ខេត្តសៀមរាប៖ ហត្ថាកសិករ លីមីតធីត ដែលគេស្គាល់ថាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដ៏ធំមួយក្នុងប្រទេសកម្ពុជា បានរៀបចំមហាសន្និបាតប្រចាំឆ្នាំ លើកទី២៣ក្រោមប្រធាន បទ “ឌីជីថលនីយកម្ម” ដែលប្រព្រឹត្តិទៅនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងខេត្ត សៀម រាប ដោយមានការអញ្ជើញចូលរួមពីតំណាងភាហ៊ុនិកប្រធានក្រុមប្រឹក្សាភិបាល សមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់គ្រប់គ្រង និងបុគ្គលិកសរុប ប្រមាណ ៤០០នាក់។

មហាសន្និបាតប្រចាំឆ្នាំត្រូវបានប្រារព្ធឡើងក្នុងគោលបំណង អបអរសាទរ សមិទ្ធផល ដែលសម្រេចបានក្នុងឆ្នាំ២០១៩ និងបង្ហាញពីផែនការយុទ្ធសាស្រ្ត គោល ដៅ ព្រមទាំងផែនការសម្រាប់ឆ្នាំ ២០២០។ បន្ថែមពីលើនេះទៀត កម្មវិធីប្រចាំឆ្នាំ នេះក៏ មានគោលបំណងក្នុងការថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារដើម្បីនាំភាពរីកចម្រើន និងជោគជ័យដល់ហត្ថាកសិករ ព្រមទាំងផ្សាភ្ជាប់ការតាំងចិត្តក្នុងការសម្រេចផែនការសម្រាប់ឆ្នាំថ្មីនិងការបង្កើតឲ្យមាន ការជួបជុំរវាងបុគ្គលិកគ្រប់ការិយាល័យសាខា ដើម្បីបង្កើតទំនាក់ទំនងល្អ និងភាព សប្បាយរីករាយ។

លោក ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ហត្ថាកសិករ លីមីតធីត បានមាន ប្រសាសន៍ថា៖ “ឆ្នាំ២០១៩ គឺជាឆ្នាំប្រកបដោយភាពជោគជ័យបំផុត សម្រាប់ ហត្ថាកសិករ ទាំងមូល ដោយសមតុល្យប្រាក់បញ្ញើសន្សំ ផលប័ត្រឥណទាន និងប្រាក់ ចំណូលសរុបប្រចាំឆ្នាំសម្រេចបានលើសផែនការដែលបានកំណត់”។ លោកបាន បន្ថែមថា “សម្រាប់ឆ្នាំ២០២០នេះ ហត្ថាកសិករ នឹងប្រែមុខមាត់ ថ្មីដែលថ្នាក់គ្រប់គ្រង គ្រប់ជាន់ថ្នាក់ និងបុគ្គលិកទាំងអស់ចាំបាច់ត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់យក ចំណេះជំនាញបន្ថែមទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗ ដើម្បីបំពេញនូវតម្រូវការ និងបម្រើ ដល់ អតិថិជនប្រកបដោយប្រសិទ្ធភាពខ្ពស់”។ នាឱកាសនេះដែរលោកបាន បង្ហាញនូវ សមិទ្ធផលដែលសម្រេចបានគិតត្រឹមខែធ្នូ ឆ្នាំ២០១៩ ដែលរួមមាន ផលប័ត្រឥណទាន សម្រេចបាន ១,០៥១ពាន់លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើសន្សំសរុបចំនួន ៥៩៩លានដុល្លារអាមេរិក ប្រាក់ចំណេញសុទ្ធ ២៨.៩០លានដុល្លារអាមេរិក ហើយជា ពិសេស នោះគឺផលប័ត្រឥណទានស្ថិតក្នុងកម្រិតហានិភ័យ មានអត្រាទាប ត្រឹមតែ ០.៣៧% ប៉ុណ្ណោះ។

លោក Dan Harsono ប្រធានក្រុមប្រឹក្សាភិបាល ហត្ថាកសិករ លីមីតធីត បានមាន ប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់គណៈគ្រប់គ្រង និងបុគ្គលិកហត្ថាកសិករទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដើម្បី សម្រេចបាន សមិទ្ធផលដ៏ល្អ ក្នុងឆ្នាំ ២០១៩”។ លោកបន្តថា “រយៈពេលជាង ៣ឆ្នាំ មកហើយ ដែលខ្ញុំបានធ្វើការជាមួយ ហត្ថាកសិករ លីមីតធីត ហើយខ្ញុំនៅតែមាន សុទិដ្ឋិនិយមខ្ពស់ចំពោះហត្ថាកសិករ ដែលសំបូរទៅដោយថ្នាក់គ្រប់គ្រង និងបុគ្គលិក ឆ្នើម មានទេពកោសល្យ និងមានសមត្ថភាពខ្ពស់ ដូច្នេះខ្ញុំជឿជាក់យ៉ាង មុតមាំថា ហត្ថាកសិករ នឹងទទួលបានសមិទ្ធផលកាន់តែល្អថែមទៀតក្នុងឆ្នាំ២០២០នេះ“។ “គោលដៅចំបងដែលធនាគារក្រុងស្រ៊ី ចូលរួមជាមួយ ហត្ថាកសិករ គឺក្នុងគោល បំណងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា និងធ្វើឲ្យហត្ថាកសិករ លីមីតធីត ក្លាយជា ធនាគាពាណិជ្ជ ដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជាក្នុងពេលខាងមុខនេះ” លោកបានបន្ថែម។

លោក Seiichiro Akita ប្រធានអគ្គនាយក ធនាគារក្រុងស្រ៊ីនៃព្រះរាជាណាចក្រ ថៃឡង់ដ៏ ដែលជាក្រុមហ៊ុនអាណាព្យាបាលរបស់ ហត្ថាកសិករ លីមីតធីត បានបង្ហាញ ពីអារម្មណ៍សប្បាយរីករាយដែលបានចូលរួមក្នុងកម្មវិធីនេះ ព្រមទាំងធ្វើការ កោត សរសើរ ដល់ក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រងរបស់ហត្ថាកសិករ ដែលបានដឹក នាំហត្ថកសិករ ឲ្យទទួលបានសមិទ្ធផលដ៏ត្រចះត្រចង់។ លោកបាន មានប្រសាសន៍ថា “ខ្ញុំសូមអរគុណដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ជាពិសេសលោកឧកញ៉ា ហួត អៀងតុង ដែលបានដឹកនាំហត្ថាកសិករ លីមីតធីត ឲ្យទទួលបានការរីកចម្រើន ដូចសព្វថ្ងៃនេះ។ សមិទ្ធផលដ៏ល្អអស្ចារ្យនេះ គឺពិតណាស់កើតឡើងពីការចូលរួម ការខិតខំប្រឹងប្រែង និងការបេ្តជ្ញាចិត្តរបស់អ្នកទាំងអស់គ្នា”។ លោកបានបន្តថា “MUFG ដែលជាធនាគារធំជាងគេនៅប្រទេសជប៉ុន និងធនាគារក្រុង ស្រ៊ីនៃ ព្រះរាជា ណាចក្រ ថៃឡង់ មានចក្ខុវិស័យវែងឆ្ងាយ និងការតាំងចិត្តខ្អស់ ក្នុងការចូលរួមអភិវឌ្ឍ ប្រទេស CLMV ដែលរួមមានប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសភូមា និងប្រទេស វៀតណាម ជាពិសេសគឺប្រទេសកម្ពុជា និង ប្រទេសផ្សេងៗទៀតនៅតំបន់ អាស៊ី អាគ្នេយ៍ ហើយខ្ញុំជឿជាក់ថា ហត្ថាកសិករ នឹងក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុមួយដែល រឹងមាំជាងគេនៅក្នុងប្រទេសកម្ពុជា ជាមួយគ្នានឹងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ធនាគារ ក្រុងស្រ៊ី និងMUFG”។

លោកបានបន្ថែមថា “កម្មវិធីថ្ងៃនេះផ្តោតសំខាន់ទៅលើ ឌីជីថលនីយកម្មដែលជា ផ្នែកមួយដ៏សំខាន់ សម្រាប់គ្រប់វិស័យនាពេលបច្ចុប្បន្ន ហើយយើងគ្រប់គ្នាចាំ បាច់ ត្រូវអភិវឌ្ឍផែ្នក ឌីជីថលដើម្បីថែរក្សា និងបន្តនូវគុណភាពសេវាកម្មឲ្យកាន់ តែល្អប្រសើរជូនដល់ដល់អតិថិជន”។ “ខ្ញុំពិតជាជឿជាក់ថាហត្ថាកសិករអាចជម្នះ និងបន្តដំណើរទៅមុខប្រកបដោយភាពជោគជ័យកាន់តែខ្លាំងថែមទៀត” លោកបានបន្ថែម។

ហត្ថាកសិករ លីមីតធីត មានបទពិសោធន៍ជាង២៦ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុង ប្រទេស កម្ពុជា។ បច្ចុប្បន្ននេះ ហត្ថាកសិករ លីមីតធីត មានការិយាល័យសាខាចំនួន ១៧៧ ដើម្បីបម្រើសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាបើកប្រាក់បៀរវត្ស និងសេវាធនាគារចល័តជូនអតិថិជន ព្រមទាំងមានទូអេធីអឹម ចំនួន ១៣៧ នៅទូទាំង ២៥ ខេត្ត/ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ហត្ថាកសិករ លីមីតធីត គឺជាបុត្រសម្ព័ន្ធធនាគារក្រុងស្រ៊ី (Krungsri) ដែលជាធនាគារ ពាណិជ្ជធំ បំផុតលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់ MUFG ដែលជា សម្ព័ន្ធធនាគារ ធំជាងគេនៅប្រទេសជប៉ុន និងជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតមួយ នៅក្នុងពិភពលោក។