ភ្លៀងធ្លាក់ខ្លាំងរយៈពេល៤ ថ្ងៃនៅទូទាំងឆ្នេរខាងកើតនៃប្រទេសអូស្ត្រាលីបានជួយឱ្យមានភាបធូរស្រាលបន្ទាប់ពីភ្លើងឆេះព្រៃដ៏បំផ្លិចបំផ្លាញអស់រយៈពេលជាច្រើនខែនិងគ្រោះរាំងស្ងួតជាច្រើនឆ្នាំ ប៉ុន្តែក៏មានការបំផ្លាញដោយព្យុះនិងការព្យាករណ៍ថានឹងអាកាសធាតុអាក្រក់ខ្លាំងថែមទៀតនៅពេលខាងមុខ។
ភ្លៀងកាលពីចុងសប្តាហ៍ជាភ្លៀងធ្លាក់ខ្លាំងបំផុតនៅទីក្រុងស៊ីដនីនិងតំបន់ជុំវិញនោះក្នុងអស់រយៈពេល ៣០ឆ្នាំចុងក្រោយនេះ ដោយភ្លៀងនេះ បានធ្វើរលត់ភ្លើងឆេះព្រៃមួយចំនួននិងបំពេញទំនប់ទឹកដែលរីងស្ងួតនៅរដ្ឋញូវសោតវេល ។
តំបន់ជនបទមួយចំនួនបានទទួលទឹកភ្លៀងច្រើនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះច្រើនជាងតំបន់ដែលមានភ្លៀងធ្លាក់ពេញមួយឆ្នាំកន្លងទៅដែលជាឆ្នាំ ភ្លើងឆេះព្រៃបានចាប់ផ្តើមឆាបឆេះយ៉ាងលឿនដែលបានសម្លាប់មនុស្សចំនួន៣៣ នាក់និងបានបង្កការបំផ្លិចបំផ្លាញនៅតំបន់ជាច្រើននៃឆ្នេរសមុទ្រភាគខាងកើតនេះ។
បង្គោលសញ្ញាព្រមានអំពីភ្លើងឆេះព្រៃត្រូវបានទឹកជំនន់ជន់លិចនៅក្នុងតំបន់ជាច្រើនខណៈដែលទឹកភ្លៀងចុងសប្តាហ៍នោះបានផ្តាច់ចរន្តអគ្គិសនីសម្រាប់ការផ្គត់ផ្គង់ផ្ទះរាប់ម៉ឺនខ្នងជាហេតុនាំឱ្យមានភាពច្របូកច្របល់ក្នុងការធ្វើដំណើរនៅទីក្រុងស៊ីដនីនិងសាលារៀនជាច្រើនបានបិទទ្វារនៅដើមសប្តាហ៍នេះ៕ប្រែសម្រួល៖សុខា

ជំនន់ទឹកភ្លៀង នៅទីក្រុងស៊ីដនី កាលពីថ្ងៃទី៩ខែកុម្ភៈ ឆ្នាំ២០២០