ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជា ២ រូប ដែលបាត់មុខមួយរយៈខ្លីនោះ បានបង្ហាញមុខមកវិញហើយ ៗ ថែមទាំងណាត់ប្រកួត ជាមួយអ្នកប្រដាល់ថៃ លើសង្វៀនអធិរាជកម្លាំងរ៉េដអាន របស់អាស៊ីអាគ្នេយ៍ នៅយប់ថ្ងៃទី៩ កុម្ភៈ នេះទៀតផង ។
សេក គឹមរូន ក្លិបម្កុដរាជសីហ៍ បានណាត់ប្រកួតជាមួយ អ្នកប្រដាល់ថៃ អារ៉ាំ ប៊យ (Aram Boy) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦៣,៥០ គីឡូក្រាម។ ទោះបី អារ៉ាំ ប៊យ ឩស្សាហ៍ឡើងមកប្រកួត នៅស្រុកខ្មែរ ក៏ពិតមែន តែសម្រាប់ការប្រកួត ជាមួយ សេក គឹមរូន នេះ គឺជាលើកដំបូងហើយ ។

គឹមរូន គេចាប់ផ្ដើមអាជីព ប្រដាល់ដំបូង នៅក្លិបអង្គរមានជ័យ ខេត្តសៀមរាប តែពេលនេះ គេប្ដូរមកនៅក្លិបម្កុដរាជសីហ៍ ។ តាំងពីគេប្ដូរមកនៅ ក្លិបម្កុដរាជសីហ៍នោះ ការប្រកួតរបស់គេ មិនសូវទទួលបានលទ្ធផលល្អនោះទេ ។ ចំពោះ អារ៉ាំ ប៊យ វិញ ការប្រកួតរបស់គេ នៅស្រុកខ្មែរ មានឈ្នះ មានចាញ់ ។ អ្នកប្រដាល់រូបនេះ កែង និង ជង្គង់របស់គេ អស្ចារ្យណាស់ ។
គឹមរូន វិញ ជាអ្នកប្រដាល់ ដែលវ៉ៃចូលចិត្តប្ដូរ គេជាអ្នកប្រដាល់ ដែលមានកម្លាំងអស្ចារ្យណាស់ ។ អ្នកប្រដាល់កម្ពុជា រូបនេះ ពេលខ្លះ ពេលប្រកាសលទ្ធផល ឲ្យចាញ់ គេមិនព្រមចុះពីសង្វៀន ព្រោះគេមិនទទួលស្គាល់ លទ្ធផលនោះ ។ គឹមរូន មានប្រវត្តិប្រកួត ចំនួន៩៥ដង ឈ្នះ៧៣ដង ចាញ់១៩ដង និងស្មើពិន្ទុ ៣ដង។ ចំពោះអារ៉ាំ ប៊យវិញ មានប្រវត្តិប្រកួត ចំនួន១០៥ដង ឈ្នះ៧២ដង ចាញ់២៨ដង និងស្មើពិន្ទុ ៥ដង ។ មិនដឹងថា នរណាឈ្នះ នរណាចាញ់នោះទេ។

ពុទ្ធ ឆាយរិទ្ធី ក្លិបពុទ្ធសេរីវង្ស ប្រកួតជាមួយ អ្នកប្រដាល់ ផេត ឆាតឆៃ (Phat Chartchhai) ។ អ្នកប្រដាល់ទាំង ២ រូបនេះ ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦៧ គីឡូក្រាម ។ រិទ្ធី មួយរយៈនេះ ការប្រកួតរបស់គេ ក៏មិនសូវបានទទួលលទ្ធផលល្អដែរ ។ ដោយសារតែមិនសូវ ទទួលបានលទ្ធផលល្អ ក្នុងការប្រកួត
បែបនេះហើយ ទើបមន្ត្រីផ្គូរផ្គង រារែកចិត្ត ក្នុងការផ្គូរផ្គង ឲ្យប្រកួតនោះ ។ រិទ្ធី ជាអ្នកប្រដាល់ ដែលវ៉ៃអាងកម្លាំង និងកំហឹង អីចឹងហើយ ទើបការប្រកួតរបស់គេ មិនសូវបានទទួលជ័យជំនះនោះ ។
ចំពោះ ផេត ឆាតឆៃ គេធ្លាប់មកប្រកួត នៅស្រុកខ្មែរដែរ ដោយការប្រកួតរបស់គេ មានឈ្នះ មានចាញ់ ជាធម្មតា ។ អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួត ចំនួន៨៣ដង ឈ្នះ៦០ដង ចាញ់២៣ ដង ។ ចំពោះ ពុទ្ធ ឆាយរិទ្ធីវិញ គេមានប្រវត្តិប្រកួត ចំនួន១២៦ដង ឈ្នះ៩៤ដង ចាញ់២៩ដង និងស្មើពិន្ទុ៣ដង។ ការប្រកួតនេះ ទាំងសងខាង សុទ្ធតែមានឱកាសឈ្នះដូចគ្នា តែសូមឲ្យ ពុទ្ធ ឆាយរិទ្ធី ជួបសំណាងល្អទៅចុះ ក្នុងជំនួបលើកនេះ។

ជំនួបរវាង អ្នកប្រដាល់រួមជាតិវិញនោះ អ៊ុំ សំណាង ក្លិបយុវវាលស្បូវ ប្រកួតជាមួយ គង់ ឩត្តម ក្លិបកុលបុត្រគុនខ្មែរ ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦៩ គីឡូក្រាម ។ សេក ថាវរី ក្លិបអង្គរមានជ័យ ខេត្តសៀមរាប ប្រកួតជាមួយ ធា វាសនា ក្លិបខេត្តរតនគីរី ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ។ រំចង់ ថងណយ ក្លិបបូរីរាជសីហ៍មានរិទ្ធ ប្រកួតជាមួយ អ្នកប្រដាល់ សូត្រ សុខឃីម ក្លិបបក្សីស្លាបដែក ។ អ្នកប្រដាល់ទាំង ២ រូបនេះ ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥១ គីឡូក្រាម៕v