ដោយៈលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
ភ្នំពេញៈនារសៀលថ្ងៃទី៥ ខែកុម្ភៈ ផ្ទៃមេឃនៃរដ្ឋធានីប៉េកាំងកំពុងតែធ្លាក់ព្រិល។ នាម៉ោង៣រសៀល ជើងហោះហើរផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចុះចតក្នុងអាកាសយានដ្ឋានអន្តរជាតិក្រុងប៉េកាំង។ ក្នុងពេលចុះពីលើយន្តហោះ សម្តេចបានឱបយ៉ាងស្និទ្ធជាមួយឯកឧត្តម វ៉ាង យី (Wang Yi)ទីប្រឹក្សារដ្ឋចិនដែលបានអញ្ជើញមកទទួលស្វាគមន៍សម្តេច។ ការឱបនេះបានបង្កប់នូវអត្ថន័យដ៏សែនជ្រាលជ្រៅជាទីបំផុត។ ប្រទេសចិនកំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងទប់ស្កាត់ គ្រប់គ្រង និងរារាំងជាមួយនឹងជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីមួយនេះដ៏លំបាក។ ការបំពេញទស្សនកិច្ចរបស់សម្តេចលើកនេះ ក៏ប្រៀបដូច“បានផ្តល់ធ្យូងកម្តៅក្នុងរដូវរងា”ដ៏ជាក់ស្តែងផងដែរ។
ជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីដែលបានកើតមានក្នុងប្រទេសចិន នាពេលនេះបានជំរុញដល់បេះដូងប្រជាជនកម្ពុជាដែលជា“មិត្តដែកថែប”។ ពីមួយថ្ងៃទៅមួយថ្ងៃ គ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជាបានផ្តល់ការគាំទ្រយ៉ាងមុះមុតដល់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺនេះក្រោមរូបភាពគ្រប់ទម្រង់។
នាថ្ងៃទី៣០ ខែមករា សម្តេចតេជោ បានថ្លែងមតិក្នុងប៉ុស្តិ៍ទូរទស្សន៍កម្ពុជាទាំងអស់ ដោយបានវាយតម្លៃខ្ពស់ ចំពោះការចាត់វិធានការទប់ស្កាត់គ្រប់គ្រងរបស់ភាគីចិនប្រកបដោយការស្វះស្វែង ភាពទាន់ពេល និងប្រសិទ្ធភាព ហើយលោកមានប្រសាសន៍ថាកម្ពុជាមិនជម្លៀសប្រជាជនខ្លួនដែលកំពុងស្នាក់អាស្រ័យក្នុងប្រទេសចិនមកវិញទេ ក៏មិនបញ្ឈប់ជើងហោះហើរដែលទាក់ទងជាមួយនឹងប្រទេសចិនដែរ ហើយក្នុងប្រទេសកម្ពុជាក៏មិនត្រូវរើសអើងប្រជាពលរដ្ឋចិនក្នុងវិស័យកម្សាន្តទេសចរណ៍ និងវិស័យសេវាកម្មនិងដឹកជញ្ជូនផងដែរ។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានឹងរួមសុខរួមទុក្ខ ជាមួយនឹងរដ្ឋាភិបាលនិងប្រជាជនចិន ដើម្បីឆ្លងផុតនូវគ្រាដ៏លំបាកជាមួយគ្នា។ ពាក្យពេចន៍របស់សម្តេចក៏ទទួលបានការកោតសរសើរពីសំណាក់ប្រជាជនចិនយ៉ាងច្រើនផងដែរ។
នាថ្ងៃទី៥ ខែកុម្ភៈ សម្តេចបានបំពេញទស្សនកិច្ចក្នុងប្រទេសកូរ៉េខាងត្បូង រួចក៏បានសម្រេចចិត្តភ្លាមៗក្នុងការបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន លោកបានយកសកម្មភាពផ្ទាល់មកបញ្ជាក់ពីការរស់នៅជាមួយគ្នារវាងកម្ពុជា និងចិនជារៀងរហូត។ លោកក៏ជាថ្នាក់ដឹកនាំកំពូលបរទេសទី១ដែលបានបំពេញទស្សនកិច្ចក្នុងប្រទេសចិនក្នុងអំឡុងពេលដែលកើតឡើងនូវវីរុសមួយនេះ។ ដូចសម្តីរបស់សម្តេចដែលបានលើកឡើងថា ការសម្រេចចិត្តភ្លាមៗក្នុងការបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិនក្នុងអំឡុងពេលដ៏ពិសេសនេះ បានបង្ហាញឲ្យឃើញពីរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះការប្រយុទ្ធប្រឆាំងនឹងវីរុសមួយនេះនៃរដ្ឋាភិបាល និងប្រជាជនចិន។ ក៏ព្រោះតែដើម្បីបង្ហាញពីអាកប្បកិរិយាជាក់ស្តែងរបស់ប្រជាជនកម្ពុជា ក្នុងការពុះពារលំបាកជាមួយនឹងប្រជាជនចិន។ ក៏ព្រោះតែចង់ប្រាប់ពី“មិត្តដែកថែប” និងសហគមន៍ជោគវាសនារួមយ៉ាងពិតប្រាកដរវាងចិន និងកម្ពុជាជូនទៅកាន់មនុស្សលើពិភពលោកផងដែរ។ មានមិត្តបណ្តាញអ៊ីនធឺណិតបានលើកឡើងថា ប្រសិនមិនមែនជាបងប្អូនស្លាប់រស់ក៏មិនអាចធ្វើបែបនេះបានដែរ ហើយប្រសិនមិនមែនជាមិត្តដែកថែបក៏ពិបាកនឹងធ្វើបែបនេះបានដែរ។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យផ្ញើព្រះរាជសារលិខិតពិសេសជូនដល់ប្រធានាធិបតីចិនស៊ី ជីនភីង( Xi Jinping )បង្ហាញឲ្យឃើញថាប្រជាជនកម្ពុជាសូមចូលរួមរំលែកទុក្ខលំបាកដែលប្រជាជនចិនកំពុងជួបប្រទះ ក៏សូមសរសើរប្រទេសចិនដែលបានចាត់វិធានការយ៉ាងតឹងរឹង ទូលំទូលាយ មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងគ្រប់គ្រង ជឿជាក់ថារដ្ឋាភិបាល និងប្រជាពលរដ្ឋចិននឹងយកឈ្នះលើវីរុសនេះក្នុងពេលឆាប់ៗ។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យប្រោសប្រទានព្រះរាជទ្រព្យផ្ទាល់ព្រះអង្គ ដើម្បីជាកម្លាំងដល់ភាគីចិន ក្នុងការប្រយុទ្ធចំពោះវីរុសដែលកំពុងរាតត្បាតនេះ។ ថវិកាសប្បុសធម៌ដ៏មានតម្លៃ មនោសញ្ចេតនាមិត្ដភាពមិនអាចកាត់ថ្លៃបាន ប្រជាជនចិននឹងចងចាំពីមិត្តភាពនេះជារៀងរហូត។
ដើមឈើមិត្តភាពចិន និងកម្ពុជា ហេតុបានជាមានការរីកលូតលាស់ល្អ ព្រោះតែមិត្តភាពនេះបានចាក់ឫសយ៉ាងជ្រៅក្នុងជម្រៅចិត្តរបស់ប្រជាជនទាំងពីរ។ ប្រឈមនឹងជំងឺវីរុសថ្មីនេះ អង្គការសង្គមស៊ីវិលប្រជាជនទូទៅក្នុងកម្ពុជា បានប្រើសកម្មភាពជាក់ស្តែងដើម្បីបកស្រាយពីចំណងមិត្តភាព។ ក្នុងរយៈពេលកន្លងមកនេះ មិត្តកម្ពុជាជាច្រើនបានរិះរកមធ្យោបាយដើម្បីរៃអង្គាសថវិកា និងសម្ភារៈការពារវីរុស ដើម្បីបញ្ជូនទៅកាន់ប្រទេសចិន។ កុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើតចំនួន៨៦គ្រួសារដែលធ្លាប់ទទួលបានការព្យាបាលនៅក្នុងប្រទេសចិនដោយឥតគិតថ្លៃ គ្រួសារទាំងនោះបានបញ្ចេញប្រាក់សន្សំដ៏ស្តួចស្តើងដើម្បីទិញម៉ាសការពារចំនួនលើសពី៥.០០០ដល់ខេត្តយូណាន ប្រទេសចិន។ “ចិនធ្លាប់ជួយដល់ពួកយើង ហើយពេលនេះចិនកំពុងជួបការលំបាកយើងមិនអាចអោបដៃឈរមើលទេ ថ្វីបើថវិកាមិនច្រើន តែវាជាទឹកចិត្តរបស់យើង។” សម្ដីរបស់ពួកគាត់បង្កប់នូវអត្ថន័យសាមញ្ញ ជាក់ស្តែង និងពោរពេញទៅដោយភាពកក់ក្តៅ។ ទន្ទឹមនឹងនេះ មានប្រជាជនកម្ពុជាជាច្រើនបានផ្ញើសារលើកទឹកចិត្តដល់ប្រទេសចិន និងអ៊ូហាននៅតាមបណ្ដាញសង្គមនាៗលើប្រព័ន្ធអ៊ីនធឺណិត។
“ផ្លូវឆ្ងាយដឹងពីកម្លាំងសេះ ពេលវេលាយូរនឹងស្គាល់ពីអត្តចរិតមនុស្ស។” ប្រទេសចិនជួបប្រទះនូវវីរុសនេះហាក់ដូចជាកញ្ចក់មួយ អាចឲ្យយើងឃើញយ៉ាងច្បាស់នូវមនុស្សណាដែលយើងអាចទុកចិត្តបាន មិត្តអាចរួមសុខទុកជាមួយគ្នាបាន។ ពួកយើងមានហេតុផលអាចជឿបានថា ស្ថិតនៅក្រោមការលើកទឹកចិត្ត និងជួយពីមិត្តបណ្តាប្រទេសដែលរាប់បញ្ចូលទាំងប្រទេសកម្ពុជា ហើយស្ថិតនៅក្រោមការដឹកនាំដ៏មុះមុតនៃបក្សកុម្មុយនីស្តចិន ដែលមានឯកឧត្តម Xi Jinpingជាស្នូល ប្រាកដជាអាចយកជម្នះលើវីរុសនេះយ៉ាងឆាប់រហ័ស។
ឆ្នាំនេះគឺជាខួប ១០ ឆ្នាំនៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជា ការស្ថាបនាសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា នឹងឈានចូលដល់ដំណាក់កាលថ្មីមួយ។ ក៏ដូចនូវអ្វីដែលលោកប្រធានាធិបតី Xi Jinping បានបញ្ជាក់ មិត្តភាពចិន និងកម្ពុជាបានបង្ហាញទៅកាន់ពិភពលោកពីមិត្តភាពដ៏ពិតប្រាកដរវាងប្រទេស និងរវាងប្រជាជន ក៏ក្លាយជារឿងដំណាលដ៏ស្រស់បវរនៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ ក្នុងឆ្នាំថ្មីនេះ ភាគីចិនស្ម័គ្រចិត្តបន្ដកិច្ចសហការយ៉ាងជិតស្និតជាមួយភាគីកម្ពុជា ដើម្បីសម្រេចឲ្យបាននូវផែនការសកម្មភាពកសាងសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា ដើម្បីជំរុញឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់កម្រិតថ្មីមួយទៀត៕សរន