ដោយ​:​អង្គរតូច​/​ខេត្តសៀមរាប​៖​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ស្វាយ​លើ​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១០ ខែកុម្ភ​:​បាន​ស្ទាក់ចាប់​គោយន្ត​ដឹកឈើ​ល្មើសច្បាប់​បី​គ្រឿង​ត្រង់ចំណុច​ភូមិ​បឹងមាលា​ឃុំ​បឹងមាលា​ស្រុក​ស្វាយ​លើ​។

លោក​ម៉ុង​ប៊ុន​លីម​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បានឱ្យដឹងថា​ពិតជា​មានការ​បង្ក្រាប​គោយន្ដ​កន្ត្រៃ​ដឹកឈើ​ល្មើសច្បាប់ ជា​ប្រភេទ​ឈើ​អារ​ចំនួន​៣​គ្រឿង​មែន​។ ឈើ​អារ​ដែល​បាន​បង្ក្រាប​នេះ​មាន​ចំនួន ១២៩ សន្លឹក​ស្មើ​និង​៦,១៣៥​ម៉ែត្រគូប​។​ពួកគេ​បាន​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ​។​

ក្នុងពេលដែល​បទល្មើស​មកដល់​ត្រង់ចំណុច​ភូមិ​បឹងមាលា​ឃុំ​បឹងមាលា​ស្រុក​ស្វាយ​លើ​ស្រប​និង​ពេល​សមត្ថកិច្ច​ចុះទៅ​ដល់​នោះ​ពួកគេ​បាន​រត់គេចខ្លួន​បាត់អស់​បន្សល់​តែ​ឈើ​និង​គោយន្ត​។ លោក​បន្តថា​ឈើ​ទាំងនេះ​ដឹក​ចេញពី​ព្រំប្រទល់​ខេត្តព្រះវិហារ​ដោយ​ឆ្លងកាត់​ស្រុក​ស្វាយ​លើ​ហើយក៏​ត្រូវ​កម្លាំង​ជំនាញ​ឆ្មក់​បង្ក្រាប​ជាក់ស្តែង​តែម្តង​។​វត្ថុតាង​រក្សាទុក​នៅ​ទីស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្វាយ​លើ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕S/​