រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ បានសម្រេចបង្កើតគណៈកម្មការសម្របសម្រួលដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន ដែលមានសមា សភាព ២៣រូប ដឹកនាំដោយលោករដ្ឋមន្ត្រីផ្ទាល់។
ក្នុងសមាសភាពទាំង២៣រូបក្រៅពីតែពីអនុប្រធាននិងសមាជិកដែលជារដ្ឋលេខាធិការអនុរដ្ឋ លេខាធិការ អគ្គនាយក ទីប្រឹក្សា ប្រធាននាយកដ្ឋាន អគ្គនាយករង អនុប្រធាន នាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ ក្នុងក្របខណ្ឌក្រសួងព័ត៌មានក៏មានសមាជិក គណៈកម្មការបួនរូប ជាប្រធានសមាគម និងក្លិបអ្នកកាសែត ផងដែរ។
ក្នុងចំណោមសមាសភាពគណៈកម្មការទាំង ២៣រូប គឺមានសមាជិកបួនរូប ជាប្រធានសមាគម និងក្លិបអ្នកកាសែត រួមមាន មួយ.លោក ហ៊ុយ វណ្ណៈប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មាន កម្ពុជា ស.ស.ស.ក ,ពីរ.លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា, បី.លោក ថាន វុត្ថា ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា ដើម្បីសេរីភាព និងបួន.លោក អ៊ុំ សារិន ប្រធាន សមាគមកម្ពុជាការពារអ្នកកាសែត។
សេចក្តីសម្រេច លើកឡើងថា គណៈកម្មការនេះ មានភារកិច្ចប្រាំពីរចំណុច រួមមានៈ ១.សម្រប សម្រួលវិវាទរបស់អ្នកសារព័ត៌មានបានចុះបញ្ជីនៅក្រសួងព័ត៌មានដែលត្រូវទទួលរងការប្តឹងតវ៉ាពីភាគីពាក់ព័ន្ធក្នុងពេលបំពេញវិជ្ជាជីវៈ, ២-.ទទួលពាក្យបណ្តឹងរបស់អ្នកសារព័ត៌មានដែល មានវិវាទក្នុងពេលបំពេញវិជ្ជាជីវៈ, ៣-.ពិនិត្យ សិក្សាអំពីអង្គហេតុនិងអង្គច្បាប់លើបណ្តឹង នីមួយៗ ជូនថ្នាក់ដឹកនាំសម្រេច, ៤.ពិគ្រោះយោបល់ដើម្បីពិភាក្សាអំពីព្យសនកម្មដែលអាច កើតមានជាយថាហេតុមុននឹងចេញផ្សាយអត្ថបទព័ត៌មានទាក់ទងនឹងបញ្ហារសើប, ៥.សម្រប សម្រួលក្នុងការបញ្ជូនពាក្យបណ្តឹងរបស់អ្នកសារព័ត៌មានមានវិជ្ជាជីវៈទៅក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ សែន, ៦.តាមដានការអនុវត្តនីតិវិធីបណ្តឹងនីមួយៗ តាំងពីដើម រហូតបញ្ចប់ និង៧.ធ្វើរបាយការណ៍ជាទៀងទាត់ជូនថ្នាក់ដឹកនាំ។
ជាមួយនឹងសេចក្តីសម្រេចបង្កើតគណៈកម្មការខាងលើនេះ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងព័ត៌មានក៏បានប្រកាសពីការរៀបចំសិក្ខាសាលាស្តីពីការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ នៅថ្ងៃទី១២កុម្ភៈ ដើម្បីបញ្ជ្រាបការយល់ដឹងដល់អ្នកសារព័ត៌មាន សំដៅដល់ការធានាការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈចៀសវាងការផ្សព្វផ្សាយ ព័ត៌មានមិនពិត ដែលមានលក្ខណៈញុះញង់ បង្កាច់បង្ខូច បំប៉ោងស្ថានការណ៍ ឬព្រឹត្តិការណ៍ ណាមួយ នាំឱ្យសាធារណជន មានការភាន់ច្រឡំ។ សិក្ខាសាលានេះ នឹងធ្វើឡើងនៅសាល សត្យា ក្នុងទីស្តីការក្រសួងព័ត៌មាន។
ក្នុងសេចក្តីប្រកាស ក្រសួងព័ត៌មាន ក៏បានគូសបញ្ជាក់ថា ដោយសារមានការកំណត់ចំនួន អ្នកចូលរួម ដូច្នេះក្រសួង តម្រូវឲ្យអ្នកសារព័ត៌មាន ចុះឈ្មោះ នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ឲ្យបានមុនថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។
ការបង្កើតគណៈកម្មការ រួមទាំងការរៀបចំសិក្ខាសាលាខាងលើនេះ បានធ្វើឡើងក្រោយពិធីជួបជុំរវាងសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាន លើកទី៤ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។ ក្នុងពិធីជួបជុំ សម្តេចតេជោ បានផ្តល់នូវយន្តការពារ ដែលជាគាថា សម្រាប់អ្នកសារព័ត៌មាន នោះគឺ «អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ និងកុំបំភ្លៃការពិត»។
ក៏ប៉ុន្តែកាលពីពេលថ្មី នៅពេលជំងឺកូរ៉ូណា កំពុងផ្ទុះឡើង ស្រាប់តែមានអ្នកលេងហ្វេសប៊ុក ដែលតាំងខ្លួនជាអ្នកសារព័ត៌មានមួយចំនួន បែរជាផ្សព្វផ្សាយ រាយការណ៍ព័ត៌មានមិនពិត បង្កជាការយល់ច្រឡំដល់មហាជន ពាក់ព័ន្ធនឹងជំងឺដ៏កាចសាហាវនេះ បង្កជាប្រតិកម្មមិនតិចទេ ពីមហាជន ប្រតិកម្មពីអ្នកសារព័ត៌មានប្រកបវិជ្ជាជីវៈត្រឹមត្រូវរហូត ដល់មានប្រតិកម្មពីសម្តេច តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅទៀត។
ក្រោយហេតុការណ៍ផ្សព្វផ្សាយព័ត៌មានបំផ្លើស ខុសការពិតតាមហ្វេសប៊ុកនោះរួចមក អ្នកផ្សាយនោះ ក៏បានទទួលស្គាល់កំហុស និងបានសូមទោសមហាជនហើយក៏ត្រូវក្រសួង ព័ត៌មាន ហៅទៅអប់រំ ណែនាំផងដែរ។
ក្នុងដំណាក់កាលនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលបានប្រកាស យកវិធានការអប់រំ ណែនាំដល់អ្នកផ្សាយព័ត៌មានខុសការពិត ជាជាងការប្រើវិធានការច្បាប់ រហូតដល់ប្រើគុកច្រវាក់ លើអ្នកផ្សាយព័ត៌មានមិនពិត។
យ៉ាងណាក៏ដោយ អ្នកលេងហ្វេសប៊ុក ដែលចង់តាំងខ្លួនជាអ្នកសារព័ត៌មានគួរតែស្វែងរក ពីមូលដ្ឋានគ្រឹះ ក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មានឲ្យបានត្រឹមត្រូវមុននឹងចេញផ្សាយ ផ្ទាល់តាមហ្វេសប៊ុកឬក៏ផ្សាយព័ត៌មានអ្វីមួយ។ការស្វែងរកទ្រឹស្តីមេរៀន ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ក៏អាចធ្វើបានយ៉ាងស្រួល តាមប្រព័ន្ធអនឡាញហើយបើចង់ចូលរៀន សូត្រ ក៏មិនពិបាក ហើយក៏មិនអស់លុយឡើយ ដោយមានក្រសួងព័ត៌មាន សមាគម ក្លិបអ្នកកាសែត បើបង្ហាត់បង្ហាញ។ ក្នុងនោះ ក្រសួងព័ត៌មាន ក៏បានប្រកាសរួចហើយថា បើសិនជាអង្គភាពសារព័ត៌មាន ឬក៏សមាគម ក្លិបអ្នកកា សែត ចង់បើកបង្រៀនអ្នកសារព័ត៌មាន ក៏គួរសហការ និងផ្តល់វាគ្មិនចំណានៗ ដែលជាអ្នកកាសែតជើងចាស់ ចូលរួមសហការ បង្រៀនដោយមិនគិតប្រាក់ថែមទៀតផង។
សរុបមក ឱ្យតែអនុវត្តតាមតួនាទី ក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ពិសេសចាំកុំភ្លេចនូវ ពាក្យមួយឃ្លាខ្លីរបស់សម្តេចតេជោ គឺ «អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ និងកុំបំភ្លៃ ការពិត» ដរាបនោះអ្នកសារព័ត៌មានយើង មិនមានរឿង ត្រូវគេប្តឹង ឬក៏គេប្រតិកម្មអ្វីនោះទេ។ ម្យ៉ាងទៀត សូមអ្នកចង់ធ្វើជាអ្នកសារព័ត៌មាន ចងចាំថា សារព័ត៌មាន មិនមែនជាមុខរបរ ដែលរកលុយបានច្រើន ក្លាយជាអ្នកមានទ្រព្យធននោះទេ បើសិនជាអ្នកប្រកបតាមក្រម សីលធម៌ វិជ្ជាជីវៈត្រឹមត្រូវ។ ប៉ុន្តែមុខរបរអ្នកសារព័ត៌មាននេះ ជាអាជីពសេរី ដែលជាអ្នកនាំសារ និងជាកញ្ចក់ឆ្លុះសង្គម ដើម្បីចូលរួមជាដៃគូ ក្នុងការកសាង អភិវឌ្ឍន៍ និងរក្សាសុខសន្តិភាព ជូនសង្គមជាតិយើង៕ ដោយ:ម៉េងឆៃ