ជនជាតិអាម៉េរិកម្នាក់ ដែលមានរោគសញ្ញាកូរ៉ូណាវីរុសនិងបុរសជប៉ុនម្នាក់ដែលត្រូវគេសង្ស័យថាឆ្លងវីរុសនេះដែរ បានស្លាប់នៅក្រុងវូហាន ប្រទេសចិន។
អ្នកនាំពាក្យស្ថានទូតម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងកាលពីថ្ងៃសៅរ៍ទី៨កុម្ភៈថា «យើងអាចអះអាងថា ជនជាតិអាម៉េរិកវ័យ៦០ឆ្នាំម្នាក់ ដែលមានរោគសញ្ញាកូរ៉ូណាវីរុស បានស្លាប់នៅមន្ទីរពេទ្យមួយនៅក្រុងវូហាន ប្រទេសចិនកាលពីថ្ងៃ៦កុម្ភៈ»។
ចំណែកក្រសួងការបរទេសជប៉ុនកាលពីថ្ងៃសៅរ៍ក៏បាននិយាយថា ពលរដ្ឋខ្លួនម្នាក់ដែលសង្ស័យថាឆ្លងកូរ៉ូណាវីរុស បានស្លាប់នៅមន្ទីរពេទ្យមួយក្នុងក្រុងវូហាន។
សូមបញ្ជាក់ថា គិតត្រឹមចុងថ្ងៃសុក្រចំនួនមនុស្សស្លាប់ដោយការផ្ទុះកូរ៉ូណាវីរុសថ្មីនៅចិន បានហក់ឡើងដល់៧២២នាក់ ក្រោយពីខេត្តរងគ្រោះខ្លាំងជាងគេ គឺខេត្តហ៊ូប៉ី បានរាយការណ៍អ្នកស្លាប់៨១នាក់នាក់ទៀត។
ចំនួនស្លាប់នេះឥឡូវវាខ្ពស់ជាងការស្លាប់ដោយការវាយប្រហាររបស់វីរុស រោគសញ្ញាផ្លូវដង្ហើមស្រួចស្រាល់(Sars)ដែលបានឆក់យកជីវិតមនុស្សអស់ជិត៦៥០នាក់នៅចិនដីគោកនិងហុងកុងកាលពីឆ្នាំ២០០២-២០០៣។
នៅទូទាំងប្រទេសចិន មានការឆ្លងថ្មី៣.៣០០កាលពីថ្ងៃសុក្រ នាំអោយចំនួនអ្នកឆ្លងសរុបកើនដល់ជាង៣៤.០០០នាក់។
នៅថ្ងៃសៅរ៍នេះដែរ ក្រុងវូហានដែលជាស្នូលនៃការផ្ទុះជម្ងឺឆ្លងបានបើកដំណើរការមន្ទីរពេទ្យបណ្តោះអាសន្នមួយទៀត ជាមួយនឹងគ្រែអ្នកជម្ងឺ១.៥០០។
ទូរទស្សន៍រដ្ឋCCTV បាននិយាយថា ក្រុមវេជ្ជសាស្ត្រដំបូងបានទៅដល់មន្ទីពេទ្យឡេសេសាននៅក្រុងវូហាន ហើយទទួលអ្នកជម្ងឺកាលពីថ្ងៃសៅរ៍៕ប្រែសម្រួល៖វាសនា
វិថីនៅក្រុងវូហាននៃខេត្តហ៊ូប៉ី ស្ងាត់ជ្រងំ នៅពេលវីរុសវាយប្រហារទីក្រុង។គិតមកត្រឹមថ្ងៃសៅរ៍ ខេត្តហ៊ូប៉ីមានអ្នកស្លាប់ដោយកូរ៉ូណាវីរុសចំនួន៦៩៩និងអ្នកឆ្លង២៤.៩៥៣នាក់