អត្តបទៈសុផានីតា/កោះកុង៖ អាជ្ញាធរក្រុងខេមរភូមិន្ទ បានសហការជាមួយក្រុមឯកជន និងសប្បុរសជន ដោយគ្រោងនឹងដំឡើងឧបករណ៍ហាត់ប្រាណចំនួន១០គ្រឿងនៅលើសួនច្បារសាធារណៈទល់មុខធានាគារជាតិក្បែរអគាររដ្ឋបាលខេត្តកោះកុងដើម្បីលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋនិងអ្នកទេសចរណ៍។
មិនយូរប៉ុន្មានទេអាចនៅចុងខែកុម្ភៈឆ្នាំ២០២០នៅលើសួនច្បារមុខសាលាខេត្តកោះកុងនឹងឧបករណ៍ហាត់ប្រាណទំនើបៗចំនួន១០គ្រឿងដែលបានមកពីការជួយឧបត្ថម្ភក្រុមហ៊ុន និងសប្បុរសជនក្នុងខេត្ត បម្រើជាប្រយោជន៍រួមផ្នែកសុខភាពក្នុងការបញ្ចេញជាតិពុលពីក្នុងខ្លួនដោយជំនួសមកវិញនូវសុខភាពរឹងមាំ។
លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ បានប្រាប់រស្មីកម្ពុជានៅថ្ងៃទី៩ ខែកុម្ភៈ ២០២០នេះថា តាមការយកចិត្តទុកដាក់ពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក្នុងនាមលោកជាអាជ្ញាធរក្រុង ចៅសង្កាត់និងសប្បុរសជនបានចុះពិនិត្យមើលទីតាំងដែលត្រូវដំឡើងឧបករណ៍ហាត់ប្រាណតាមលក្ខណៈរួចរាល់ហើយ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកអភិបាលក្រុងខេមរភូមិន្ទ កំពុងពិភាក្សាបន្ថែមជាមួយតំណាងក្រុមហ៊ុន និងសប្បុរសជនដែលជួយឧបត្ថម្ភឧបករណ៍ហាត់ប្រាណដើម្បីឱ្យមានការបំពាក់ឧបករណ៍សម្ភារៈរួមគ្នានៅថ្ងៃតែមួយនិងបង្កលក្ខណៈងាយស្រួដល់មហាជនបានប្រើប្រាស់នៅចុងខែកុម្ភៈ ឆ្នាំ២០២០ខាងមុខ។
តាមលោកឈេងសុវណ្ណដាការដំឡើងឧបករណ៍ហាត់ប្រាណខាងលើនេះគឺចាំបាច់មានលក្ខណៈពិសេសខាងផ្នែកទីតាំងនិងសោភណ្ឌភាពសណ្តាប់ធ្នាប់ទីក្រុងស្អាត។ដូច្នេះជាគោលការណ៍សម្រេចរបស់លោកស្រីអភិបាលខេត្តកោះកុងអាជ្ញាធរក្រុងខេមរភូមិន្ទកំណត់យកទីតាំងមុខធានាគារជាតិខាងជើងក្បែរអគាររដ្ឋបាលខេត្តតែម្តង។
ទន្ទឹមនឹងការបំពាក់ឧបករណ៍ហាត់ប្រាណនេះដែរ លោកអភិបាលក្រុងខេមរភូមិន្ទ ក៏ស្នើដល់ពលរដ្ឋអ្នកប្រើប្រាស់ទាំងអស់ជួយថែរក្សាទ្រព្យសម្បត្តិសាធា រណ ឱ្យគង់វង្សយូរអង្វែង ជៀសវាងមានការខូចខាតបាក់បែក។ឧបករណ៍ហាត់ប្រាណដែលមានក្រុមហ៊ុនដឹកជញ្ជូនសំរាមនិងសប្បុរសជនជួយឧបត្ថម្ភគឺបានបញ្ជាទិញហាងក្នុងស្រុកផងនិងពីប្រទេសថៃផង។លក្ខណៈបច្ចេកទេសនៃការបំពាក់ឧបករណ៍នីមួយៗចាប់ពី១ម៉ែត្រកន្លះទៅ២ម៉ែត្របួនជ្រុង បូករួមនឹងការចាក់បេតុងបន្ថែម។
និន្នាការហាត់ប្រាណដើម្បីសុខភាពប្រចាំថ្ងៃ ហាក់ត្រូវបានគេឃើញថាមានទាំងយុវជននិងមនុស្សវ័យចំណាស់ផ្តោតការយកចិត្តទុកដាក់យ៉ាងសំខាន់ នាពេលបច្ចុប្បន្ន។ដោយសារតែយល់ដឹងពីអត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណខ្លាចកើតមានជំងឺផ្សេងៗពិសេសគឺការចំណាយថវិកាច្រើន ដើម្បីទៅរកសេវាពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ៕S/