ដោយៈសុផល/ភ្នំពេញៈ សិក្ខាសាលាស្តីពីការបង្រៀនភាសាអង់គ្លេស CamTESOL ប្រចាំឆ្នាំលើកទី១៦ បានទទួលស្វាគមន៍អ្នកចូលរួមប្រមាណជាង ១៦០០នាក់ មកពី៣១ប្រទេស មកកាន់រាជធានីភ្នំពេញ។ CamTESOLដែលត្រូវបានរៀបចំដោយស្ថាប័នIDPEducationជាស្ថាប័នឈានមុខលើពិភពលោកក្នុងការបញ្ជូនសិស្សនិស្សិតទៅសិក្សានៅបរទេសមាននូវការធ្វើបទបង្ហាញចំនួនជាង៥០០ដោយអ្នកជំនាញក្នុងវិស័យបង្រៀនភាសាអង់គ្លេសចំនួនជាង៤០០នាក់ក្នុងប្រទេសកម្ពុជានិងបណ្តាប្រទេសនានាលើសកលលោក។

CamTESOLប្រចាំឆ្នាំលើកទី១៦ត្រូវបានប្រារព្ធឡើងពីថ្ងៃទី៧ដល់ថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២០នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាលើប្រធានបទ“ការបង្រៀនភាសាអង់គ្លេសក្នុងសតវត្សន៍ទី២១:វិធីសាស្ត្រសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព”។បន្ទាប់ពីបង្កើតឡើងរយៈពេលជាង១៦ឆ្នាំCamTESOLក្លាយជាវេទិកាដ៏សំខាន់មួយក្នុងការចែករំលែកចំណេះដឹងអំពីការបង្រៀនភាសាអង់គ្លេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ជារៀងរាល់ឆ្នាំCamTESOLបានប្រមូលផ្តុំគ្រូបង្រៀនភាសាអង់គ្លេសគ្រូឧទ្ទេសអ្នកស្រាវជ្រាវក្នុងវិស័យបង្រៀនភាសាអង់គ្លេសនិងភាសាវិទ្យាបុគ្គលិករដ្ឋបាលតាមស្ថាប័នសិក្សាអ្នកអប់រំដែលមានចំណាប់អារម្មណ៍លើការអប់រំភាសាអន្តរជាតិតំណាងក្រសួងអប់រំយុវជននិងកីឡាអ្នកជំនាញនិងអ្នកស្រាវជ្រាវអន្តរជាតិដែលមានបំណងបង្កើត និងពង្រឹងនូវទំនាក់ទំនងក្នុងវិស័យបង្រៀនភាសាអង់គ្លេស។

ការបើកសិក្ខាសាលាជាផ្លូវការត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃសុក្រទី៧ខែកុម្ភៈក្រោមគណៈអធិបតីភាពពីសំណាក់ លោក បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក Pablo Kangឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជាលោកស្រីTinaRedshawឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជា លោក Arend Zwartjes តំណាងស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជានិងលោក ម៉ៅ ស្រេង នាយកស្ថាប័ន IDP Education ប្រចាំប្រទេសកម្ពុជា។

លោកបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនបានមានប្រសាសន៍ថា”ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយណាស់ដែលអ្នកចូលរួមទាំងអស់បានចែករំលែកវិធីសាស្ត្របង្រៀនភាសាអង់គ្លេសឱ្យ មានប្រសិទ្ធិភាព។ គ្រូបង្រៀនមាននាទីដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំ”។លោកPabloKangបានរៀបរាប់ពីមុខងារនៃគ្រូបង្រៀនភាសាអង់គ្លេសក្នុងការអភិវឌ្ឍថា”គ្រូបង្រៀនមាននាទីសំខាន់ក្នុងការអប់រំភាសាអង់គ្លេសដល់សិស្សជំនាន់ក្រោយ ព្រោះវាគឺជាជំនាញដ៏មានសារៈប្រយោជន៍”។

លោកស្រីTinaRedshawបានថ្លែងថា”គ្រូបង្រៀនក្នុងប្រទេសកម្ពុជាប្រហែលជាមិនមានឳកាសច្រើនក្នុងការធ្វើដំណើរទៅចូលរួមសិក្ខាសាលាធំៗនៅប្រទេសផ្សេងៗដូច្នេះការដែលCamTESOLនាំអ្នកចូលរួមមកកាន់ប្រទេសកម្ពុជាគឺជាគំនិតដ៏អស្ចារ្យមួយ”។

គួរបញ្ជាក់ផងដែរថានៅសិក្ខាសាលាក៏មានការតាំងពិព័រណ៍ដែលចូលរួមដាក់បង្ហាញសម្ភារៈនិងសេវាកម្មទាក់ទងនឹងការបង្រៀនភាសាអង់គ្លេសដោយស្ថាប័នជាតិ និងអន្តរជាតិមួយចំនួនដូចជា Cambridge English Assessment, Oxford University Press, National Geography Learning និង Macmillan Publishers។

ក្នុងចំណោមអ្នកចូលរួមទាំង១៧០០នាក់មានគ្រូបង្រៀននិងអ្នកអប់រំភាសាអង់គ្លេសជនជាតិកម្ពុជាចំនួនប្រមាណជាង ១០០០នាក់ ដែលភាគច្រើនជាគ្រូបង្រៀនមកពីតាមបណ្តាខេត្ត។សិក្ខាសាលា ក៏មាននូវបទបង្ហាញនិងវេទិកាពិភាក្សាពិសេសដោយអ្នកជំនាញក្នុងប្រទេសកម្ពុជានិងបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោករួមមានសហរដ្ឋអាមេរិកអូស្ត្រាលីចក្រភពអង់គ្លេសនូវែលហ្សេឡង់និងសាំងហ្កាពួរ។

លោកម៉ៅស្រេងបានថ្លែងថា“CamTESOLមានភាពសោមនស្សរីករាយណាស់ដែលទទួលបាននូវការគាំទ្រ និងការចូលរួមពីសំណាក់អ្នកអប់រំ និងស្ថាប័នជាច្រើន ទាំងក្នុង និងក្រៅប្រទេសកម្ពុជា ដែលបានធ្វើអោយប្រទេសកម្ពុជាក្លាយទៅជាវេទិកាដ៏សំខាន់ក្នុងតំបន់និងឆាកអន្តរជាតិក្នុងការចែករំលែករបកគំហើញថ្មីៗ និងវិធីសាស្ត្រក្នុងការស្រាវជ្រាវ ការរៀននិងការបង្រៀនភាសាអង់គ្លេស”។

CamTESOL ទទួលបានការគាំទ្រពីសំណាក់ ក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូតអូស្ត្រាលី ស្ថានទូតអាមេរិកស្ថានទូតអង់គ្លេសនិងស្ថាប័ននានាព្រមទាំងបុគ្គលដែលពាក់ព័ន្ធនៅក្នុងវិស័យបង្រៀនភាសាអង់គ្លេសក្នុងប្រទេសកម្ពុជាតំបន់អាស៊ីអាគ្នេយ៍និងអន្តរជាតិ។CamTESOLត្រូវបានទទួលស្គាល់ចំពោះមុខងារ និងការរួមចំណែក ក្នុងការរីកលូតលាស់ និងភាពល្បីល្បាញរបស់សិក្ខាសាលា ព្រមទាំងការរីកចំរើននៃស្តង់ដារការបង្រៀន និងការរៀនភាសាអង់គ្លេសផងដែរ។

អ្នកចូលរួមមកពីប្រទេសវៀតណាមម្នាក់បានចែករំលែកបទពិសោធន៍របស់គាត់ក្រោយពីចូលរួម CamTESOLជាលើកទី៣ថា”CamTESOLជាសិក្ខាសាលាដ៏សំខាន់ដែលមានអ្នកចូលរួមមកពីជុំវិញពិភពលោកហើយការរៀបចំនិងដឹកនាំគឺធ្វើឡើងដោយរលូនទៅតាមពេលវេលាដែលកំណត់ទុក”។

សិក្ខាសាលា CamTESOL ប្រចាំឆ្នាំលើកទី១៧ នឹងធ្វើឡើងនៅថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ២០២១ក្រោមប្រធានប“ActionsandInnovationsinTeachingandLearning”។សម្រាប់ការចុះឈ្មោះធ្វើបទបង្ហាញ ឬ ចូលរូម សូមចូលទៅកាន់ www.camtesol.org ៕S/




