​សមាជិក​ម្នាក់​នៃ​កងសន្តិសុខ​ថៃ​ត្រូវបាន​សម្លាប់​កាលពីដើម​ថ្ងៃអាទិត្យ​ទី​៩​កុម្ភៈ នៅ​ក្នុងការ​ឆ្មក់​វាយប្រហារ​ទៅក្នុង​ផ្សារ​លក់ដូរ​មួយ​ដើម្បី​ព្យាយាម​បញ្ឈប់​កុំអោយ​​ទាហាន​ម្នាក់​បាញ់​សម្លាប់​មនុស្ស​មិន​រើសមុខ​។​សរុប​មនុស្ស​២១​នាក់​ត្រូវបាន​សម្លាប់ និង​ជាង​៣០​នាក់​បាន​រងរបួស​។​

​សមាជិក​កងកម្លាំង​សន្តិសុខ​២​នាក់​ទៀត​បាន​រងរបួស​ក្នុងអំឡុង​ការ​ឆ្មក់​ចូល​បង្ក្រាប​ទាហាន​ដែល​ជា​ឃាតករ​នៅ​ផ្សារ​មួយ​នៅ​ក្រុង​នគរ រ៉ា​ចា​ស៊ី​ម៉ា ក្នុង​ខេត្ត​កូរ៉ា​ត​​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​រដ្ឋ​មន្ត្រី​សុខាភិបាល អានុ​ទីន ឆាន​វី​រ៉ា​គុល​។​

​ប៉ូលិស​ថៃ​បាន​អះអាង​កាលពី​ថ្ងៃអាទិត្យ​ថា កងកម្លាំង​សន្តិសុខ​ក៏​បាន​សម្លាប់​ទាហាន​ដែល​បាន​បាញ់​សម្លាប់​មនុស្ស​យ៉ាង​តិច​២០​នាក់​។​ឃាតករ​ត្រូវបាន​បាញ់​សម្លា​​ប់​នៅ​ផ្សារ Terminal 21​ក្រោយ​ចូល​សម្ងំ​លាក់​ខ្លួន​ក្នុង​ផ្សារ​នេះ​អស់​១៧​ម៉ោង​។​

​ការបាញ់​សម្លាប់​មនុស្ស​ដូច​កម្រោលចូល​នេះ​បាន​កើត​ឡើង​កាលពី​រសៀល​ថ្ងៃ​សៅរ៍​នៅពេល​ទាហាន​រូបនេះ​បាញ់​ដាក់​ផ្ទះមួយ​មុនរ​ត់​ទៅ​កាន់​បន្ទាយ​ទាហាន​មួយ​​និង​បន្ទាប់មក​ចូលក្នុង​ផ្សារ​លក់ដូរ​ក្នុង​ក្រុង នគរ រ៉ា​ចា​ស៊ី​ម៉ា នៅ​ចម្ងាយ​ប្រមាណ​២៥០​គីឡូម៉ែត្រ​ពី​ក្រុង​បាងកក​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​បាន​និយាយថា​«​យើង​អត់​ដឹង​ថា​ហេតុអ្វី​បានជា ទាហាន​រូប​នេះ​ធ្វើ​ដូច្នេះ​។​វា​ហាក់ដូចជា​បុរស​នេះ​ឆ្កួត​»​។​

​កាលពី​យប់​ថ្ងៃ​សៅរ៍ កងកម្លាំង​សន្តិសុខ​បាន​សំរុកចូល​ក្នុង​ផ្សារ ដើម្បី​សង្គ្រោះ​មនុស្ស​ជាប់​ក្នុង​ផ្សារ​រាប់រយ​នាក់​និង​តាម​ប្រមាញ់​ឃាតករ​។​ពួក​អ្នកដើរ​ផ្សារ​និង​អ្នក​​លក់ដូរ​ដែល​មើលទៅ​ស្លន់ស្លោរ​និង​ហត់​ហេវ ត្រូវបាន​នាំ​ចេញ​ពី​ផ្សារ​ជា​ក្រុម​តូចៗ​កាលពីដើម​ថ្ងៃអាទិត្យ​នៅ​ពេល​ប៉ូលិស​និង​ទាហាន​ដើរ​ពិនិត្យ​ក្នុង​ផ្សារ​ពី​មួយ​ជាន់​​ទៅ​មួយ​ជាន់​។​

​ប៉ូលិស​បាន​កំណត់​ជនសង្ស័យ​ជា​ទាហាន​អាយុ​៣២​ឆ្នាំ​ឈ្មោះ ចាក់​ក្រា​ផាន ថូ​ម​ម៉ា​។​ប្រភព​ប៉ូលិស​បាន​អោយដឹងថា ជន​នេះ​ត្រូវបាន​បាញ់​សម្លាប់​នៅ​ជាន់​ក្រោម​​នៃ​ផ្សារ​កាលពី​ថ្ងៃអាទិត្យ​៕​ប្រែ​សម្រួល​៖​វាសនា​

កងកម្លាំង​សន្តិសុខ​ថៃ​ចូល​ក្នុង​ផ្សារ Terminal 21 បន្ទាប់ពី​មាន​ការបាញ់​គ្នា ដើម្បី​បញ្ឈប់​កុំអោយ​ទាហាន​ម្នាក់​បាញ់សម្លាប់​មិន​រើសមុខ​ក្រោយ​ការបាញ់សម្លាប់​​មនុស្ស​ជាច្រើន​នាក់​នៅ​ក្រុង​នគរ រ៉ា​ចា​ស៊ី​ម៉ា​កាលពី​ថ្ងៃ​០៩​កុម្ភៈ​