ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេរមភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោកបានជំរុញឱ្យមេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរងនិងពលទាហានទូទាំងយោធភូមិភាគទី៥ ប្រកាន់យកការសម្រេចចិត្តច្បាស់លាស់។
លោកឧត្តមសេនីយ៍បន្តថា ត្រូវប្រុងប្រយ័ត្នជាមួយនឹងការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយក្នុងការបំពេញតួនាទីនិងភារកិច្ចក្នុងនាមកងយោធពលខេមរភូមិន្ទស្របតាមរដ្ឋធម្មនុញ្ញច្បាប់និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជាដើម្បីសម្រេចបានសមិទ្ធផលកាន់តែល្អប្រសើរជូនជាតិប្រជាជននិងមាតុភូមិ។
ការថ្លែងរបស់លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០១៩និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២០ របស់យោធភូមិភាគទី៥ នៅខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។
ជាមួយគ្នានេះមេបញ្ជាការកងទ័ពជើងគោកបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យោធភូមិភាគទី៥ ដែលពេញមួយឆ្នាំ២០១៩កន្លងទៅនេះបានយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការការពារឯករាជ្យ អធិបតេយ្យ។ការពារបូរណភាពទឹកដីការធានានូវសន្តិភាព ស្ថិរភាព សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរនិងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ក៏ដូចជាការចូលរួមចំណែកក្នុងការអនុវត្តន៍ផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ ដែលកំពុងដំណើរការ។
លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតបានលើកឡើងថា សមិទ្ធផលការងារទាំងនេះស្តែងឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយពលិកម្ម និងការប្តេជ្ញាចិត្តរបស់មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាននាយទាហានរងនិងពលទាហានទូទាំងយោធភូមិភាគទី៥។
ក៏អាចនិយាយបានថា ជាផ្លែផ្កានៃសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងល្អដែលថ្នាក់ដឹកនាំនិងយោធិនទូទាំងយោធភូមិភាគទី៥បានខិតខំរួបរួមគ្នាសម្រេចបានក្នុងរយៈកាលកន្លងមកនេះ។សង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ ព្រមទាំងយោធិនទូទាំងយោធភូមិភាគទី៥នឹងបន្តប្រកាន់ខ្ជាប់នូវស្មារតីនិងគោលការណ៍ទាំងនេះដើម្បីធានាបាននូវនិរន្តរភាពការងារ និងការរីកចម្រើនរបស់យោធភូមិភាគបន្តទៅមុខទៀត៕S/Ha
រូបថត៖លោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតនាយទាហាននាយទាហានរងនិងពលទាហាននៅយោធភូមិភាគទី៥