ប្រកាសបិទចរាចរណ៍នៅថ្ងៃទី​១១​ខែកុម្ភៈចាប់ពីរង្វង់មូល​កួរស្រូវ​ដល់ព្រំប្រទល់ខេត្ត​កណ្តាល ដើម្បីបើកការដ្ឋាន​សាង​សង់ផ្លូវជាតិលេខ២

ដោយ៖រ៉ាម៉នៈ​ភ្នំពេញ៖​រដ្ឋបាលរាជធានីភ្នំពេញប្រកាសបិទចរាចរណ៍​ចាប់ពីរង្វង់មូលកួរស្រូវ ដល់ព្រំប្រទល់ខេត្តកណ្តាលដើម្បីបើកការដ្ឋានសាងសង់​ផ្លូវជាតិលេខ២ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីម៉ោង ៦:០០នាទី តទៅ រហូតដល់ចប់កម្មវិធី។

រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសបិទកំណាត់ផ្លូវជាតិលេខ២ ជាបណ្តោះអាសន្ន ដើម្បីប្រារព្ធពិធីបើកការដ្ឋានជួលជុលស្ថានភាពផ្លូវឱ្យប្រសើរឡើងវិញ ចាប់ពីរង្វង់មូលកួរស្រូវ រហូតដល់ព្រំប្រទល់ខេត្តកណ្តាល​ដោយមិន​អនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទធ្វើការឆ្លងកាត់ ។

តាមសេចក្តីជូនដំណឹងបានឱ្យដឹងថា៖ ក្រសួងសាធារណការនិងដឹកជញ្ជូន សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងប្រារព្ធពិធីបើកការដ្ឋាន គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិ២២ ប្រវែង ៧២,១៧គីឡូម៉ែត្រ ពីរង្វង់មូលតាខ្មៅ អូរចំបក់ ទៅដល់អង្គតាសោមខេត្តកែវ ក្រោមហិរញ្ញប្បទានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា ។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់​ដែលធ្វើ​ដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ ២ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅ​តំបន់ប្រារព្ធពិធី មេត្តាជ្រាប យោគយល់ អាធ្យាស្រ័យ និងធ្វើការបញ្ជៀស​ការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយក្តីអនុគ្រោះ ។ នៅពេលកម្មវិធីនេះត្រូវបានបញ្ចប់ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យ​ធ្វើចរាចរណ៍ជាធម្មតាវិញ៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular