គម្រោងបង្រួមការិយាល័យចំណុះក្រុងស្រុកខណ្ឌ ដែលជាការកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាល ក្រុងស្រុកខណ្ឌនៅទូទាំងប្រទេស ត្រូវបានក្រសួងមហាផ្ទៃប្រកាសថា នឹងត្រូវអនុវត្តជាផ្លូវការ នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២០នេះហើយ។
ក្រសួងមហាផ្ទៃបានចេញលិខិត ណែនាំទៅកាន់អភិបាលរាជធានី-ខេត្ត អំពីយន្តការ នេះ ដែលជាផ្នែកមួយនៃការធ្វើកំណែទម្រង់រដ្ឋបាលនៅថ្នាក់មូលដ្ឋានពង្រឹងប្រសិទ្ធិ ភាពនៃ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ពីមុន រដ្ឋបាលក្រងស្រុកខណ្ឌទូទាំងប្រទេស មានការិយាល័យចំណុះច្រើន ស្កេកស្កះទៅតាម វិស័យនីមួយៗ។ ប៉ុន្តែនៅពេលនេះ ការិយាល័យទាំងនោះ ត្រូវបានកែសម្រួល ដោយប្រមួលផ្ដុំ មកបង្កើតជាការិយាល័យរួម ទៅតាមប្រភេទវិស័យ ដែលមានទំនាក់ទំនងជាមួយគ្នា។
សេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃចុះហត្ថលេខាដោយលោក សក់ សេដ្ឋា រដ្ឋលេខា ធិការ ប្រចាំការបានលើកឡើងថា ថ្នាក់ដឹកនាំរាជធានីខេត្តទាំងអស់ ត្រូវរៀបចំកម្មវិធី និងបែងចែក ថ្នាក់ដឹកនាំ ធ្វើជាអធិបតីនៃពិធីប្រកាស ដាក់ឲ្យដំណើរការរចនាសម្ព័ន្ធក្រុងស្រុកខណ្ឌ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយពិធីនេះ ត្រូវរៀបចំឡើងឱ្យបាន នៅចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
អនុក្រឹត្យស្ដីពីការកែសម្រួលមុខងារ និងរចនាសម្ព័ន្ធក្រុងស្រុកខណ្ឌ បង្ហាញថា ចាប់ពីពេលប្រកាសឱ្យដំណើរការតទៅ ការិយាល័យមួយចំនួន ដែលពីមុន ថ្វីដ្បិតតែស្ថិត ក្រោមចំណុះ រដ្ឋបាលក្រុងស្រុកខណ្ឌ ប៉ុន្តែការសម្រេចចិត្តនានា ត្រូវឆ្លងក្រសួងសាមីនោះពេលនេះនឹងត្រូវ ផ្ទេរឱ្យមកស្ថិតក្រោមរដ្ឋបាលក្រុងស្រុកខណ្ឌនិងស្ថិតក្រោមការសម្រេចរបស់ថ្នាក់ដឹកនាំ ក្រុងស្រុកខណ្ឌ ដើម្បីឱ្យការសម្រេចចិត្តនានា ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋមានភាពឆាប់ រហ័ស ប្រសិទ្ធភាព និងតម្លាភាព។
គេនៅចាំបានថា ក្នុងពិធីប្រកាសឱ្យអនុវត្តអនុក្រឹត្យស្ដីពីការកែសម្រួលរចនាសម្ព័ន្ធក្រុងស្រុក ខណ្ឌ កាលពីចុងឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានចាត់ទុកជាប្រវត្តិសាស្ត្រថ្មីទៀតនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ នោះគឺសិទ្ធិអំណាចសម្រេចចិត្ត និងធនធាន ត្រូវបានផ្ទេរពីថ្នាក់ជាតិ មកឱ្យថ្នាក់មូលដ្ឋាន ដើម្បីធានាថា រាល់ការសម្រេចចិត្ត និងការផ្ដល់ សេវានានា ជូនប្រជាពលរដ្ឋ នឹងត្រូវតាម សេចក្ដីត្រូវការរបស់ពលរដ្ឋ។
នៅឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ ក៏បានប្រកាសថាតំណាលគ្នានឹងការកែសម្រួលរចនាសម្ព័ន្ធ ក្រុងស្រុកខណ្ឌដើម្បីបង្កើនការផ្ដល់សិទ្ធិអំណាចមកឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនោះរាជរដ្ឋា ភិបាល ក៏បានចេញអនុក្រឹត្យផ្ទេរសមត្ថកិច្ចគ្រប់គ្រងចាត់ចែងប្រចាំថ្ងៃនៃមន្ទីរសុខាភិបាល និងមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពពីក្រសួងសុខា ភិបាល មកឱ្យរដ្ឋបាលរាជធានីខេត្តវិញ លើកលែងតែធនធានពេទ្យ និងឱសថប៉ុណ្ណោះ។
យ៉ាងណាក៏ដោយចុះ ការកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលក្រុងស្រុកខណ្ឌ នៅទូទាំង ប្រទេស តាមរយៈការបង្រួមការិយាល័យចំណុះក្រុងស្រុកខណ្ឌនេះនឹងកាន់តែធ្វើឲ្យប្រជាពលរដ្ឋ ងាយស្រួល ក្នុងការទទួលបានសេវារបស់ខ្លួន ដូចអ្វីដែលសាលាក្រុង ស្រុក ខណ្ឌបានអនុវត្ត រួចមកហើយ តាមរយៈការិយាល័យច្រកចេញចូលតែមួយ។ ការិយាល័យច្រកចេញចូល តែមួយ ដែលនៅរាជធានីភ្នំពេញ ទាំងខណ្ឌទាំង ១៤ បានបើកដំណើរការរួចហើយ។ ចំណែក ស្រុកក្រុងខ្លះទៀត បានដំណើរការហើយដែរ តែមិនទាន់បានទូទាំងប្រទេសនៅឡើយទេ។
ក្រសួងមហាផ្ទៃ បានប្រកាសថា កម្ពុជា បានរៀបចំឲ្យមានយន្តការការិយាល័យច្រកចេញចូលតែមួយ នៅតាមក្រុងស្រុកខណ្ឌ សម្រាប់ការផ្តល់សេវា និងការិយាល័យប្រជាពលរដ្ឋ សម្រាប់ទទួល និងសម្របសម្រួលដោះស្រាយពាក្យបណ្តឹង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីឆ្នាំ២០០៣ ស្របតាមការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈដោយដាក់ឲ្យដំណើរការ សាកល្បង ដំបូងគេ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង និងនៅក្រុងសៀមរាប ខេត្តសៀមរាប។
គិតត្រឹមដំណាច់ឆ្នាំ២០១៩ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ត្រូវបានបង្កើតឡើង នៅក្រុងស្រុកខណ្ឌ ចំនួន ១១៥ ក្នុងចំណោមក្រុងស្រុកខណ្ឌ ២០៣ ទូទាំងប្រទេស ដោយបានផ្តល់សេវាលើ ១៤វិស័យ និងប្រភេទសេវាចំនួន ២១១ រួមមាន ការងារនីត្យានុកូលកម្ម ការងាររដ្ឋបាល វិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យ សាធារណការ និងដឹកជញ្ជូន វិស័យវប្បធម៌ និងវិចិត្រសិល្បះ វិស័យព័ត៌មាន វិស័យបរិស្ថាន វិស័យឧស្សាហកម្ម និងសិប្បកម្ម វិស័យរ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាដើម។
ក្រសួងមហាផ្ទៃក៏បានបញ្ជាក់ថា ចាប់តាំងពីដាក់ឲ្យដំណើរការនូវអង្គភាពច្រកចេញ ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅរាជធានីខេត្ត ទាំង ២៥ នៅទូទាំង ប្រទេសចាប់តាំងពីឆមាស ទី២ ឆ្នាំ២០១៨ មកដល់បច្ចុប្បន្ននេះ អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជា ពលរដ្ឋ នៅរាជធានីខេត្ត បានផ្តល់សេវាសរុបចំនួន ៥៥៩ ប្រភេទសេវា នៃវិស័យជំនាញចំនួន ១៥ ដែលក្នុងនោះ មានសេវាផ្ទាល់របស់រាជធានីខេត្ត លើការងារនីត្យានុកូលកម្ម ការងាររដ្ឋ បាល ព្រមទាំងប្រភេទសេវា ដែលទទួលបានប្រតិកម្មអំណាចពីក្រសួងស្ថាប័នចំនួន ១២ រួមមាន វិស័យទេសចរណ៍ វិស័យសុខាភិបាល វិស័យសាធារណការ និងដឹកជញ្ជូន ជាដើម។ ក្នុងនោះ ចាប់តាំងពីដាក់ឲ្យដំណើរការ កាលពីឆមាសទី២ ក្នុងឆ្នាំ២០១៨ រហូតដល់ដំណាច់ ឆ្នាំ២០១៩ អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅរាជធានីខេត្ត ទាំង ២៥ ទូទាំងប្រទេស បានផ្តល់សេវាសរុប ចំនួន ៦៩៤ ៩៦៧ សេវា និងទទួលបានចំណូលជាង ៥៦ពាន់លានរៀល ស្មើប្រហែល ១៤លានដុល្លារអាម៉េរិក។
នៅតាមអង្គភាព និងការិយាល័យច្រកចេញចូលតែមួយ នៅរាជធានីខេត្ត និងនៅតាមក្រុង ស្រុកខណ្ឌ គឺមានតារាងតម្លៃ ព្រមទាំងរយៈពេលផ្តល់សេវា ដែលផ្តល់ភាពងាយស្រួលដល់ ប្រជាពលរដ្ឋ អ្នកទទួលសេវា ដោយមិនត្រូវគេទារលុយច្រើន ដូចពេលកន្លងមកទេ។
យ៉ាងណាក៏ដោយ នៅតាមសាលាខណ្ឌ ស្រុក ក្រុង ដែលមានការិយាល័យច្រកចេញ ចូល តែមួយហើយ ក៏នៅមានមន្ត្រីខិលខូចមួយចំនួន ឆ្លៀតរត់ការ ដោយទារលុយច្រើនពីប្រជា ពលរដ្ឋ ដូចជា ការស្នើសុំឯកសារ ឬក៏ច្បាប់សាងសង់ផ្ទះ ជាដើម។ ដូច្នេះសូមអភិបាលក្រុង ស្រុក ខណ្ឌ រួមទាំងអភិបាលរាជធានីខេត្ត មេត្តាទប់ស្កាត់ និងលុបបំបាត់ក្រុមមន្ត្រីរាប់ចាប់ពី អនុប្រធានភូមិ រហូតដល់មន្ត្រីនៅថ្នាក់ឃុំសង្កាត់ ក្រុងស្រុកខណ្ឌ រាជធានីខេត្ត ដែលពូកែខាង រត់ការ ហើយទារលុយយ៉ាងច្រើនពីប្រជាពលរដ្ឋ ដើម្បីកុំឲ្យការប្រឹងប្រឹងរបស់រដ្ឋបាល ថ្នាក់ជាតិ ក្រសួងមហាផ្ទៃ ក៏ដូចជាថ្នាក់ក្រោមជាតិ ខំបើកការិយាល័យច្រកចេញចូលតែមួយ ហើយ បែរជាប្រជាពលរដ្ឋ នៅមូលដ្ឋាន នៅតែត្រូវចំណាយលុយច្រើន សម្រាប់ស្នើសុំឯកសារ ឬច្បាប់នានាដដែល។
បើនៅតែបន្តទុកក្រុមអ្នករត់ការដូច្នេះ នឹងក្លាយជាការយកជើងទៅរាទឹក ខណៈដែលក្រសួងមហាផ្ទៃ ថ្នាក់ខេត្តរាជធានី ក្រុងស្រុកខណ្ឌ ខិតខំបង្ខិតសេវាកាន់តែជិតប្រជាពលរដ្ឋតាមរយៈ ច្រកចេញចូលតែមួយ តែបែរជាមន្ត្រីមួយក្រុមតូច ធ្វើព្យុះធ្វើភ្លៀង ក្នុងអ្វីដែលគេហៅថា សេវារត់ការ ដែលទារលុយតាមហាងឆេងមាត់របស់ពួកគេ នាំឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់លើ ថ្នាក់ដឹកនាំទៅវិញនោះ៕ ដោយ: ម៉េងឆៃ