួងសុខាភិបាល​ម៉ា​ស៊ី​ឡេ​ស៊ី កំពុងតែ​ប្រឹងប្រែង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​វីរុស​ផ្លូវដង្ហើម​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា (Coronavirus) ស្រាប់តែ​បណ្ដា​អ្នកប្រើប្រាស់​បណ្ដាញទំនាក់ទំនង​សង្គម​ក្នុងប្រទេស​នេះ បាន​ភ្ជាប់​ទំនាក់ទំនង​ជំងឺ​នេះ​ទៅនឹង​ខ្មោចឆៅ (Walking dead) ឬ បិសាច​ជញ្ជក់​ឈាម (Zombie) នាំឱ្យមាន​ការភ្ញាក់ផ្អើល​កាន់តែខ្លាំង​។
​ ​
យោងតាម​គណៈកម្មការ​ទូរគមនាគមន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ម៉ាឡេស៊ី បានឱ្យដឹងថា ប៉ូលិសបាន​ចាប់ខ្លួន​មនុស្ស ៦ នាក់​ពីបទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ជុំវិញ​វីរុស​នេះ​។

​​រដ្ឋាភិបាល​ម៉ាឡេស៊ី បានប្រកាស​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ថា វីរុស កូ​រ៉ូ​ណា នឹងមិនបណ្តាលឱ្យ​អ្នក​ឆ្លង​ក្លាយជា​បិសាច​ជញ្ជក់​ឈាម​ដូច​ការផ្សព្វផ្សាយ​អកុសល​មួយចំនួន​ឡើយ ស្របពេល​មន្ត្រី​មាន​សមត្ថកិច្ច​បាន​ចាត់វិធានការ​កែតម្រូវ​ព័ត៌មាន​មិន​ពិត​ជុំវិញ​ការផ្ទុះ​ករណី​វីរុស​នេះ​។
​ ​
​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី បាន​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​នេះ ដោយ​លើកឡើង តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទ្វី​ត​ទ័​រថា “​ការ​អះអាងថា​អ្នក​ដែល​ឆ្លង​វីរុស​នេះ​នឹង​បញ្ចេញឥរិយាបថ​ដូច​បិសាច​ជញ្ជក់​ឈាម មិនមែនជា​ការពិត​ឡើយ​… ពោលគឺ​អ្នកជំងឺ​អាចជា​សះស្បើយ​ឡើងវិញ​”​។
​ ​
លើសពីនេះ ក្រសួង​បាន​គូសបញ្ជាក់ថា ផូស (Post) មួយចំនួន​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ក៏បាន​អះអាង​ដោយ​មិន​ត្រឹមត្រូវ​អំពី​ចំនួន​អ្នកស្លាប់ ឬ​អ្នក​ឆ្លង​វីរុស​ក្នុងប្រទេស​នេះ​៕ ប្រែ​សម្រួលៈ ខុម​/Ha