ក្រុងហុងកុងបានចាប់ផ្តើមចាប់បង្ខំការអនុវត្តចត្តាឡីស័ក(រយៈពេលមួយដែលមនុស្សឬសត្វដែលសង្ស័យឆ្លងជម្ងឺត្រូវបានដាក់នៅដាច់ពីគេ)រយៈពេល២សប្តាហ៍លើអ្នកដំណើរមកពីចិនដីគោក ដោយគំរាមពិន័យប្រាក់ បូករួមទាំងដាក់គុកចំពោះអ្នករំលោភ។
មនុស្សជាច្រើនអាចដាក់ខ្លួននៅដាច់ពីគេនៅក្នុងផ្ទះ ឬនៅក្នុងសណ្ឋាគារតែពួកគេអាចត្រូវភ្នាក់ងារទូរស័ព្ទមកសាកសួរប្រចាំថ្ងៃ និងពិនិត្យសុខភាពនៅនឹងកន្លែងផ្ទាល់។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលហិរញ្ញវត្ថុនេះមានអ្នកឆ្លងកូរ៉ូណាវីរុស២៥ករណីនិងអ្នកជម្ងឺម្នាក់បានស្លាប់។ទីក្រុងនេះមានការប្រុងប្រយ័ត្នខ្ពស់អំពីជម្ងឺឆ្លងដោយសារមានប្រវត្តិកើតជម្ងឺSARSកាលពី១៧ឆ្នាំមុនដែលបានសម្លាប់មនុស្ស២៩៩នាក់។
ហុងកុងចាប់ផ្តើមអនុវត្តចត្តាឡីស័ក២សប្តាហ៍លើអ្នកដំណើរមកពីចិនដីគោក
ក្នុងពេលជាមួយគ្នា រដ្ឋាភិបាលជុំវិញពិភពលោកបានបន្តឹងការការពាររបស់ខ្លួន ដោយប្រទេសជាច្រើនហាមឃាត់អ្នកមកពីចិននិងណែនាំពលរដ្ឋរបស់គេកុំអោយធ្វើដំណើរទៅទីនោះ។បណ្តាក្រុមហ៊ុនអាកាសចរណ៍បានផ្អាកការហោះហើរចេញចូលចិន រីឯនាវាដឹកអ្នកដំណើរកម្សាន្តខ្នាតយក្សបានក៏ក្លាយជាប្រភពខ្លាចរអារក្រោយពីនាវាមួយចតនៅជប៉ុនរកឃើញមនុស្សជាង៦០នាក់ផ្ទុកកូរ៉ូណាវីរុស។
មនុស្ស៦៤នាក់នៅលើនាវាដឹកអ្នកដំណើរ Diamond Princessត្រូវបានរកឃើញផ្ទុកកូរ៉ូណាវីរុស បន្ទាប់ពីអាជ្ញាធរជប៉ុនធ្វើចត្តាឡីស័កលើនាវា ក្រោយពីអ្នកដំណើរម្នាក់ចុះពីនាវានៅហុងកុងនិងរកឃើញមានកូរ៉ូណាវីរុស។

នាវាដឹកអ្នកដំណើរកម្សាន្តខ្នាតយក្សបានក៏ក្លាយជាប្រភពខ្លាចរអារក្រោយពីនាវាមួយចតនៅជប៉ុនរកឃើញមនុស្សជាង៦០នាក់ផ្ទុកកូរ៉ូណាវីរុស
ក្នុងពេលជាមួយគ្នា នៅហុងកុង មនុស្ស៣.៦០០នាក់នៅលើនាវាកម្សាន្តWorld Dreamក៏ត្រូវបង្ខាំងអោយនៅក្នុងនាវាក្រោយអ្នកដំណើរ៨នាក់រកឃើញថាមានកូរ៉ូណាវីរុស។
ប្រឈមនឹងការឆ្លងរាលដាលមិនស្រកស្រុតដូច្នេះ ពួកអ្នកវិទ្យាសាស្ត្រកំពុងខិតខំបង្កើតឱសថព្យាបាលនិងវ៉ាក់សាំងការពារវីរុសថ្មីនេះ។ក្រសួងសុខាភិបាលអាម៉េរិកកំពុងធ្វើការជាមួយក្រុមហ៊ុនឱសថRegeneronដើម្បីរកវិធីព្យាបាលដោយប្រើថ្នាំដែលគេប្រើសំរាប់ព្យាបាលអ្នកកើតជម្ងឺអេបូឡា។
កាលពី២សប្តាហ៍មុន ពួកវេជ្ជបណ្ឌិតចិនបានប្រើឱសថប្រឆាំងវីរុសហ៊ីវលើអ្នកជម្ងឺផ្ទុកកូរ៉ូណាវីរុសនៅក្រុងប៉េកាំង បន្ទាប់ពីមានបទពិសោធន៍ប្រើឱសថដូចគ្នាលើអ្នកកើតជម្ងឺSARSកាលពីជាងដប់ឆ្នាំមុន។
ពួកអ្នកវិទ្យាសាស្ត្រនៅជុំវិញពិភពលោកក៏កំពុងធ្វើការបង្កើតវ៉ាក់សាំង តែអ្នកជំនាញនិយាយថាវាអាចចំណាយពេលរាប់ខែ។
ពួកអ្នកសិក្សាស្រាវជ្រាវចិនកំពុងពិនិត្យមើលរបៀបនៃការឆ្លងវីរុស និងបានអះអាងថា វីរុសក្នុងខ្លួនសត្វពង្រូល និងប្រជៀវដូចគ្នាជាង៩០ភាគរយទៅនឹងកូរ៉ូណាវីរុសបច្ចុប្បន្ន។ដោយសារវីរុសក្នុងសត្វប្រជៀវខ្សោយមិនអាចចម្លងមកកាន់មនុស្ស នេះពួកអ្នកស្រាវជ្រាវសន្និដ្ឋានថា វីរុសក្នុងសត្វពង្រូតអាចអន្តរការីចម្លងរវាងប្រជៀវនិងមនុស្ស។
ការសិក្សាមុនៗបានចង្អុលទៅរកសត្វពស់និងប្រជៀវថាជាប្រភពចម្លងកូរ៉ូណាវីរុសនៅចិនដែលមនុស្សជាច្រើននិយមចូលចិត្តស៊ីសាច់សត្វព្រៃនិងប្រើប្រាស់សឬរាងកាយរបស់វាជាឱសថ៕ប្រែសម្រួល៖វាសនា