អត្ត​ប​ទៈ​សុផានីតា/​កោះកុង​៖​រដ្ឋបាលខេត្ត​មន្ត្រីរាជការ​និង​យុវជន​នៅ​ខេត្តកោះកុង​រួមគ្នា​សម្តែង​ការអបអរសាទ​ចំពោះ​ក្រុម​កីឡាករ​របស់ខ្លួន​ដែល​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ភូមិភាគ​និរតី​ពានរង្វាន់ ស ខេង លើក​ទី​២ ឆ្នាំ​២០២០ លើ​វិញ្ញាសារ​ចម្ងាយ​១.០០០​ម៉ែត្រ​ខាង​ផ្នែក​កីឡា​ទូក​អន្តរជាតិ​បុរស​។

​ក្រុម​កីឡាករ​ទូក​នាគ​បុរស​ចំនួន​១៤​នាក់​នៃ​សមាគម​កីឡា​ទូក​អន្តរជាតិ​ខេត្តកោះកុង​ដណ្តើមបាន​ជ័យជម្នះ​ចំណាត់ថ្នាក់​លេខ​១​ភូមិភាគ​និរតី​លើ​វិញ្ញាសារ​ប្រកួត​រយៈ​ចម្ងាយ​១.០០០​ម៉ែត្រ​នៅឯ​ទន្លេបាទី​ខេត្តតាកែវ កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ កន្លងទៅ​។​នៅ​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ គេ​សង្កេតឃើញ​មាន​លោកស្រី មិថុនា ភូ​ថង​អភិបាលខេត្ត​កោះកុង​អភិបាលរង​ខេត្ត​តំណាង​អាជ្ញាធរ​ក្រុង​មន្ត្រី​អប់រំ​និង​យុវជន​ជាច្រើន​បានបង្ហាញ​ការ​សាទរ​ចំពោះ​ជ័យលាភី​ដែល​ក្រុម​កីឡាករ​ទទួលបាន​ស​ម្រា​ប់​ខេត្ត​ទូទាំង​។​

​លោកស្រី​អភិបាលខេត្ត​កោះកុង​កោតសរសើរ​យ៉ាងខ្លាំង​ពី​ការខិតខំ​ប្រឹងប្រែង​សមត្ថភាព​និង​សាមគ្គីភាព​របស់​ក្រុម​កីឡាករ​ដែល​ធ្វើឱ្យ​សម្រេចបាន​ជ័យលាភី​ពានរង្វាន់​សម្តេច​ក្រឡាហោម​សខេង​លើក​ទី​២​ឆ្នាំ​២០២០​នេះ​គួរ​ជាទី​មោទនភាព​។​ដើម្បី​រក្សាបាន​នូវ​ចំណាត់ថ្នាក់​ល្អ​បន្ត​លោកស្រី​មិថុនា​ភូ​ថង​ក៏​បន្ត​ជំរុញ​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ​បង្កើន​សមត្ថ​ភាព​បច្ចេកទេស​ហ្វឹកហាត់​សម​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​នៅពេល​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ខាងមុខ​។​ទន្ទឹម​នោះ​លោកស្រី​អភិបាលខេត្ត​ផ្តល់​ថវិកា​ចំនួន​២​លាន​រៀល សម្រាប់​ផ្គត់ផ្គង់​ការហ្វឹកហាត់ និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ក្នុង​សមាគម​។​

​លោកនាយ ឧ​ត្ត​មនា វី ទៀ វិញ អគ្គមេបញ្ជាការ​នៃ កងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កងទ័ព និង ជា​អនុប្រធាន​សហព័ន្ធ​ទូក​កា​នូ​និង​រ៉ូ​អ៊ីង​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​៥​ខែកុម្ភៈ​ឆ្នាំ​២០២០​បាន​ចូលរួម​ជា​អធិបតី បិទ​ការប្រកួត កីឡា ទូក ប្រពៃណី (​ទូក​នាគ​)​ទូក​កា​នូ​-​ជ្រើសរើស​ភូមិភាគ​និរតី​ពានរង្វាន់​សខេង​លើក ទី ២ ឆ្នាំ ២០២០ នៅ ទន្លេបាទី ខេត្តតាកែវ ។

​ការប្រកួត កីឡា ទូក កា នូ​ឆ្នាំ​២០២០​គឺមាន ៦ ខេត្ត​ចូលរួម គឺ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្ត កែប ខេត្ត ព្រះសីហនុ​ខេត្តកំពត​និង​ខេត្តកោះកុង​។​ក្នុងនោះ​ខេត្តកោះកុង​ទទួលបាន​មេដាយមាស​និង​បណ្ណ​សរសើរ​ជាប់​ចំណាត់ថ្នាក់​លេខ​១ ។ មេដាយប្រាក់​បាន ទៅលើ សមាគម កីឡា ខេត្តកំពង់ស្ពឺ និង មេដាយសំរិទ្ធ បាន ទៅលើ សមាគម កីឡា ខេត្ត ព្រះសីហនុ​។​

​លោក​ចាន់​សុឃឿន​ប្រធាន​ក្រុមកីឡា​ទូក​អន្តរជាតិ​ប្រចាំខេត្ត​កោះកុង​បានឱ្យដឹង​ដែរ​ថា​កត្តា​ដែល​ធ្វើឱ្យ​ក្រុម​កីឡាករ​របស់លោក​ទ​ទួលបាន​ជើងឯក​ទូក​នាគ​ភូមិភាគ​និរតី​លើ​ទី​២​ឆ្នាំ​២០២០​នេះ​ដោយសារតែ​កូនក្រុម​បាន​អនុវត្ត​ហ្វឹកហាត់​យ៉ាង​ទៀងទាត់​ចំនូ​ន​១៥​ថ្ងៃមុន​ទៅ​ចូលរួម​ប្រកួត​នៅ​ខេត្តតាកែវ​តាម​ការជូនដំណឹង​រប​ស់​សហព័ន្ធ​កីឡា​ទូក​អន្តរជាតិ​។​

​បើតាម​ប្រធាន​ក្រុមកីឡា​ទូក​នាគ​ខេត្តកោះកុង​ក្រុម​កីឡាករ​ហ្វឹកហាត់​បានល្អ​ប្រសើរ​សម្រេច​ទៅ​នាទី​៤​មក​ត្រឹម​៣​នាទី​ក្នុង​រយៈ​ចម្ងាយ​១​គីឡូម៉ែត្រ ហើយ​កន្លងទៅ​ការហ្វឹកហាត់​ពុំមាន​ទូក​នាគ​ដើម្បី​អុំ​ផ្ទាល់​ទេ ព្រោះតែ​វា​មានតម្លៃ​ខ្វះ​លទ្ធភាព​ទិញ​។​គឺ​យក​ទូក​ណា​ដែល​ទំហំ​ស្រដៀង​នឹង​ទូក​នាគ​យកមក​អុំ​ជំនួស​ឱ្យ​ការហាត់​សម​នៅតាម​ដងព្រែក​៕S/​