ដោយៈ​សុផល​/​ភ្នំពេញ​៖​មន្ត្រី​ក្រសួងសុខាភិបាល បានឱ្យដឹងថា វត្តមាន​ជំងឺ​កូ​រ៉ូ​ណា​នៅ​កម្ពុជា​បានបញ្ចប់បន្ទាប់ពី​ជនជាតិ​ចិន​ដែលមាន​កូ​រ៉ូ​ណា​វីរុស​បានជា​សះស្បើយ​ពី​ជំងឺ​ផ្លូវដង្ហើម​ថ្មី​។​បុរស​ជនជាតិ​ចិន​អាយុ​៦០​ឆ្នាំ​រូបនេះ​នឹង​ចាក​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុនៅ​ថ្ងៃទី​១០​ខែកុម្ភៈ ឆ្នាំ​២០២០​ស្អែក​នេះ​។​

​លោក​ម៉ម ​ប៊ុ​ម​ហេង​​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា​៖​ជនជាតិ​ចិន​ម្នាក់​ដែល​ទើបនឹង​ជាសះស្បើយ​ពី​ជំងឺ​ផ្លូវដង្ហើម​ថ្មី​កូ​រ៉ូ​ណា ក្រោយពី​សម្រាក​ព្យាបាល​នៅ​ខេត្ត​ព្រះសីហនុ​នោះ នឹង​ចាក​ចេញពី​មន្ទីរពេទ្យនៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០ ស្អែក​នេះ​។ វត្តមាន​ជំងឺ​កូ​រ៉ូ​ណា​នៅ​កម្ពុជា​ពេលនេះ​បានបញ្ចប់​ហើយ​។​ ​បើតាម​ប្រភពពី​សមត្ថកិច្ច បានឱ្យដឹងថា ជនជាតិ​ចិន​រូបនេះ ក៏​នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ ខាងមុខនេះ​ផងដែរ បន្ទាប់ពី​រូបគេ​បានជា​សះស្បើយ​ចាកចេញ​ពី​មន្ទីរពេទ្យ​។​

​សូមជម្រាបថា ​ជនជាតិ​ចិន​រូបនេះ​មានឈ្មោះ ចា ជិន​ហូរ អាយុ​៦០​ឆ្នាំ បានធ្វើ​ដំណើរ​មកពី​ទីក្រុង​វូ​ហាន ជាមួយ​ក្រុមគ្រួសារ​៣​នាក់​ទៀត មកដល់​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០​។​បន្ទាប់ពី​មកដល់​រយៈពេល​២​ថ្ងៃ​លោក​មាន​អាកា​រក្អក​ក្តៅខ្លួន​ខុសធម្មតា​ ហើយ​ត្រូវបាន​មន្ត្រី​សុខាភិបាល​យក​សំណាក​បំពង់​ក​ទៅពិនិត្យ​ឃើញថា គាត់​មាន​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​កូ​រ៉ូ​ណា នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ ព្រមទាំង​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក​វេជ្ជបណ្ឌិត​លី​សូ​វ៉ាន់​ ក៏បាន​បញ្ជាក់ដែរថា​គិត​រហូតមកដល់​រសៀល​ថ្ងៃទី​៩​ខែកុម្ភ​:​ឆ្នាំ​២០២០​នេះ​ពុំទាន់​រកឃើញ​ករណី​ជំងឺ​កូ​រ៉ូ​ណាវី​រុស​ថ្មី​បន្ថែមទៀត​ទេ​។​លោក​បាន​បញ្ជាក់ថា​៖​ ក្រុម​ឆ្លើយ​យ​តប​បន្ទាន់​និង​ក្រុមគ្រូពេទ្យ​ដែល​បាន​បណ្តុះបណ្តាល​អំពី​ឆ្លើយតប​ទៅនឹង​ជំងឺ​រា​ត្បា​ត​ជាង​២.០០០​នាក់​កំពុង​បន្ត​តាមដាន​រុករក​ករណី​សង្ស័យ​នៅ​ទូទាំងប្រទេស ។

​ក្រុមគ្រូពេទ្យ​តាម​ព្រំដែន​(​មន្ត្រី​ច​ត្តា​ឡី​ស័ក​)​បាន​កំពុង​ឃ្លាំមើល​អ្នកដំណើរ​ចេញចូល​គ្រប់​ច្រក​តាម​ព្រំដែន​គោក ថៃ ឡាវ វៀតណាម ផ្លូវ​សមុទ្រ និង​អាកាស​យាន​ដ្ឋា​ន​អន្តរជាតិ​ទាំង​៣ ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ​តាមរយ​:​ម៉ាស៊ីន​ស្ទង់កម្ដៅ​និង​ពិនិត្យ​សុខភាព​។​យើង​មាន​មន្ទីរ​ពិសោធ​ន៏​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ដំណើរការ​ទាំងថ្ងៃទាំងយប់​ធ្វើតេស្ត​វត្ថុ​វិភាគ​ដែល​បាន​ផ្ញើ​វត្ថុ​វិភាគ​មកពី​ទូទាំងប្រទេស និង​យើង​ត្រៀម​មន្ទីរ​ពិសោធ​ន៍​ពីរ​ទៀត​ក្នុង​ក្រសួងសុខាភិបាល​ដើម្បី​ជំនួយ​ក​ក្នុងការ​ធ្វើតេស្ត​បន្ថែមទៀត​។​

យោងតាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC នៃ​ក្រសួងសុខាភិបាល បានឱ្យដឹងថា​ ទិន្នន័យ គិត​ត្រឹម​រសៀល​ថ្ងៃអាទិត្យ ទី​៩ ខែកុម្ភៈ ២០២០ ស្ថានភាព​ជំងឺ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី​នៅ​ប្រទេស​ចិន​គឺ :​ចំនួន​មនុស្ស​ស្លាប់ ៨០៥​នាក់​។​ចំនួន​ឈឺ ៣៧.០៤៥​នាក់ និង​ជាសះស្បើយ ២.៦៤៩ នាក់​៕S/​Ha