
ដោយៈ មេសាៈភ្នំពេញៈ ដូចដែលគេបានដឹងជាហូរហែកមកហើយថា ប៉ុន្មានឆ្នាំចុងក្រោយនេះដង្ហើមរស់សំខាន់បំផុតរបស់មុខរបរធាក់ស៊ីក្លូ គឺភ្ញៀវទេសចរបរទេស ប៉ុន្តែក្នុងឆ្នាំ ២០១៩ ភ្ញៀវទេសចរបរទេសបានថយចុះមួយកម្រឹត ហេតុនេះ ស្ថានភាពស៊ីក្លូ ក៏ថយចុះមួយចំណែកដែរ ពោលគឺប៉ះពាល់ដូចជាវិស័យផ្សេងទៀតដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដូចជាការដឹកញ្ជូន សណ្ឋាការ ផ្ទះសំណាក់ និង អាហារដ្ឋានជាដើម ។នេះបើតាមប្រធានសមាគមអភិរក្សស៊ីក្លូ ។

លោក អ៊ឹម សម្បត្តិ ប្រធានសមាគមអភិរក្សស៊ីក្លូ និង មុខរបរក្រៅប្រព័ន្ធ បានឱ្យដឹងថា “ កាលពីឆ្នាំ ២០០៨ មានស៊ីក្លូ ប្រមាណជា ៨០០ គ្រឿង លុះដល់ឆ្នាំ ២០១២ ស៊ីក្លូបានថយមកនៅប្រមាណជា ៦០០ គ្រឿង ហើយឆ្នាំ ២០១៧ ស៊ីក្លូ បន្តថយចុះមកនៅប្រមាណជា ៥០០ គ្រឿង លុះឆ្នាំ ២០១៩ ស៊ីក្លូ បានថយមកនៅប្រមាណជា ៤០០ គ្រឿងប៉ុណ្ណោះ “ ។
លោក អ៊ឹម សម្បត្តិ បានពន្យល់ពីមូលហេតុដែលស៊ីក្លូចេះតែថយចុះនេះថា ដោយសារ កំណើនយានយន្តគ្រប់ប្រភេទ ប្រជាពលរដ្ឋលែងសូវត្រូវការស៊ីក្លូ ។ ម្យ៉ាងទៀត ដោយសារអ្នកធាក់ស៊ីក្លូ ខ្លះបានស្លាប់ ខណៈអ្នកខ្លះទៀតចាស់អាយុច្រើនធាក់ស៊ីក្លូលែងកើត ហើយក៏មិនសូវមានអ្នកបន្តអាជីពនេះពីអ្នកចាស់ ឬ អ្នកដែលបានស្លាប់ទៅហើយទេ ដោយសារធាក់ស៊ីក្លូមិនសូវបានចំណូលច្រើន ហើយក៏អាចថា សង្គមមិនសូវឱ្យតម្លៃលើអ្នកប្រកបរបរធាក់ ស៊ីក្លូ ផងដែរ ។

ស៊ីក្លូត្រូវបានចាត់ទុកថា ជាសម្បត្តិបុរាណមួយ ដោយវាត្រូវបានច្នៃបង្កើតឡើងតាំងពិសម័យអាណានិគមបារាំងមកម៉្លេះ ហើយបច្ចុប្បន្ន អ្នកពាក់ព័ន្ធទាំងឡាយ បានចាត់ទុកថា ស៊ីក្លូជាសម្បត្តិត្រូវអភិរក្ស ហើយស៊ីក្លូក៏ជាមធ្យោបាយដ៏ប្រសើរមួយក្នុងវិស័យទេសចរ ព្រោះជាសម្បត្តិជាតិផង វាមិនបញ្ចេញផ្សែងពុលផង ហើយទម្រង់របស់វា ធ្វើឱ្យភ្ញៀវទេសចរណ៍ដែលជិះស៊ីក្លូងាយស្រួលក្នុងការគយគន់ទេសភាព ហើយក៏មានសុវត្ថិភាពអាចទទួលយកបាន។
ដោយមើលឃើញពីស្ថានភាពស៊ីក្លូបែបនេះ កាលពីឆ្នាំ ២០១៨ សម្តេច ហ៊ុន សែន បានបង្កើតមូលនិធិត្រីចក្រយាន ដែលគេស្គាល់ជាទូទៅថា មូលនិធិស៊ីក្លូ ហើយតាមរយៈមូលនិធិស៊ីក្លូនោះ អ្នកធាក់ស៊ីក្លូប្រមាណជា ៣០០ នាក់ទទួលបានថវិកាឧបត្ថម្ភម្នាក់ ៧.០០០ រៀល ក្នុង ១ ថ្ងៃ ដែលជាការរួមចំណែកដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវភាពអ្នកធាក់ស៊ីក្លូ ។ ដោយហេតុនេះ លោក លោក អ៊ឹម សម្បត្តិ បានសំណូមពរដល់សាលារាជធានីភ្នំពេញ ដែលជាអ្នកកាន់មូលនិធិស៊ីក្លូនេះ មេត្តាពន្លឿនផ្តល់ប័ណ្ណដល់អ្នកធាក់ស៊ីក្លូប្រមាណជា ១០០ នាក់ផ្សេងទៀត ដែលមិនទាន់បានប្រាក់ឧបត្ថម្ភពីមូលនិធិនេះនៅឡើយ ។
កន្លងមក មានសប្បុរសជនបាននាំយកអំណោយ ជាថវិកា និង អាហារ ជាដើមទៅចែកជូនដល់អ្នកធាក់ស៊ីក្លូ ជាហូរហែ ដោយសារតែឃើញភាពកម្សត់របស់អ្នកធាក់ស៊ីក្លូ ជាអ្វីដែលលោក អ៊ឹម សម្បត្តិ ហៅថា ជាអំណោយដ៏ថ្លៃថ្លាវិសេសវិសាល និង មានអត្ថន័យយ៉ាងខ្លាំង ។
លោក អ៊ឹម សម្បត្តិ ក៏សំណូមពរដល់វិស័យទេសចរណ៍ឱ្យដាក់បញ្ចូលសេវាកម្មស៊ីក្លូ ទៅក្នុងកញ្ចប់ទេសចរណ៍ផង ។ ចំណែកសាធារណជនដែលធ្វើដំណើរលំហែក្នុងរាជធានី ក៏មេត្តាប្រើប្រាស់មធ្យោបាយស៊ីក្លូផង ព្រោះតម្លៃសមរម្យបំផុត ក៏ជាការរួមចំណែកកាត់បន្ថយផ្សែងពុលផង រួមចំណែកផ្តល់ការងារជូនអ្នកធាក់ស៊ីក្លូផង និង រួមចំណែកអភិរក្សស៊ីក្លូផងដែរ ៕
- ចំណងជើងរូបៈ សូមប្រើប្រាស់ស៊ី ដើម្បី ជាការរួមចំណែកកាត់បន្ថយផ្សែងពុល ផ្តល់ការងារដល់អ្នកធាក់ស៊ីក្លូ និង អភិរក្សស៊ីក្លូ ( ស៊ីក្លូ ០០, ស៊ីក្លូ ០, ស៊ីក្លូ ១)
- រូបៈ ឯកសារ