ដោយ: ឆាយានាថ / កណ្តាល: គ្រូបង្រៀនភាសាអង់គ្លេសម្នាក់ ដែលមានសញ្ជាតិអាម៉េរិកផងនោះ ត្រូវបានតុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី៩ ខែកុម្ភៈ ម្សិលមិញនេះ ពីបទ “អំពើលួច” តាមមាត្រា៣៥៣និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា សកម្មភាពលួចរបស់គ្រូបង្រៀននេះ ប្រព្រឹត្តនៅចំណុចក្នុងហាងកាហ្វេអាម៉ាហ្សូន ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៣៖៣០នាទី។
ជនរងគ្រោះឈ្មោះ គន្ធ សត្យា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ចំណែកគ្រូបង្រៀនរូបនេះ ឈ្មោះ ភីម សុវណ្ណធឿន អាយុ៣៨ឆ្នាំ សញ្ជាតិអាម៉េរិក មុខរបរគ្រូបង្រៀនភាសាអង់គ្លេស ស្នាក់នៅផ្ទះសំណាក់ចល័ត ក្នុងក្រុងតាខ្មៅ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះបានចូលផឹកកាហ្វេ ដោយទូរស័ព្ទរបស់ខ្លួនអស់ថ្ម ក៏ទុកនៅក្នុងកាបូបស្ពាយ ហើយទុកកាបូបលើកៅអី រួចចូលទៅបន្ទប់ទឹក។ ខណៈដែលជនរងគ្រោះចូលបន្ទប់ទឹក ស្រាប់តែជនសង្ស័យដែលបានអង្គុយក្បែរគ្នាបានបន្លំលួចលូកយកទូរស័ព្ទ រួចគេចខ្លួនបាត់ទៅ។
ដោយមានការសង្ស័យ ជនរងគ្រោះបានសុំបើកកាមេរ៉ាសុវត្ថិភាពពីម្ចាស់ហាងកាហ្វេ ដើម្បីពិនិត្យឆែកមើល ឃើញជនសង្ស័យអង្គុយក្បែរនោះ ធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់ខ្លួន។
បន្ទាប់មក ជនរងគ្រោះបានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលតាខ្មៅ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្តង៕ ល/Ha