ម៉ាឡេស៊ីបានពង្រីកបំរាមលើភ្ញៀវមកពីចិនដោយឥឡូវរួមបញ្ចូលខេត្តហ្សេជាំងនិងជាំងស៊ូផងដែរ បន្ទាប់ពីចិនសំរេចរាំងខ្ទប់ទីក្រុងជាច្រើននៅក្នុងខេត្តទាំងពីរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃកូរ៉ូណាវីរុស។
ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះកាលពីថ្ងៃ២៧មករាបានដាក់បំរាមបណ្តោះអាសន្នលើអ្នកដំណើរមកពីទីក្រុងវូហាន និងមកពីខេត្តហ៊ូប៉ី ដែលជាស្នូលនៃការផ្ទុះវីរុសឆ្លង។
ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាននិយាយថា ការសំរេចិត្តពង្រីកបំរាមលើអ្នកដំណើរចិននេះ កើតឡើងបន្ទាប់ពីចិនពង្រីកការរាំងខ្ទប់ចលនាមនុស្សនៅ៥ទីក្រុងក្នុងខេត្តហ្សេជាំងនិងទីក្រុង២នៅក្នុងខេត្តជាំងស៊ូ។លោកស្រីឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «ការរឹតត្បិតការធ្វើដំណើរនេះនឹងអនុវត្តលើអ្នកដំណើរទាំងអស់មិនថាជនជាតិណាទេ អោយតែបានទៅខេត្តហ៊ូប៉ី ហ្សេជាំងនិងជាំងស៊ូ។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃសៅរ៍ ម៉ាឡេស៊ីបានរកឃើញអ្នកផ្ទុកកូរ៉ូណាវីរុសចំនួន១៦ករណី តែ២នាក់បានចេញពីមន្ទីរពេទ្យបន្ទាប់ពីជាពីជម្ងឺ។
ជុំវិញកូរ៉ូណាវីរុសនេះដែរ កាលពីថ្ងៃអាទិត្យហ្វីលីពីនបាននាំពលរដ្ឋខ្លួន៣០នាក់ពីទីក្រុងវូហានមកកាន់ប្រទេសវិញ។
ក្រសួងការបរទេសហ្វីលីពីនបាននិយាយថា ជនដែលត្រូវនាំមកប្រទេសវិញមាន មនុស្សធំ២៩នាក់ និងក្មេងម្នាក់។ពួកគេជិះតាមយន្តហោះឈ្នួលដែលក្រសួងការបរទេសនិងក្រសួងសុខាភិបាលបានរៀបចំឡើង។
ក្រោយពីបានទៅដល់មូលដ្ឋានទ័ពអាកាសក្លាក ចម្ងាយ៨០គីឡូម៉ែត្រពីរដ្ឋធានីម៉ានីល ពួកគេរួមជាមួយក្រុមមន្ត្រីរដ្ឋ១០នាក់ត្រូវបានដឹកទៅកាន់ភូមិក្បែរនោះដើម្បីដាក់នៅដាច់ពីគេ១៤ថ្ងៃ។
មានជនជាតិហ្វីលីពីនប្រមាណ៣០០នាក់នៅក្នុងខេត្តហ៊ូប៉ី តែពួកគេខ្លះមិនមានបំណងវិលមកស្រុកវិញទេខណៈខេត្តចិនមួយនេះរងការវាយប្រហារពីជម្ងឺឆ្លង៕
ជនហ្វីលីពីនដែលស្ម័គ្រចិត្តវិលមកស្រុក បានចេញដំណើរពីក្រុងវូហាន កាលពីថ្ងៃ០៩កុម្ភៈ