​សិង្ហ​បុរី​កាលពី​ថ្ងៃ​សៅរ៍​ទី​៨​កុម្ភៈ​បាន​ជួប​ការ​ផ្អើល​ទិញ​ទំនិញប្រើប្រាស់​ប្រចាំថ្ងៃ​និង​ស្បៀង​ទុក​បន្ទាប់ពី​អាជ្ញាធរ​ប្រកាស​បង្កើន​កំរិត​ព្រមាន​អំពី​កូរ៉ូណា​វីរុស​ពី​កំរិត​​ពណ៌​លឿង​មក​ពណ៌​ទឹកក្រូច តែ​នាយករដ្ឋមន្ត្រី​លី សៀន​ឡុង បាន​និយាយថាការផ្ទុះ​ជម្ងឺឆ្លង​បច្ចុប្បន្ន​ជា​ការ​ធ្វើតេស្តិ៍​មួយ​លើ​កម្លាំង​សាមគ្គី​និង​ឯកភាព​ក្នុងសង្គម​​ព្រមទាំងបង្ហាញ​ភាពរឹងមាំ​ទល់​នឹង​សង្គ្រាមចិត្តសាស្ត្រ​។​

​លោក​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​អំពីការ​ផ្ទុះ​ជម្ងឺ​នេះ​ថា «​ការព្រួយបារម្ភ​និង​ភ័យខ្លាចជា​ប្រតិកម្ម​ពី​ធម្មជាតិ​របស់​មនុស្ស​។​យើង​ទាំងអស់​​គ្នា​ចង់​ការពារ​ខ្លួនឯង​និង​គ្រួសារ​យើង​ពី​ជម្ងឺ​ថ្មី​មួយ​ដែល​គេ​នៅ​មិន​ទាន់​ស្គាល់​ពិត​ប្រា​ដក​នៅឡើយ​​។​តែ​ការភ័យខ្លាច​អាច​បង្ក​គ្រោះថ្នាក់​ជាង​វីរុស​បង្កឡើង​​ដោយ​ខ្លួន​វា​ផ្ទាល់​។​វា​អាច​បង្ក​ការ​ភ័យ​ស្លន់ស្លោរ ឬ​ធ្វើ​អ្វី​ដែល​កាន់តែ​ធ្វើអោយ​សភាពការណ៍​អាក្រក់​ឡើង ដូចជា​ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម ដំឡើងថ្លៃ​ម៉ា​ស់មុខ​​ឬ​ស្បៀងអាហារ ឬ​បន្ទោស​លើ​ក្រុម​ណាមួយ​ចំពោះ​ការផ្ទុះ​ជម្ងឺ​នេះ​»​។​

​លោក​បាន​បន្ថែមថា «​យើង​គួរ​ក្លាហាន​និង​ឆ្លងកាត់​ពេលវេសា​ដ៏​តានតឹង​នេះ​ទាំងអស់គ្នា​»​។​

​នាយករដ្ឋមន្ត្រី​លី សៀន​ឡុង បាន​និយាយថា សិង្ហ​បុរី បាន​ត្រៀម​ខ្លួន​បានល្អ​ជាង​មុនៗ​នៅក្នុង​ការ​ប្រឈម​ដោះស្រាយ​ជាមួយនឹង​កូរ៉ូណា​វីរុស​ថ្មី ដោយសារ​តែ​បទ​​ពិសោធន៍​របស់​ខ្លួន​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​Sars​កាលពី​១៧​ឆ្នាំមុន​។​សិង្ហ​បុរី​បាន​ស្តុក​ទុក ម៉ា​ស់មុខនិង​គ្រឿង​បរិក្ខា​ការពារ​គ្រប់គ្រាន់ ពង្រីក​និង​ធ្វើអោយ​​ប្រសើរ​ឡើង​ទីតាំង​វេជ្ជសាស្ត្រ និង​មាន​សមត្ថភាព​ស្រាវជ្រាវ​កាន់តែ​ទំនើប​ដើម្បី​សិក្សា​លើ​វីរុស​នេះ​។​បុគ្គលិក​ពេទ្យ​ក៏​ទទួល​បាន​បណ្តុះបណ្តាល​កាន់តែ​ល្អ​។​

​ទោះជា​វីរុស​បច្ចុប្បន្ន​ស្រដៀង​គ្នា​នឹង​វីរុស​Sars វាមាន​ការខុស​គ្នា​២​ចំណុច គឺថា​កូរ៉ូណា​វីរុស​ឆ្លង​ខ្លាំង​ជាង​និង​ពិបាក​បញ្ឈប់​កុំអោយ​វា​ឆ្លង​រាលដាល តែ​វា​នៅ​តែ​គ្រោះ​​ថ្នាក់​តិចជាង​Sars នេះ​បើ​តាម​លោក​លី​។​

​នាយករដ្ឋមន្ត្រី​លី សៀន​ឡុង និយាយ​អំពី​សភាពការណ៍​កូរ៉ូណា​វីរុស​នៅសិង្ហ​បុរីកាល​ពី​ថ្ងៃ​០៨​កុម្ភៈ​

​កាលពី​ថ្ងៃ​សៅរ៍​នេះដែរ សិង្ហ​បុរី​បាន​អះអាង​អំពី​ការរកឃើញ​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​ថ្មី​នេះ​៧​ករណី​ថ្មី​ទៀត រួម​មាន​អ្នក​បើក​តាក់ស៊ី​ម្នាក់​និង​អ្នកបើក​រថយន្ត​ជួល​ម្នាក់​ នាំ​អោយ​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​នៅ​សិង្ហ​បុរី​កើន​ដល់​៤០​នាក់​។​ក្នុងចំណោម​៤០​នាក់​នេះ មានតែ​៤​នាក់​ទេ​ស្ថិតក្នុង​សភាព​ជម្ងឺ​ធ្ងន់ធ្ងរ ដោយ​ម្នាក់​តំរូវ​អោយ​ប្រើ​​ឧបករណ៍​ខ្យល់​អុកស៊ីសែន សំរាប់​ជួយ​ដង្ហើម​។​

​ក្រសួង​សុខាភិបាល​សិង្ហ​បុរី​ក៏​បាន​អោយដឹងថា ក្នុងចំណោម​អ្នក​ឆ្លង​ខាងលើ ២​នាក់​បាន​ជា​និង​ចេញ​ពី​មន្ទីរពេទ្យ ហើយ​អ្នក​ជម្ងឺ​៧​នាក់​បាន​ឆ្លង​វីរុស​ទោះជាពួកគេ​មិន​​ដែល​បាន​ធ្វើដំណើរ​ទៅ​ចិន​៕​ប្រែ​សម្រួល​៖​វាសនា​