ដោយ:គង់ហេង/កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម គ្រោងប្រែក្លាយទីតាំងប្រាសាទបុរាណ រាជវាំង និងជារាធានីរបស់ខ្មែរចន្លោះឆ្នាំ១៣៩៤ដល់ ១៦១៨ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្ប:ចាត់ទុកជាតំបន់ប្រវត្តិសាស្រ្តនោះ ជាតំបន់រមណីយដ្ឋានទេសចរណ៍។
លោក សឹង ភារុំ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកំពង់ចាម និងមន្រ្តីជំនាញពាក់ព័ន្ធច្រើនរូបផ្សេងទៀតដែលបានអមដំណើរលោក អ៊ុន ចាន់ដា អភិបាលខេត្តចុះពិនិត្យ និងសិក្សាទីតាំងខាងលើនាចុងសប្តាហ៍កន្លងទៅបាននិយាយថា ជាដំបូងនេះលោកអភិបាលខេត្តបានដឹកនាំ មន្រ្តីជំនាញចុះទៅកាន់ចុះសិក្សាតំបន់ប្រសាស្រ្តប្រាសាទព្រះធាតុដែលមានទទឹងប្រវែង ១៧០ ម៉ែត្រ និងបណ្តោយប្រវែង ២០០ ម៉ែត្រ។ ស្ថិតក្នុងភូមិកំផ្លាក ឃុំបារាយណ៍ ស្រុកស្រីសន្ធរ។
លោកប្រធានមន្ទីរបានឳ្យដឹងទៀតថា ប្រាសាទព្រះធាតុដែលមានទំហំទទឹងប្រវែង ប្រាំពីរ និងបណ្តោយប្រវែង ២០ ម៉ែត្រ ដើមឡើយបានបាត់កំពូលប្រាង្គ ហើយថ្មីៗនេះកាលពីចុងឆ្នាំ២០១៩ ខាងក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានចំណាយថវិកាជួសជុលប្រក់ដំបូល ជំនួសកំពូលប្រាង្គដែលបានបាត់។ ដោយបានអភិរក្ស កំណាយរកឃើញរូបចំណាក់បន្ថែមទៀត។
លោក ភារុំ បានបន្តថា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានប្រាប់ឳ្យមន្ទីរអង្គភាពពាក់ព័ន្ធរួមសហការគ្នាប្រែក្លាយ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តមួយនេះ ទៅជាតំបន់រមណីយដ្ឋានទេសចរណ៍។ ដោយយើងអំពាវនាវរកលទ្ធភាពអភិវឌ្ឍន៍ប្រព័ន្ធផ្លូវចម្ងាយជិត ១០ គីឡូម៉ែត្រចាប់ពីផ្លូវបេតុងជាប់ដងទន្លេមេគង្គទីប្រជុំជនឃុំព្រែកដំបូក មកកាន់តំបន់ប្រាសាទព្រះធាតុនេះ។
លោកបានបន្ថែមថា បន្ទាប់ពីស្ថាបនាបានផ្លូវល្អ និងមានសុវត្ថិភាពហើយយើងនឹងបង្កើតបង់គោល គឺដើម្បីធ្វើបទបង្ហាញរៀបរាប់ពីសក្តានុពលនៅតំបន់ប្រាសាទព្រះធាតុ និងតំបន់ជុំវិញជាច្រើនកន្លែងផ្សេងទៀតជម្រាប់ប្រាប់ភ្ញៀវទេសចរជាព័ត៌មាន។ ព្រោះក្រៅពីប្រាសាទមួយនេះ គឺនៅមានទីតាំងបុរាណជាច្រើនកន្លែងទៀត ដូចជា បន្ទាយបាកាន ទួលក្តី ទួលបាសាន …ជាដើមនោះ។
លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរបានប្រាប់ក្រុមអ្នកសារព័ត៌មានថា តំបន់ទួលបាសានធ្លាប់មានឈ្មោះជាខេត្តបាសាន ដែលបច្ចុប្បន្នជាតំបន់ទួលបាសានស្ថិតក្នុងឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ដែលមានប្រាសាទឈ្មោះ« ព្រះធាតុទួលបាសាន» គឺខេត្តនេះធ្លាប់ជារាជធានីរបស់ខ្មែរដែលមានព្រះរាជាគ្រងរាជច្រើនជំនាន់នៅទីនោះ។
លោកអភិបាលស្រុកបានបន្តថា តាមឯកសារស្រាវជ្រាវ គឺឆ្នាំ ១៣៩៤-១៤៦៣ ព្រះបាទពញាយ៉ាត ទ្រង់បានកកើនទ័ពនៅទីនោះចំនួន ប្រាំ ខែ ហើយលើកទ័ពវាយរំដោះក្រុងអង្គរពីសៀម។ ឆ្នាំ១៤៧២ -១៤៨៦ ព្រះបាទស្រីសុរិយោទ័យជាបុត្រព្រះបាទនរាយណ៍រាជា ត្រូវជាចៅព្រះបាទពញាយ៉ាត។ ដែលបានអាក់អន់ចិត្តមិនបានស្នងរាជពីបិតាក៏មកតាំងបង្កើតតំបន់ស្វ័យយ័ត្ននោះទីនោះ គ្រប់គ្រងទួលបាសាន រោងដំរី ព្រៃនគរ លង្ហោ ព្រៃបាក់ដែង ទៅដល់នគរចម្ប៉ា។
ឆ្នាំ ១៥៩៣-១៥១២ ព្រះបាទស្រីសុគន្ធបទជាបុត្រព្រះបាទធម្មោរាជា និងជាចៅព្រះបាទពញាយ៉ាតបានមកគង់នៅរាជវាំងទួលបាសាន ប្រកបកិច្ចការផែនដី។ ដោយទុកព្រះអនុចមហាឧបរាជ អង្គចន្ទគង់នៅគ្រប់គ្រងនៅរាជវាំងចតុមុខ។ ឆ្នាំ ១១៥៩៣-១៥៩៦ព្រះបាទរាមាជើងព្រៃ ជាក្សត្រដឹកនាំកងទ័ពវាយឡុកក្រុងលង្វែក ត្រូវបានសៀមដុតបំផ្លាញខ្ទេចអស់នោះ ក៏បានមកគង់នៅរាជធានីបាសានដែរ និងក៏បានសុគតនៅទីនោះ។
ឆ្នាំ១៥៩៦-១៦០៣ ស្តេច អង្គតន់ ,ស្តេច អង្គអន និងស្តេច កែវាពញាញោមជាស្តេចចោលម្សៀត និងចុងក្រោយឆ្នាំ១៦០៣-១៦១៨ ព្រះបាទស្រីសុរិយោពណ៌ ជាក្សត្រដែលទទួលការគោរពស្រឡាញ់ចូលចិត្តពីប្រជានរាស្រ្ត។ នៅពេលសៀមវាយឡុកក្រុងលង្វែកព្រះអង្គបានប្រយទ្ធយ៉ាងស្វិតស្វាញទល់នឹងចោរសៀម៕B/