តាមព័ត៌មានថា ថ្នាក់ដឹកនាំក្លិបម៉េនឆេស្ទ័រយូណាយធីតបានកាត់បន្ថយ៣០លានផោន ពីតម្លៃដើមនៃការផ្ទេរកីឡាករ ផូល ប៉ុកបា (Paul Pogba) ហើយឥឡូវនេះនឹងផ្តល់ភ្លើងខៀវ ឲ្យលក់កីឡាករសញ្ជាតិបារាំងរូបនេះនៅរដូវកាលទិញដូររដូវក្តៅ។
យូណាយធីតបានបដិសេធរាល់ការព្យាយាមពីគូប្រជែងផ្សេងៗក្នុងការតាមទិញកីឡាករមេដាយមាសវើលខាប់រូបនេះកាលពីរដូវក្តៅឆ្នាំមុន ខណៈលោក អូឡេ ហ្គាន់ណា (Ole Gunnar Solskjaer) ត្រៀមកសាងក្រុមជាមួយនឹងតំបន់បម្រើ។
នៅពេលនេះបន្ទាប់ពីការមកដល់របស់កីឡាករ ប្រ៊ូណូ ហ្វឺណានដេស (Bruno Fernandes) ហើយ ប៉ុកបា បន្តនៅក្រៅការប្រកួតដោយសារបញ្ហារបួសនោះ យូណាយធីតត្រៀមធ្វើ ការងារលើទីផ្សារ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត ឌឹ សាន់(The Sun) ។
មានការអះអាងថា ថ្នាក់ដឹកនាំរបស់យូណាយធីតចង់រក្សាទុក ប៉ុកបា ប៉ុន្តែនៅពេលនេះ ទទួលស្គាល់ពីបំណងចង់ចាកចេញរបស់ ប៉ុកបា បន្ទាប់ពីធ្វើមិនសូវបានល្អនៅពហុកីឡដ្ឋាន Old Trafford ។
ទោះបីជាយ៉ាងណា យូណាយធីតនៅតែចង់បានកម្រៃច្រើនតាមរយៈការលក់កីឡាកររូបនេះ ដែលខ្លួនបានទិញមកក្នុងតម្លៃខ្ពស់បំផុតមិនធ្លាប់មានកាលពីខែសីហាឆ្នាំ២០១៦៕ ប្រែសម្រួល: ពិសិដ្ឋ