ដោយៈសុផល/ភ្នំពេញៈ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ បានទទួលជួបសវនាការជាមួយនឹងលោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនោះលោក ប៊ុនញ៉ាំង វរជិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានទទួលស្វាគមន៍ដោយមិត្តភាពក្នុងនាមជាប្រទេសភូមិផងរបងជាមួយ គ្នា និងជាបងប្អូន។ ជាមួយគ្នានេះលោកប្រធានរដ្ឋ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកស្រីប្រធានរដ្ឋសភាឡាវ ជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
លោកប្រធានរដ្ឋ បានមានប្រសាសន៍ថា ពេលកន្លងទៅនេះទំនាក់ទំនងនិងកិច្ចស ហ ប្រតិបត្តិការរវាងព្រឹទ្ធសភា រដ្ឋសភានិងរដ្ឋាភិបាលនៃប្រទេសទាំងពីរមានការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកនិងមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើនវិស័យជាពិសេសវិស័យអប់រំ វប្បធម៌ ការពារជាតិ ការពារសន្តិសុខសាធារណៈ ក៏ដូចជាបញ្ហាព្រំដែន។
លោកប្រធានរដ្ឋ បានសម្តែងនូវសេចក្តីរីករាយដោយមើលឃើញថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងមានការរីកចម្រើនជានិច្ច។ ចំពោះបញ្ហាព្រំដែនលោកប្រធានរដ្ឋ បានគាំទ្រការដោះស្រាយរួមគ្នារបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។ កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញមកទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយភាគីទាំងពីរក៏បានលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គង់វង្ស និងយូរអង្វែង។
លោកប្រធានរដ្ឋបានរម្លឹកថាប្រទេសឡាវនិងប្រទេសកម្ពុជាមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយគ្នាតាំងពីបុរាណកាលមក។លោកបានបញ្ជាក់និងអះអាងថាប្រទេសទាំងពីរជានិច្ចជាកាលតែងតែរួមគ្នាថែរក្សាសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តការល្អជាមួយគ្នា។ទោះបីជាប្រទេសទាំងពីរជួបឧបសគ្គយ៉ាងណាក៏ដោយក៏ប្រទេសទាំងពីរបានខិតខំដើម្បីសុខដុមរមនាសម្រា ប់ជីវភាពរស់របស់ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង។ ប្រទេសទាំងពីររួមគ្នាថែរក្សាការពារព្រំដែនឱ្យមានសន្តិសុខ ដើម្បីឱ្យព្រំដែនក្លាយជាព្រំដែនសន្តិ-ភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ បញ្ហាប្រឈម និងបញ្ហាគ្រឿងញៀន ការឆ្លងដែនខុសច្បាប់ ការជួញដូរខុសច្បាប់ ទាមទារឱ្យសមត្ថកិច្ចនៃប្រទេសទាំងពីរ ត្រូវខិតខំសហការជាមួយគ្នា ដើម្បីប្រឆាំងនឹងអំពើខុសច្បាប់នេះ។
លោកប្រធានរដ្ឋ បានមានប្រសាសន៍ថា ប្រទេសឡាវបានលក់អគ្គិសនីឱ្យប្រទេសកម្ពុជាចំនួន ១៩៥ មេហ្គាវ៉ាត់ ហើយបើតាមផែនការ ប្រទេសកម្ពុជាត្រូវការអគ្កិសនីចំនួន ៣.០០០ មេហ្គាវ៉ាត់បន្ថែមទៀតនៅឆ្នាំ២០៣០។ ក្នុងឱកាសនោះដែរលោកក៏បានសំណូមពរសម្តេចប្រធានព្រឹទ្ធសភា ជួយជំរុញឱ្យប្រទេសទាំងពីរមានការផ្លាស់ប្តូរទស្សនកិច្ចគ្នា ក៏ដូចជាការសហការគ្នាទៅវិញទៅមកឱ្យកាន់តែច្រើនថែមទៀត ដើម្បីបង្កើនការយោគយល់គ្នា។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ល្អប្រពៃរបស់លោក ប៊ុនញ៉ាំង វរជិត និងសូមអរគុណលោកស្រីប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដែលបានផ្តាំផ្ញើសួរសុខទុក្ខសម្តេចផ្ទាល់។
ក្នុងនាមព្រឹទ្ធសភា ប្រជាជនកម្ពុជានិងក្នុងនាមខ្លួនសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយនិងសូមស្វាគមន៍ដ៏កក់ក្តៅបំផុតចំពោះលោកប្រធានរដ្ឋនិងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅព្រះរាជាណាចក្រ កម្ពុជា ។
សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកនៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ និងសូមចាត់ទុកទស្សនកិច្ចនេះ ជាទស្សនកិច្ចប្រវត្តិសាស្ត្រ ដែលនាំមកនូវការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ។
សម្តេចប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា ប្រទេសកម្ពុជា និងប្រទេសឡាវបានភ្ជាប់ទំនាក់ទំនងការទូតក្រោមស្នាព្រះហស្ថរបស់ព្រះករុណា “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំឡាវជំនាន់មុន។ ប្រជាជននៃប្រទេសទាំងពីរធ្លាប់មានប្រវត្តិតស៊ូ ពុះពារឆ្លងកាត់ឧបសគ្គ លំបាក និងជួយគ្នាទៅវិញទៅមក។ ប្រជាជននៃប្រទេសទាំងពីរមានប្រពៃណីស្រឡាញ់រាប់អានគ្នាទៅវិញទៅមកនិងមានទំនៀមទម្លាប់ប្រពៃណីវប្បធម៌ប្រហាក់ប្រហែលគ្នានិងកាន់ព្រះពុទ្ធសាសនាដូចគ្នាព្រមទាំងរួមគ្នាប្រើប្រាស់ទន្លេមេគង្គធ្វើជាប្រភពទឹកសម្រាប់ការរស់នៅរៀងៗខ្លួន៕សរន