ដោយៈ​សុផល​/​ភ្នំពេញ​៖​លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​នា​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ ​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​អញ្ជើញ​ចុះ​ពិនិត្យ​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៥​ភាគ​ខាងជើង​(​បាត់ដំបង​-​សិរីសោភ័ណ​)​ ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ដែនដី​ថ្នាក់​ខេត្ត ប្រតិភូ​តំណាង​ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ផងដែរ​។​

​សូម​ជម្រាបជូន​ថា​៖ ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ​៥ ​មាន​ប្រវែង​សរុប​ចំនួន​៣៦៦​គីឡូម៉ែត្រ ​ស្ថិតក្នុង​ខេត្តកំពង់ឆ្នាំង​,​ពោធិ៍សាត់​,​បាត់ដំបង​,​និង​បន្ទាយមានជ័យ​,​ជា​គម្រោង​ក្រោម​កម្ចី​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​ប្រចាំ​កម្ពុជា ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៥០០​លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក​។​

​ការងារ​ស្ថាបនា​ត្រូវបាន​បែងចែក​ជា​បី​ផ្នែក ធំៗ​រួមមាន​៖ ផ្នែក​ខាងជើង ផ្នែក​ខាងត្បូង និង​ផ្នែក​កណ្តាល ដោយ​ក្នុងនោះ​៖ ​មានការ​ពង្រីក​កំណាត់​ផ្លូវជាតិ​មាន​ស្រាប់​ពី​២​គន្លង​ទៅ​៤​គន្លង​ទទឹង​២៣​ម៉ែត្រ​ មាន​ប្រវែង​សរុប​៣០៤​គីឡូម៉ែត្រ ក្រាល​ជំនួសដោយ​កៅស៊ូ​AC និង​មាន​សួរ​ច្បារ​កណ្តាល​។​

​គម្រោង​ស្ថាបនា​កំណាត់​ផ្លូវ​នេះ​ត្រូវបាន​បែង​ចែកជា​ពីរ​កញ្ចប់​ក្នុងនោះ​៖ ​កញ្ចប់​ទី​១​សាងសង់​ដោយ​ក្រុមហ៊ុន​សម្ព័ន្ធ​ក្រុមហ៊ុន Tekken-Taiyo JV មាន​ប្រវែង ៤៦,២៧​ ​គីឡូម៉ែត្រ (​ផ្លូវ​វាង​ក្រុង​បាត់ដំបង​ប្រវែង ២៣,៩២ ​គីឡូម៉ែត្រ ​) ។​កញ្ចប់​ទី​២​សាងសង់​ដោយ​ក្រុមហ៊ុន​សម្ព័ន្ធ​ក្រុមហ៊ុន Daiho-Asanuma JV មាន​ប្រវែង​៣៨,៤៧ ​គីឡូម៉ែត្រ (​ផ្លូវ​វាង​ក្រុង​សិរីសោភ័ណ​ប្រវែង​៩,៣៤ ​គីឡូម៉ែត្រ ​)​និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​KEIOCGKCIJointVentureinassociationwithKCEC​និង​TANCONS​ហើយ​ការស្ថាបនា​មាន​រយៈពេល​​៣៦​ខែ​។​

ដោយឡែក គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគ​ខាងជើង (​បាត់ដំបង​-​សិរី​សោ ភ័ណ​)​នេះ ចាប់ផ្តើម​សាងសង់​ចេញពី​ខេត្តបាត់ដំបង​រហូតដល់ ខេត្តបន្ទាយមានជ័យ មាន​ប្រវែង​សរុប ៨៤,៧៤ គីឡូម៉ែត្រ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​១៤៣,០៤ លាន​ដុល្លារ​អាម៉េរិក និង​បាន​សម្ពោ​ធ​បើក ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​២៦​មីនា​២០១៨​។​គិត​រហូតមក​ដល់ពេលនេះ​សកម្មភាព​ការងារ​ដែល​បានសម្រេច​បានគិត​ត្រឹម​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០២០​គឺ​៖​កញ្ចប់​ទីមួយ​សម្រេចបាន​៦៨,១០​ភាគរយ​និង​កញ្ចប់​ទី​ពីរ​សម្រេចបាន​៦៦,១០​ភាគរយ​ហើយ​។

​គួរកត់សម្គាល់​ផងដែរ​ថា​៖ ​កំណាត់​ផ្លូវជាតិ​នេះ​ជា​ផ្លូវ​អាស៊ាន​ហាយ​វេ​លេខ​១ ​អាច​បង្កើន​ការនាំចេញ​-​នាំចូល​និង​ជា​ផ្លូវ​មួយ​ប្រកបដោយ​សក្តានុពល​ខ្ពស់​សម្រាប់​បម្រើ​វិស័យសេដ្ឋកិច្ច​កម្ពុជា​។ ពិសេស​អាច​កាត់បន្ថយ​គ្រោះថ្នាក់​និង​ការកកស្ទះ​ចរាចរ​ណ៍បាន​យ៉ាងច្រើន​។​លើសពីនេះទៅទៀត​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​នេះ​នឹងមាន​ជីវភាព​កាន់តែ​ល្អប្រសើរ​តាមរយៈ​កំណើន​នៃ​ការអភិវឌ្ឍ វិនិយោគ និង​ទេសចរណ៍​៕S/​Ha