ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​បុរស​ជនជាតិ​ចិន​ឈ្មោះ​ចាង​ជិន​ហូ​ដែល​ឆ្លង​ជំងឺ​រលាក​សួត​កូ​រ៉ូ​ណា​បាន​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០២០​ក្រោយ​ព្យាបាល​ជា​ពី​ជំងឺ​នេះ ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​រយៈពេល​២​សប្តាហ៍​កន្លងមក​។​

​ក្នុងពេល​អ្នកជំងឺ​រូបនេះ​ចេញពី​មន្ទីរពេទ្យ​ក៏មាន​វត្តមាន​លោក​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក​សាយ​សំ​អាល់​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​ព្រះសីហនុ​លោក​ឯកអគ្គរដ្ឋទូត​ប្រទេស​ចិន​ប្រចាំ​កម្ពុជា​និង​លោក​ឈិន​សេង​ងួន​អភិបាលរង​ខេត្ត​ក្នុងនាម​រដ្ឋបាលខេត្ត​ព្រះសីហនុ​អញ្ជើញ​ជួប​សំណេះសំណាល​និង​ជូន​ដំណើរ​បុរស​ជនជាតិ​ចិន​រូបនេះ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ផងដែរ​។

​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​មានប្រសាសន៍ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា បើទោះជា​បុរស​ជនជាតិ​ឈ្មោះ​ចាង​ជិន​ហូ​បានជា​សះស្បើយ​ហើយ​ក្រសួងសុខាភិបាល​បានរៀបចំ​ឱ្យចេញ​ពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​នៅថ្ងៃនេះ​ក្តី​។​ប៉ុន្តែ​ការប្រុងប្រយ័ត្ន​ការពារ​នៅតែ​ធ្វើ​បន្ត​។

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា​គិត​ត្រឹម​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​នៅ​កម្ពុជា​មិនឃើញ​មាន​អ្នក​ឆ្លង​ថ្មី​ណា​ម្នាក់​ឡើយនិង​ថា​ក្រសួង​នឹង​ចាត់វិធានការ​ប្តឹង​ចំពោះ​អ្នក​ផ្សាយ​ព័ត៌មាន​ប្រឌិត​ពី​រោគ​កូ​រ៉ូ​ណា​បង្កចលាចល​ក្នុងប្រទេស​កម្ពុជា​និង​សុំឱ្យ​ពលរដ្ឋ​ស្តាប់​ឬ​មើល​ព័ត៌មាន​ផ្លូវ​ការដែល​ចេញផ្សាយ​ដោយ​ក្រសួងសុខាភិបាល​។​

មុន​ត្រឡប់​ចេញពី​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​លោក​ចាង​ជិន​ហូ​វ​យ័​៦០​ឆ្នាំ​បាន​លើកដៃ​សំពះ​ថ្លែងអំណរគុណ​ជា​សាធារណៈ​តាមរយៈ​អ្នកបកប្រែ​ភាសា​ថា​៖-​សូម​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​-​សូម​អរគុណ​ក្រសួងសុខាភិបាល​កម្ពុជា​-​សូម​អរគុណ​រដ្ឋបាលខេត្ត​ព្រះសីហនុ​-​សូម​អរគុណ​វេជ្ជបណ្ឌិត គ្រូពេទ្យ​ទាំងអស់​
-​សូម​អរគុណ​ប្រជាជន​កម្ពុជា​ទាំងអស់​-​សូម​អរគុណ​សណ្ឋាគារ​ឃ្វី​ន​កូ​ក្រុងព្រះសីហនុ​។​

​ចំពោះ​អ្វីដែល​លោក​បានទទួល​ការយកចិត្តទុកដាក់​ជួយ​ទំនុកបម្រុង​ទាំង​រូបលោក​ផ្ទាល់​និង​ក្រុមគ្រួសារ​របស់លោក​អំឡុង​ពេល​រូបលោក​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​២​សប្តាហ៍​កន្លងមកនេះ​៕S/​