ការធ្វើតេស្តិ៍លើនាវាកម្សាន្តខ្នាតយក្សDiamond Princessបានរកឃើញអ្នកផ្ទុកកូរ៉ូណាវីរុសជាង៦០នាក់ទៀត នេះបើតាមការផ្សាយរបស់ទូរទ្សន៍ TBS TV កាលពីថ្ងៃចន្ទទី១០កុម្ភៈ។
សារព័ត៌មានក្នុងស្រុកមួយទៀតបានរាយការណ៍ថា ករណីអ្នកផ្ទុកកូរ៉ូណាវីរុសប្រមាណ៦០ទៀតត្រូវបានបញ្ជាក់ នាំអោយចំនួនអ្នកដំណើររួមទាំងនាវិកឆ្លងវីរុសនេះនៅលើនាវាកើនដល់ប្រមាណ១៣០នាក់។
ទោះជាយ៉ាងណា ក្រសួងសុខាភិបានជប៉ុននៅមិនទាន់បញ្ជាក់តួលេខនេះភ្លាមនៅឡើយទេ។
នាវាដឹកអ្នកដំណើរទេសចរណ៍ខ្នាតយក្សនេះ ត្រូវបានធ្វើចត្តាឡីស័ក(ដាក់នៅដាច់ពីគេ)រយៈពេល២សប្តាហ៍នៅពេលវាបានមកដល់ក្រុងយ៉ូកូហាម៉ាកាលពីថ្ងៃ០៣កុម្ភៈ បន្ទាប់ពីអតីតអ្នកដំណើរម្នាក់បានចុះនៅហុងកុងនិងត្រូវបានរកឃើញមានវីរុសកូរ៉ូណា។
មានអ្នកដំណើរនិងសមាជិកនាវាជាង៣.៧០០នាក់នៅលើនាវានៅពេលវាបានទៅដល់ជប៉ុនកាលពីសប្តាហ៍មុន។មនុស្សជាច្រើនត្រូវបាននាំទៅកាន់មន្ទីរពេទ្យនិងប្រមាណ៣.៦០០នាក់ស្ថិតនៅលើនាវានៅឡើយកាលពីថ្ងៃអាទិត្យ។
យោងតាមរបាយការណ៍ជប៉ុនមនុស្សជាច្រើនក្នុងនាវាក្តៅខ្លួននិងហាក់មិនស្រួលខ្លួន។អាជ្ញាធរសុខាភិបាលជប៉ុនបាននាំថ្នាំពេទ្យនិងគ្រឿងវេជ្ជសាស្ត្រខ្លះទៅអោយអ្នកនៅក្នុងនាវា។
នាវានេះត្រូវចតនៅយ៉ូកូហាម៉ាដល់ថ្ងៃ១៩កុម្ភៈដើម្បីធ្វើចត្តាលីស័ក។ការីនាវាបាននិយាយថាគេរកឃើញអ្នកឆ្លង៦៦ករណីថ្មីបន្ថែមលើអ្នកផ្ទុក៧០នាក់ដែលត្រូវបានរកឃើញកាលពីមុន។
រដ្ឋមន្ត្រីសុខាភិបាលជប៉ុនបាននិយាយថា រដ្ឋាភិបាលជប៉ុនមានផែនការធ្វើការពិនិត្យសុខភាពមនុស្សទាំងអស់នៅក្នុងនាវា ដែលវាទាមទារអោយពួកគេបន្តនៅក្នុងនាវារហូតដល់ការទទួលលទ្ធផលពិនិត្យសុខភាព៕ប្រែសម្រួល៖វាសនា
នាវាDiamond Princessត្រូវចតនៅយ៉ូកូហាម៉ាដល់ថ្ងៃ១៩កុម្ភៈដើម្បីធ្វើចត្តាលីស័ក។កន្លងមកបុគ្គលិកពេទ្យជប៉ុនបានរកឃញអ្នកផ្ទុកវីរុសជាង១០០នាក់នៅលើនាវា