ដោយ:បូកគោ/កំពត ៖ ភ្ជាប់ជាមួយមាឃបូជាដែលជាពិធីបុណ្យដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា អភិបាលខេត្តកំពតឆ្លៀតក្រើនរំលឹកដល់ប្រជាពលរដ្ឋទូទៅ ឱ្យបង្កើនការយកចិត្តទុកដាក់លើបញ្ហាអនាម័យ ដើម្បីបញ្ចៀសអំពីជំងឺដម្កាត់ផ្សេងៗ។

ក្រោយប្រគេនបច្ច័យដែលបានមកពីការចូលរួមដោយសទ្ធាជ្រះថ្លារបស់មន្ត្រីរាជការ និងថវិកាផ្ទាល់ខ្លួន ជូនគណៈសង្ឃខេត្តក្នុងពិធីមាឃបូជា កាលពីចុងសប្តាហ៍កន្លងទៅ លោកជាវ តាយ បានមានប្រសាសន៍ថារហូតមកដល់បច្ចុប្បន្ន រៀងរាល់ពិធីបុណ្យម្តងៗតែងមានពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ និងពោរពេញដោយសទ្ធាជ្រះថ្លាក្នុងការបរិច្ចាគទាន។ ទិដ្ឋភាពបែបនេះបង្ហាញឱ្យឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធារ ព្រមទាំងមានភាពចម្រុងចម្រើនជាលំដាប់ក្រោមដំបូលសន្តិភាពពេញលេញដូចសព្វថ្ងៃ។

លោកអភិបាលខេត្តបានបន្តថា បន្ថែមលើកត្តាដ៏សំខាន់ទាំងនេះ បញ្ហាសុខុមាលភាពក៏ជាករណីចាំបាច់ក្នុងការអភិវឌ្ឍជីវភាពគ្រួសារ ក៏ដូចជាពង្រីកសេដ្ឋកិច្ចសង្គមឱ្យរីក​ចម្រើនឆាប់រហ័ស។

លោកជឿជាក់ថាពុទ្ធបរិស័ទដែលមានវត្តមាននៅទីនេះ ក៏ដូចជាប្រជាពលរដ្ឋទូទៅបានចេះដឹងគ្រប់ៗគ្នាអំពីរបៀបរបបនៃការថែទាំខ្លួនដើម្បីឱ្យរាងកាយប្រកបដោយកម្លាំងខ្លាំងក្លា និងមានសុខភាពល្អ។

លោកជាវ តាយបានបញ្ជាក់ថាស្របពេលដែលពិភពលោកកំពុងព្រួយបារម្ភពីការកើតឡើងនូវមេរោគប្រភេទថ្មីងាយបង្កមហន្តរាយដល់ជីវិតមនុស្សនោះ ក្នុងនាមរដ្ឋបាលខេត្តកំពតលោកសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមលើផ្នែកអនាម័យ។ ពិសេសត្រូវលាងសម្អាតដៃក្រោយពីចាប់កាន់របស់របរនានា និងរៀងរាល់មុនពេលទទួលទានអារហារផ្សេងៗ៕B/