ដោយ:វិបុល/ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសអំពាវ នាវដល់ អាណាព្យាបាលទាំងអស់ ត្រូវរាយការណ៍ទៅក្រសួងជាបន្ទាន់ ប្រសិនបើដឹងថា គ្រូបង្រៀនរូបណា ដែលធ្វើសកម្មភាពយកលុយពីសិស្ស ទោះក្រោមហេតុផលណាក៏ដោយ។

ថ្លែងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងអប់រំ លោក ឌី ខាំបូលី បានអះអាងថា ជាគោលការណ៍ក្រសួងអប់រំ មិនឲ្យគ្រូបង្រៀនតាមសាលានានា យកលុយកាក់ពីសិស្សនោះទេ។ ប៉ុន្តែលោកបានទទួលស្គាល់ថា សព្វថ្ងៃនេះពិតជាមានការយកលុយពីសិស្ស នៅតាមសាលាមួយចំនួនតូចពិតប្រាកដ មែន ហើយក្រសួងកំពុងតែស៊ើបអង្កេត ដើម្បីចាត់វិធានការ។

លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា (រូបថត ៖ វិបុល)

អ្នកនាំពាក្យរូបនេះ បានអះអាងថា “…បើសិនមានព័ត៌មានបែបហ្នឹង សូមសហការជួយផ្តល់ព័ត៌មាន តាមរយៈខ្ញុំផ្ទាល់ក៏បាន តាមរយៈក្រុមអ្នកនាំពាក្យក្រសួងក៏បាន ដែលយើងមានលេខទូរស័ព្ទប្រកាសជាសាធារណៈរួចហើយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាស គ្រប់លេខទូរស័ព្ទអ្នកនាំពាក្យទាំងអស់ នៅគ្រប់ក្រសួងស្ថាប័ន…អញ្ចឹងអាចផ្តល់ព័ត៌មាននេះមកពេលណាក៏បាន ប្រសិនបើកើតឡើងមែន នឹងមានវិធានការជាបន្ទាន់ចំពោះបុគ្គលមួយចំនួនតូច ដែលធ្វើសកម្មភាពយកលុយកាក់ពីសិស្សអីជាដើម…”។

លោក ឌី ខាំបូលី បន្ដថា គ្រូបង្រៀនសព្វថ្ងៃមានចំនួនច្រើនណាស់ ហើយចំពោះការរាយការណ៍ពីសកម្មភាពយកលុយពីសិស្ស បើសិនមានការសហការ ពីគ្រប់មជ្ឈដ្ឋាននានានោះ គឺជារឿងដែលក្រសួងចង់បានបំផុត។

មកដល់ពេលបច្ចុប្បន្ន កម្ពុជាមានសាលារៀននៅទូទាំងប្រទេសសរុប ១៤,៥២២សាលា រាប់ចាប់ពីមត្តេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យ ក្នុងនោះសាលារដ្ឋមានចំនួន ១៣,៣០០សាលា។ គ្រឹះស្ថានបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ដែលរួមមានសាកលវិទ្យាល័យ និងវិទ្យាស្ថាននោះ មានចំនួន ១២៥សាលា ក្នុងនោះរដ្ឋមានចំនួន៤៨៕B/