ក្រុមអ្នកជាតិនិយមមីយ៉ាន់ម៉ារាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុងយាំងហ្គោនប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យទី៩កុម្ភៈក្នុងការបង្ហាញការគាំទ្រដល់យោធាចំពេលមានភាពតានតឹងរវាងរដ្ឋាភិបាលស៊ីវិលនិងកងទ័ព នៅមុនការបោះឆ្នោតដែលរំពឹងថានឹងធ្វើនៅចុងឆ្នាំនេះ។
ក្រុមអ្នកតវ៉ាប្រហែលមួយពាន់នាក់បានដើរជាក្បួនពីវត្តស្វេដាហ្គោន នៃទីក្រុងយាំងហ្គោន ទៅកាន់ទីប្រជុំជននៃសាលាក្រុងនេះដើម្បីចោទប្រកាន់រដ្ឋបាលរបស់ លោកស្រី អ៊ុង សាន ស៊ូជីថាមិនបានការពារពុទ្ធសាសនាដែលមានអ្នកកាន់ភាគច្រើនរបស់ប្រទេសនេះ និងស្នើសុំការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលនឹងកាត់បន្ថយអំណាចរបស់យោធា។
ការកែទម្រង់ដែលបានស្នើឡើងនេះ បាននាំឱ្យមានភាពតានតឹងរវាងគណបក្សសម្ពន្ធដើម្បីប្រជាធិបតេយ្យ(NLD)របស់ លោកស្រី អ៊ុង សាន ស៊ូជីនិងសមាជិកសភាយោធា ដែលមានសិទ្ធិបោះឆ្នោតវេតូលើការធ្វើវិសោធនកម្ម។
ដោយនិយាយនៅកន្លែងប្រមូលផ្តុំនោះ សកម្មជនជាតិនិយមម្នាក់បានរិះគន់អ្នកដែលមានគម្រោងជំរុញកំណែទម្រង់នេះ ដោយប្រៀបធៀបពួកគេទៅនឹងការផ្ទុះឡើងនៃកូរ៉ូណាវីរុសដ៏ប្រល័យ នៅប្រទេសចិន។
លោក បាននិយាយថា ” យើងអាចដឹងថាវីរុសនៃក្រុងវូហាននោះ មានគ្រោះថ្នាក់ដល់កម្រិតណានោះ ។ ខ្ញុំសូមប្រកាសពីទីនេះថាអ្នកដែលព្យាយាមផ្លាស់ប្តូររដ្ឋធម្មនុញ្ញនេះ គឺកាន់តែភ័យខ្លាចជាងវីរុសក្រុងវូហានទៅទៀត”។
អ្នកនាំពាក្យរដ្ឋាភិបាល លោកហ្សរ តាយ និងអ្នកនាំពាក្យគណបក្សNLDលោក មិនបានឆ្លើយតបនឹងការហៅទូរស័ព្ទពីក្រុមអ្នកសារព័ត៌មានរ៉យទ័រដើម្បីសុំធ្វើការអត្ថាធិប្បាយទេ។
វាគ្មិនផ្សេងៗទៀតនៅកន្លែប្រមូលផ្តុំនោះ បានតវ៉ាប្រឆាំងនឹងសុន្ទរកថារបស់រដ្ឋមន្ត្រីសាសនារបស់មីយ៉ាន់ម៉ាកាលពីខែមុន ដែលនៅក្នុងសុន្ទរកថានោះ លោកបានស្តីបន្ទោស ក្រសួងមហាផ្ទៃដែលគ្រប់គ្រងដោយយោធា ចំពោះការបរាជ័យរបស់រដ្ឋាភិបាលក្នុងការចាប់ខ្លួនឥស្សរជនជាតិនិយមមួយចំនួន ពីបទការបះបោរនិងញុះញង់ឱ្យមានអំពើហិង្សា។
ឥស្សរជនជាតិនិយមទាំងនោះ រាប់បញ្ចូលទាំងព្រះសង្ឃជាតិនិយម ព្រះនាមីរ៉ាធុ ដែលត្រូវបានគេស្គាល់ដោយសារពាក្យសម្តីវោហារសាស្ត្រខ្លាំងៗប្រឆាំងក្រុមជនជាតិភាគតិចអ៊ីស្លាមរ៉ូហ៊ីងយ៉ារបស់មីយ៉ាន់ម៉ា៕ប្រែសម្រួល៖សុខា/sn

អ្នកចូលរួមកាន់ទង់ជាតិមីយ៉ាន់ម៉ាក្នុងអំឡុងពេលប្រមូលផ្តុំជួបជុំរបស់ក្រុមជាតិនិយមនៅទីក្រុងយាំងហ្គោន ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៩ខែកុម្ភៈឆ្នាំ ២០២០