ដោយៈសាតចាន់បុត្រ/ខេត្តមណ្ឌលគិរី៖ប្រភពព័ត៌មានបានឱ្យដឹងថាកាលពីព្រឹកថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២០មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីបានបញ្ជូនជនសង្ស័យចំនួន៩នាក់ទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរីដើម្បីចាត់ការបន្តតាមនីតិវិធី។ជនទាំងនេះពាក់ព័ន្ធករណីកាប់បំផ្លាញរុក្ខជាតិក្នុងតំបន់ស្ដារប្រព័ន្ធអេកូឡូស៊ីឡើងវិញជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២ តាមបញ្ញត្តិមាត្រា៥៦ និងមាត្រា៦០ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។
ជនសង្ស័យទាំង៩នាក់ដែលត្រូវបានមន្ត្រីឧទ្យានុរក្សឃាត់ខ្លួនឈ្មោះ ៖១.ឈ្មោះ លឹម វ៉ាន់ខង ភេទប្រុស អាយុ ៥២ឆ្នាំ។២.ឈ្មោះ សេងជាភេទប្រុសអាយុ៤១ឆ្នាំ។៣.ឈ្មោះ ហ៊ុន សាត ភេទប្រុស អាយុ ៤៤ឆ្នាំ ។៤.ឈ្មោះអ៊នតេនភេទប្រុសអាយុ៣៩ឆ្នាំ។៥.ឈ្មោះវ៉ាន់ចាន់រីភេទប្រុសអាយុ២៦ឆ្នាំ។៦.ឈ្មោះឃឿនសុខេងភេទប្រុសអាយុ២៥ឆ្នាំ។៧.ឈ្មោះរ៉ែនដែនភេទប្រុសអាយុ៣០ឆ្នាំ។៨.ឈ្មោះរ៉ែនមិនាភេទប្រុសអាយុ១៥ឆ្នាំ។៩.ឈ្មោះអោកភក្ត្រាភេទប្រុសអាយុ១៥ឆ្នាំ។អ្នកទាំង៩មានទីលំនៅភូមិព្រែកតាអាំឃុំបុសឡេវ ស្រុកចិត្របូរី ខេត្តក្រចេះ ។
គួររំលឹកថាជនសង្ស័យទាំង៩នាក់នេះត្រូវបានមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីចាប់ឃាត់ខ្លួនបាននៅចំណុចអូរខ្លៀវស្ថិតក្នុងភូមិក្ដោយឃុំរយ៉ស្រុកកោះញែកខេត្តមណ្ឌលគិរីក្នុងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិខណៈជនសង្ស័យទាំង៩នាក់កំពុងធ្វើសកម្មភាពកាប់រំលំដើមឈើនូវប្រភេទឈើលេខ១និងឈើលេខ២ដោយប្រើប្រាស់រណារយន្តអារច្រៀកឈើអស់ជាច្រើនដើមនិងកំណាត់។
ជាមួយគ្នានេះមន្ត្រីឧទ្យានុរក្សបានដកហូតវត្ថុតាងរួមមាន រណារយន្តចំនួន៤គ្រឿង, ម៉ូតូចំនួន១គ្រឿង ឧបករណ៍ឆក់ចំនួន១គ្រឿង និងឈើមូលប្រភេទលេខ១ និងលេខ២ សរុបប្រមាណ៤ម៉ែត្រគូប។បច្ចុប្បន្នវត្ថុតាងត្រូវបានដឹកយកទៅរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការបរិស្ថានចំណែកជនសង្ស័យទាំង០៩នាក់ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរីដើម្បីចាត់ការបន្តតាមនីតិវិធី៕S/


