អ៊ីរ៉ង់និងកូរ៉េខាងជើងកំពុងផលិតនាវាមុជទឹកទំនើបច្រើនឡើងនៅក្នុងចំណាត់ការមួយ ដែលធានាថានឹងបង្កើនភាពតានតឹងអន្តរជាតិដែលកំពុងតឹងតែងស្រាប់ ខណៈអ៊ីរ៉ង់បានអួតថា “វឌ្ឍនភាពដ៏សំខាន់” បានធ្វើឡើងរួចទៅហើយ។

នៅក្នុងសុន្ទរកថាមួយនៅភាគពាយព្យនៃប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី៦កុម្ភៈ មេបញ្ជាការកងទ័ពជើងទឹកលោកឧត្តមនាវីឯក ហូសសេន ខាន់ហ្សាឌីបានអួតអំពីសមត្ថភាពយោធានៅក្រោមទឹកកំពុងរីកដុះដាលរបស់អ៊ីរ៉ង់ ស្របពេលរបបព្យុងយ៉ាងក៏កំពុងស្ថិតក្នុងដំណើរការកែលម្អសមត្ថភាពក្រោមទឹករបស់ខ្លួនផងដែរ។ លោកខាន់ហ្សាឌីបាននិយាយថា “ឧបករណ៍ស្មុគស្មាញបំផុតនៅលើពិភពលោកគឺជារបស់ដែលរកឃើញនៅក្នុងវិស័យយោធានិងក្នុងចំណោមឧបករណ៍យោធា ដោយរបស់ស្មុគស្មាញជាងគេបំផុតគឺរកឃើញនៅក្នុងកងទ័ពជើងទឹក ជាពិសេសនាវាមុជទឹក”។

ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍ដោយដកស្រង់សម្តីគាត់ថា “ប៉ុន្តែថ្ងៃនេះដោយសារការខិតខំប្រឹងប្រែងរបស់យុវជននៅលើទឹកដីនេះ ឥឡូវប្រទេសនេះបង្កើតវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅក្នុងវិស័យនេះ”។

ការអត្ថាធិប្បាយរបស់គាត់បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីឃ្លីបគំនូសជីវចលបង្កហេតុមួយត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍អ៊ីរ៉ង់ ដែលពិពណ៌នាអំពីនាវាមុជទឹកថ្នាក់កណ្តាលប្រភេទ Ghadir របស់អ៊ីរ៉ង់បាញ់បំផ្លាញក្រុមនាវាប្រយុទ្ធរបស់កងទ័ពជើងទឹកអាម៉េរិកនៅច្រកសមុទ្រហ័រមូស៕ ដោយ៖ កញ្ញាដាលីស

អ៊ីរ៉ង់និងកូរ៉េខាងជើងអួតរៀងៗខ្លួនអំពីការផលិតនាវាមុជទឹកដោយខ្លួនឯង