ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​រថយន្ត​បែន​ដឹក​ថ្ម​ឡើង​វ៉ា​ជែង​មិន​ផុត​ងាក​មកវិញ​ប៉ះ​ម៉ូតូ​១​គ្រឿង​នៅ​ចិញ្ចើមផ្លូវ​ក៏​ក្រឡាប់​ផ្ងា​ជើង​។​ក្នុង​ហេតុការណ៍​នេះ​មិន​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់​នោះទេ​ដោយ​គ្រាន់តែ​របួស​។​

​សមត្ថកិច្ច​ប្រាប់ថា​គ្រោះថ្នាក់​ចរាចរ​នេះ​កើត​ឡើងលើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ១៣០.១៣១ ស្ថិតក្នុង​ភូមិ​វាល​ឃុំ​កំពង់សីលា​ស្រុក​កំពង់សីលា​ខេត្ត​ព្រះសីហនុ​កាលពី​នៅវេលា​ម៉ាង​៤’៣០​នាទី​ទាបភ្លឺ ថ្ងៃទី​៨​ខែកុម្ភៈ​ឆ្នាំ​២០២០​។​រថយន្ត​បង្កហេតុ​ម៉ាក​ហ៊ី​យ៉ុ​ន​ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A6677​អ្នកបើកបរ​បាន​រត់​គេចខ្លួនបាត់​។​

សមត្ថកិច្ច​បន្តថា​រថ​យន្ត​បែន​ដឹក​ថ្ម​នេះ​បាន​ឡើង​វ៉ា​ជែង​ជាមួយ​រថយន្ត​១​គ្រឿង​ផ្សេងទៀត​ដោយមាន​ឧបសគ្គ​នៅខាងមុខ​រថ​យន្ត​នេះ​ក៏​អែប​មកវិញ​បណ្តាលឱ្យ​ប៉ះ​នឹង​ម៉ូតូ​ម៉ាកវ៉េវ​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​។​បើកបរ​ដោយ​ឈ្មោះ​រ៉ា​សាវុន​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​រងរបួស​រលាត់​ដៃ​។​ចំណែក​រថយន្ត​និង​ម៉ូតូ​ធ្លាក់​ក្រឡាប់​នៅ​ចិញ្ចើម​ផ្លូវជាតិ​ជាមួយគ្នា​។

​ក្នុងពេល​កំពុងមាន​កា​រណ៍​នេះ​ក៏មាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ​មកដល់​ចំណុចកើតហេតុ ត្រូវបាន​រថយន្ត​បែន​ដឹក​ថ្ម​មួយគ្រឿង​ទៀត​បុក​ពីក្រោយ ដែលមាន​ស្លាក​លេខ ចង្កូត​ស្តាំ PSHN0601​អ្នកបើកបរ​បាន​រត់​គេច​បាត់​។​ចំណែក​រថយន្ត​កុងតឺន័រ​នោះ​មិនបាន​ឈប់​នៅ​កន្លែងកើតហេតុ​ដែរ​៕S/​