ដោយៈសុផល/ភ្នំពេញ៖ទំនិញនិងផលិតផលល្បីៗរបស់ប្រទេសថៃដូចជាម្ហូបអាហារនិងភេសជ្ជៈសម្លៀកបំពាក់គ្រឿងសម្អាងនិងសុខភាពសម្ភារប្រើប្រាស់រួមទាំងគ្រឿងឧបភោគបរិភោគចំនួន៣០០ស្តង់បានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ពាណិជ្ជកម្មថប់ថៃប្រេន២០២០(TopThaiBrands2020)នៅមជ្ឈមណ្ឌល
ពិព័រណ៍ និងសន្និបាតកោះពេជ្រ។

ពិព័រណ៍ពាណិជ្ជកម្មដែលបានចាប់ផ្តើមពីថ្ងៃទី៦ដល់ថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២០ពីម៉ោង៩ព្រឹកដល់ម៉ោង៩យប់នេះត្រូវសម្ពោធបើកជាផ្លូវការកាលពីល្ងាចថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២០ដោយមានការអញ្ជើញចូលរួមពីលោក ប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម,លោកជុំរិនឡាក់សៈណាក់ឧបនាយករដ្ឋមន្ត្រីថៃនិងលោក ប៉ាន់យ៉ារ៉ាក់ភូនសាប់ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា។

ឧបនាយករដ្ឋមន្ត្រីថៃ លោក ជុំរិន ឡាក់សៈណាក់ បានថ្លែងក្នុងពិធីបើកពិព័រណ៍ថា៖ក្នុងរយៈ១០ ឆ្នាំ កន្លងមកក្រសួងពាណិជ្ជកម្មថៃបានរៀបចំពិព័រណ៍TopThaiBrands.ដើម្បីដាក់បង្ហាញនូវទំនិញនិងសេវាកម្មរបស់ថៃនៅរាជធានីភ្នំពេញជាប្រចាំជារៀងរាល់ឆ្នាំ។ដោយមានគោលបំណងដើម្បីបង្កើតបណ្តាញចែកចាយទំនិញជូនដល់ពាណិជ្ជករ SMEs របស់ថៃឱ្យ មានមធ្យោបាយក្នុងការពង្រីកការធ្វើពាណិជ្ជកម្ម និងប្រកបរបរអាជីវកម្មនៅកម្ពុជាព្រមទាំងដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រីថៃបានមានប្រសាសន៍ឱ្យដឹងទៀតថាក្នុងឆ្នាំនេះយើងបាននាំយកក្រុមហ៊ុនថៃដែលផលិត Brand Thai ម៉ាកល្បីៗដែលមានសក្តានុពលមកចូលរួមតាំងពិព័រណ៍ដែលមានជិត៣០០ ស្តង់ ។ដើម្បីឱ្យអតិថិជននិងអ្ននាំចូលនៅកម្ពុជាមានឱកាសបានជ្រើសរើសទិញដោយមានទំនិញជាច្រើនប្រភេទដូចជាទំនិញម្ហូបអាហារនិងភេសជ្ជៈសម្លៀកបំពាក់គ្រឿងសម្អាងនិងសុខភាពសំភារៈប្រើប្រាស់ក្នុងផ្ទះរួមទាំងឧបភោគ បរិភោគផ្សេងៗ។

លោកបានគូសបញ្ជាក់ថា៖ការរៀបចំពិព័រណ៍លើកនេះមានលក្ខណៈពិសេសដោយសារយើងបាននាំយកនូវទំនិញល្បីៗគុណភាពល្អរបស់បណ្តាខេត្តនៅតាមព្រំដែនថៃមកដាក់តាំងបង្ហាញផងដែរ។ដែលភាគច្រើនជាទំនិញពីធម្មជាតិក្នុងខេត្តនីមួយៗដែលភាគច្រើនជាទំនិញពីធម្មជាតិដែលគួរឱ្យចាប់អារម្មណ៍ដូចជាឱសថផលិតពីរុក្ខជាតិនិងគ្រឿងសម្អាង។លើសពីនេះក្នុងកំឡុងពេលរៀបចំយើងមានបង្ហាញពីម៉ាស្សាបុរាណថៃការបង្ហាញសិល្បៈវប្បធម៌ថៃនិងមានការបង្ហាញពីវិធីធ្វើម្ហូបថៃដោយភោជនីយដ្ឋានថៃដែលបានទទួលវិញ្ញាបនបត្រ Thai Select ពីក្រសួងពាណិជ្ជកម្មថៃ។

លោកជុំរិនឡាក់សៈណាក់បានគូសបញ្ជាក់ថាឆ្នាំនេះសម្រាប់ប្រទេសថៃនិងកម្ពុជាយើងចាត់ទុកជាឆ្នាំដ៏ពិសេសបំផុតពីព្រោះឆ្នាំដែលប្រទេសទាំងពីរប្រារព្ធខួបគម្រប់៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតជាមួយគ្នា។ម្យ៉ាងទៀតប្រទេសកម្ពុជានិងថៃជាប្រទេសជិតខាងនឹងគ្នាមានទំនាក់ទំនងយ៉ាងល្អនិងជិតស្និទ្ធជាមួយគ្នាជាយូរមកហើយលើគ្រប់វិស័យនិងគ្រប់កម្រិតជាពិសេសទំនាក់ទំនងក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលមាននិន្នាការកើនឡើងរហូត។ទំហំទឹកប្រាក់ពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំកន្លងមកមានរហូតដល់៩.៤១៦លានដុល្លារហើយរហូតមកដល់បច្ចុប្បន្ននេះអ្នកវិនិយោគទុនថៃបានមកវិនិយោគនៅកម្ពុជាមានទុនវិនិយោគជាង១.០០០លានដុល្លារដោយជាប់ក្នុង១០ប្រទេសធំៗដែលមកវិនិយោគនៅកម្ពុជា។

លោកប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងថា៖ការរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃប្រចាំឆ្នាំជាបន្តបន្ទាប់នៅកម្ពុជាគឺជាសញ្ញាណវិជ្ជមានមួយនៃការអភិវឌ្ឍវិស័យពាណិជ្ជកម្មដែលក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរបានរួមសហការពង្រឹងនិងពង្រីកទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធក្នុងឋានៈជាប្រទេសភូមិផងរបងជាមួយដ៏ល្អផងនិងក្នុងក្របខណ្ឌពាណិជ្ជកម្មទ្វេភាគីផង។

លោករដ្ឋមន្ត្រីបានលើកឡើងថា៖ពិព័រណ៍ពាណិជ្ជកម្មថៃថប់ថៃប្រេន២០២០ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយផលិតផលគុណភាពខ្ពស់ជាមួយតម្លៃសមរម្យនិងដើម្បីផ្ដល់ឱកាសដល់អតិថិជនដែលនិយមគាំទ្រទំនិញថៃបានទិញទំនិញផ្ទាល់ពីម្ចាស់រោងចក្រឬពីអ្នកបោះដុំយកទៅប្រើប្រាស់ផ្ទាល់ខ្លួន។ឬយកទៅចែកចាយនិងបង្ហាញពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា-ថៃដែលជាដៃគូពាណិជ្ជកម្មសំខាន់ក្នុងតំបន់។ក្រៅពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីដ៏រឹងមាំការរៀបចំពិព័រណ៍ថៃនៅមានបង្កប់អត្ថន័យផ្នែកវប្បធម៌ទំនៀមទម្លាប់និងការផ្សារភ្ជាប់សង្គមរវាងប្រជាជនយើងទាំងពីរឱ្យកាន់តែស្អិតរមួយតថែមទៀត។

លោកប៉ានសូរស័ក្តិបានអំពាវនាវវិនិយោគិនធុរជនបរទេសពីគ្រប់ប្រទេសជាពិសេសពីប្រទេសថៃឱ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាព្រោះបរិយាកាសវិនិយោគសេដ្ឋកិច្ចពាណិជ្ជកម្មនិងស្ថានភាពនយោបាយនៅកម្ពុជាមានលក្ខណៈល្អប្រសើរសម្រាប់ការវិនិយោគនិងធ្វើធុរកិច្ច៕S/

ចំណងជើងរូបថត៖ទំនិញថៃ៣០០ស្តង់តាំងបង្ហាញនៅក្នុងពិព័រណ៍ពាណិជ្ជកម្មថប់ថៃប្រេន២០២០(រូបៈសុផល)





