ក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃចន្ទទី១០កុម្ភៈថា ទាហានអាម៉េរិកជាង ១០០ នាក់បានរងរបួសខួរក្បាលកម្រិត “ស្រាល” គឺស្រាលជាងឆ្ងាយណាស់ពីអ្វីដែលបានប្រកាសកាលពីគ្រាដំបូង នៅពេលអ៊ីរ៉ង់បាញ់មីស៊ីលដាក់មូលដ្ឋានរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែមុន។
មន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រហូតមកដល់ថ្ងៃនេះ សមាជិកទាហានអាម៉េរិកចំនួន ១០៩ នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានរបួសខួរក្បាលកម្រិតស្រាលឬ mTBI ពោលគឺកើនឡើងចំនួន ៤៥ នាក់ទៀត ចាប់តាំងពីរបាយការណ៍មុន”។
ក្នុងចំណោមនោះមាន ៧៦ នាក់បានវិលត្រឡប់មកបំពេញភារកិច្ចវិញខណៈនៅផ្សេងទៀតកំពុងត្រូវគេវាយតម្លៃនិងព្យាបាល។
ប្រធានាធិបតីដូណាល់ត្រាំបាននិយាយពីដំបូងថា គ្មានជនជាតិអាម៉េរិកណាម្នាក់រងរបួសនៅក្នុងការវាយប្រហារដាក់មូលដ្ឋានអាអ៊ីនអាល់អាសាដនៅភាគខាងលិចអ៊ីរ៉ាក់កាលពីយប់ថ្ងៃទី ៧-៨ ខែមករានោះទេ ទោះបីអាជ្ញាធរបានរាយការណ៍ថា កងទ័ពចំនួន ១១ នាក់បានរងរបួសក៏ដោយ។
អ៊ីរ៉ង់បានបាញ់មីស៊ីលឆ្លងទ្វីបដាក់មូលដ្ឋានទ័ពអាម៉េរិកដើម្បីសងសឹកចំពោះការវាយប្រហារដោយដ្រូនរបស់អាម៉េរិកកាលពីថ្ងៃទី ៣ ខែមករាដែលបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ កាសសេម សូឡីម៉ានី ខណៈគាត់កំពុងស្ថិតនៅក្នុងទីក្រុងបាកដាដ។
លោកត្រាំត្រូវគេយល់បានថាព្យាយាមកាត់បន្ថយផលប៉ះពាល់មកលើកងទ័ពអាម៉េរិកដើម្បីជួយសម្រាលភាពតានតឹងរវាងប្រទេសទាំងពីរ ចំពេលមានការព្រួយបារម្ភថាសង្គ្រាមពេញទំហឹងអាចផ្ទុះឡើង៕ ដោយ៖ កញ្ញាដាលីស/Ha
