ដោយៈមុនីរ័ត្ន,សម្បត្តិ/ភ្នំពេញៈអគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅរោងចក្រ ៨ស្តារ ជិតផ្សារដំបូលក្រហម ជាប់រោងចក្រអគ្គិសនី កុក អាន ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កាលពីម៉ោងជាង៥ល្ងាច ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។ រហូតមកដល់ម៉ោងជិត ៧យប់ អគ្គិភ័យនៅតែឆាបឆេះរោងចក្រស្ទើរតែទាំងស្រុង។ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ផ្លូវការណាមួយបញ្ជាក់អំពីទំហំនៃការខូចខាតនៅឡើយទេ។
រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានទៅជួយអន្តរាគមន៍បាញ់ពន្លត់តែមិនទាន់ពន្លត់បាននៅឡើយទេ គិតត្រឹមម៉ោង៧៧យប់។
បើតាមស្ត្រីបម្រើការផ្នែកអនាម័យនៅក្នុងរោងចក្រដែលបានរត់ចេញមកខាងក្រៅបានអះអាងថា នៅមុនពេលឆេះ គឺគាត់ឃើញផ្ទុះសេខ្សែភ្លើងនៅក្នុងរោងចក្រ។ ប៉ុន្តែកម្មករបានចេញពីរោងចក្រអស់តាំងពីម៉ោង៤ បន្ទាប់ពីបើកលុយរួច។
សេចក្តីរាយការណ៍បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះខ្លាំងដោយសារតែនៅក្នុងរោងចក្រមានក្រណាត់ច្រើន។ ហើយសំណាងដែលកម្មករបានចេញពីរោងចក្រអស់តាំងពីម៉ោង៤រសៀល បន្ទាប់ពីពួកគេបានបើកប្រាក់ខែរូច៕ សរន



