ទាហានអាម៉េរិក២នាក់ត្រូវបានសម្លាប់និង៦នាក់រងរបួសនៅក្នុងការវាយប្រហារចេញពីជនបង្កប់មួយនៅក្នុងខេត្តណាន់ហ្កាហារបស់អាហ្វហ្គានីស្ថានខាងកើតកាលពីយប់ថ្ងៃសៅរ៍ទី៨កុម្ភៈ នៅពេលជនអាហ្វហ្គានីស្ថានស្លៀកពាក់ឯកសណ្ឋានយោធាអាហ្វហ្គានីស្ថានម្នាក់បានធ្វើការបាញ់ប្រហារលើកងកម្លាំងអាម៉េរិក។
មន្ត្រីអាហ្វហ្គានីស្ថានបានអោយដឹងថា ខ្មាន់កាំភ្លើងត្រូវបានសម្លាប់។
សូមបញ្ជាក់ថា ក្នុងសង្គ្រាមអូសបន្លាយរយៈពេល១៨ឆ្នាំមកនេះ មានការវាយប្រហារដោយទាហានក្នុងកងទ័ពជាតិអាហ្វហ្គានីស្ថានលើដៃគូដែលជាសម្ពន្ធមិត្តរបស់ខ្លួនជាច្រើនលើក។
មន្ត្រីក្រសួងការពារជាតិអាហ្វហ្គានីស្ថានម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ជនបាញ់ប្រហារជាទាហានអាហ្វហ្គានីស្ថានដែលឈ្លោះជាមួយកងកម្លាំងអាម៉េរិកមុនធ្វើការបាញ់ប្រហារ។គេជាជនបង្កប់ខ្លួនរបស់ក្រុមតាលីបង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាអាម៉េរិកបាននិយាយថា «បុរសម្នាក់ក្នុងឯកសណ្ឋានយោធាអាហ្វហ្គានីស្ថានបានបាញ់មកលើកងកម្លាំងអាម៉េរិកនិងអាហ្វហ្គានីស្ថាន។យើងនៅប្រមូលព័ត៌មាននិងរកមូលហេតុឬចេតនានៅពីក្រោយការវាយប្រហារ»។
កាលពីខែកក្កដាឆ្នាំមុន ទាហានអាម៉េរិក២នាក់ក៏ត្រូវបានសម្លាប់ដោយទាហានអាហ្វហ្គានីស្ថាននៅក្នុងខេត្តកាន់ដាហា ហើយនៅខែកញ្ញា ឆ្នាំដដែល ទាហានអាម៉េរិក៣នាក់បានរងរបួសពីការបាញ់របស់ប៉ូលិសអាហ្វហ្គានីស្ថានម្នាក់នៅខេត្តកាន់ដាហាដដែល៕ប្រែសម្រួល៖វាសនា

យោធាអាម៉េរិកនិងអាហ្វហ្គានីស្ថានរងការបាញ់ប្រហារពីជនក្នុងឯកសណ្ឋានយោធាអាហ្វហ្គានីស្ថាននៅខេត្តណាន់ហ្កាហា