ដោយ​គូលែន​/​សៀមរាប​៖​កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​ការប្រកួត​បាល់ទះ​ដណ្តើមពាន​រង្វាន់ អរគុណ​សន្តិភាព​សម្រាប់​ឆ្នាំ​២០២០​ជា​លើកដំបូង​ដែល​រៀបចំឡើង​ដោយ​រដ្ឋបាល​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​ត្រូវបាន​ចាប់ផ្តើម​បើក​ការប្រកួត​ហើយ​ក្រោម​អធិបតីភាព​លោក​ពិន​ប្រាកដ​អភិបាលរង​ខេត្ត សៀមរាប​។​

​លោក​សូ​ប្លា​តុង​អភិបាលស្រុក​ប្រាសាទបាគង​បាន​និយាយថា​”​ក្នុងនាម​អភិបាលស្រុក​និង​ជា​អ្នក​ផ្តួចផ្តើម​រៀបចំ​កម្មវិធី​នេះ​ឡើង​ខ្ញុំបាទ​ពិតជា​សូម​អរគុណ​ដល់​សន្តិភាព​ដែល​កំពុងមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុ​ជាស​ន្តិ​ភាព​។​គឺជា​កត្តា​សំខាន់បំផុត​និង​មិនអាច​ខ្វះ​បាន​សម្រាប់​ដំណើរការ​អភិវឌ្ឍ​ជាតិ​កសាង​កំណើនសេដ្ឋកិច្ច​ការគោរព​សិទ្ធិមនុស្ស​និង​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​”​។​

​លោក​បាន​បន្តថា​មាន​សុខសន្តិភាព​គឺមាន​ឱកាស​ធ្វើ​អ្វីៗ​ទាំង​អស់ហើយ​ប្រសិនបើ​គ្មាន​សុខសន្តិភាព​ប្រទេសជាតិ​មាន​សង្គ្រាម មាន​ចលាចល មាន​អស្ថិរភាព យើង​ក៏​មិនអាច​នឹងមាន​ឱកាស ធ្វើ​អ្វី​ទាំងអស់ គ្មាន​ការអភិវឌ្ឍ​ហើយក៏​មិនអាច​និយាយ​ពី​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​បានឡើយ​។​ខណៈ​សិទ្ធិ​រស់រាន​ជីវិត​ក៏​គ្មាន​ដែរ​ហើយ​សត្រូវ​ដ៏​ចម្បង​បំផុត​របស់​សន្តិភាព​គឺ​”​សង្គ្រាម ចលាចល​សង្គម​”​។​

​លោក​បាន​បន្តថា​គោលបំណង​ក្នុង​ការរៀបចំ​កម្មវិធី​នេះ​ឡើង​គឺ​ដើម្បី​អបអរសាទរ​កម្ពុជា​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​ខាងមុខ​ដែលមាន​កីឡាករ​ចំនួន​១៤​ក្រុម​និង​ដើម្បី​រួមចំណែក​លើកស្ទួយ​វិស័យ​កីឡា​។​ជាពិសេស​កីឡាបាល់ទះ​(​យុវជន​ម្នាក់​ចេះ​លេង​កីឡា​១​ប្រភេទ​)​បង្កើត​បង្កើន​ការ​សាមគ្គីភាព​មិត្តភាព​រាប់អាន​ស្រលាញ់គ្នា​រវាង​មនុស្ស​គ្រប់​វ័យ​នៅក្នុង​ស្រុក​រក្សា​សុខភាព​និង​ចៀស​ឆ្ងាយ​ពី​អបាយមុខ​ផ្សេងៗ (​ជាពិសេស​គ្រឿងញៀន​)​។​

​លោក​បាន​បញ្ជាក់ថា​កីឡាបាល់ទះ​នាពេល​បច្ចុប្បន្ន​គឺមាន​ការរីកចម្រើន​គ្រប់​មូលដ្ឋាន​មានការ​លេង​កីឡា ជាពិសេស​ស្រុក​ប្រាសាទបាគង កីឡា​ប្រភេទ​នេះ​គឺ​ពេញនិយម និង​មាន​ប្រជាប្រិយភាព ណាស់​។ ដូចនេះ​សូម​យុវជន​យុវនារី​នា​សម័យ​សន្តិភាព​នេះ​ជ្រើសរើស​ការលេង​កីឡា​និង​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន​៕S/

​រូបភាព​: បើក​ការប្រកួត​បាល់ទះ ដណ្តើមពាន​រង្វាន់ អរគុណ​សន្តិភាព​សម្រាប់​ឆ្នាំ​២០២០ ៕​គូលែន​