ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖កាលពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២០មន្ត្រីសាខាកាំកុងត្រូលសហការជាមួយមន្ទីរពាណិជ្ជកម្មនិងអាជ្ញាធរដែនដីខេត្តព្រះវិហារបានចុះផ្សព្វផ្សាយ-អប់រំស្តីពីសុវត្ថិភាពម្ហូបអាហារ ដល់សិស្សានុសិស្សវិទ្យាល័យហ៊ុនសែនដូនទុន។ស្ថិតក្នុងភូមិឆែបលិចឃុំឆែប១ស្រុកឆែបខេត្តព្រះវិហារ ដែលមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចូលរួមសរុប ចំនួន១៧៥នាក់ស្រីចំនួន៨២នាក់។

លោកដួងមុនីប្រធានសាខាកាំកុងត្រូលខេត្តបានថ្លែងឱ្យដឹងថាការផ្សព្វផ្សាយនាពេលនេះគឺជាចំណេះដឹងមូលដ្ឋានអំពីសុវត្ថិភាពម្ហូបអាហារដែលមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គមនិងជីវភាពប្រចាំថ្ងៃ។ព្រោះការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារគឺជាការទទួលខុសត្រូវរួមគ្នាទាំងស្ថាប័នជំនាញទាំងអ្នកនាំចូលអ្នកផលិត អ្នកចែកចាយនិងយើងទាំងអស់គ្នា ជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត។

លោកបានបន្តថា ការផ្សព្វផ្សាយនាពេលនេះ ផ្តោតសំខាន់ទៅលើចំណុចដូចខាងក្រោមនិយមន័យគុណភាពនិងសុវត្ថិភាពម្ហូបអាហាររបៀបមើលថ្ងៃផុតកំណត់ និងថ្ងៃផលិតរបស់ផលិតផលផលប៉ះពាល់ទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់។សារធាតុហាមឃាត់ដាក់ក្នុងម្ហូបអាហារ (Boax, Formalin, Sodium Hydrosulfite)ផលប៉ះពាល់ទំនិញ ផ្ទុកសារធាតុគីមី ហាមឃត់ក្នុម្ហួបអាហារ។

ក្នុងឱកាសនោះមន្ត្រីកាំកុងត្រូលបានណែនាំអំពីរបៀបជ្រើសរើសផលិតផលម្ហូបអាហារដែលមានសុវត្ថិភាពយកមកបរិភោគមានដូចជាស្លាកសញ្ញាថ្ងៃខែឆ្នាំផលិតឬផុតកំណត់រយៈពេលប្រើប្រាស់។សំបកវេចខ្ចប់ផលិតផលនិងផលប៉ះពាល់ដល់សុខភាពដែលបណ្តាលមកពីការបរិភោគម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ឬសំណល់ថ្នាំកសិកម្ម។ល។៕S/
