ក្នុងសន្និសីទកាសែត រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា កាលពីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងអប់រំ យុវជន និងកីឡា លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសពីការខិតខំ របស់ក្រសួង ក្នុងការលុបបំបាត់ភាពអសកម្មមួយចំនួន ដែលបាន កើតមានក្នុងវិស័យអប់រំ ដូចជា សកម្មភាពគ្រូបង្រៀន ប្រមូលយកលុយពីសិស្ស ឬបង្ខំឲ្យសិស្ស រៀនគួរបន្ថែមម៉ោង ជាដើម។
លោក ឌី ខាំបូលី បានបញ្ជាក់ថា ជាគោលការណ៍ ក្រសួងអប់រំ មិនឲ្យគ្រូបង្រៀនតាមសាលានានា យកលុយពីសិស្សនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកទទួលស្គាល់ថា សកម្មភាពបែបនេះ ពិតជាបានកើតមានទៅហើយ នៅតាមសាលា រៀនពិសេសនៅថ្នាក់បឋមសិក្សា។
បើតាមអ្នកនាំពាក្យក្នុងករណីរកឃើញ ឬបានទទួលព័ត៌មានណាមួយ ពីសកម្មភាពអសកម្មនេះ អ្នកសារព័ត៌មានឬសារធារណៈជនទូទៅ អាចជូនព័ត៌មាន ឬរាយការណ៍មកក្រសួងនោះក្រុម ការងារក្រសួងអប់រំ យុវជន និងកីឡា នឹងមានវិធានការជាបន្ទាន់ ចំពោះបុគ្គលមួយចំនួនតូច ដែលធ្វើសកម្មភាពអសកម្មទាំងនេះ។
លោក ឌី ខាំបូលី បានបញ្ជាក់ថា «បើសិនមានព័ត៌មានបែបហ្នឹង សូមសហការជួយផ្តល់ព័ត៌មាន តាមរយៈខ្ញុំផ្ទាល់ក៏បាន តាមរយៈក្រុមអ្នកនាំពាក្យក្រសួងក៏បាន ដែលយើងមានលេខទូរស័ព្ទ ប្រកាសជាសាធារណៈរួចហើយ អង្គភាពអ្នកនាំពាក្យរាជ រដ្ឋាភិបាល បានប្រកាសគ្រប់លេខ ទូរស័ព្ទអ្នកនាំពាក្យទាំងអស់ នៅគ្រប់ក្រសួងស្ថាប័ន។ អញ្ចឹងអាចផ្តល់ព័ត៌មាននេះមក ពេលណាក៏បាន ប្រសិនបើកើតឡើងមែននឹងមានវិធានការជាបន្ទាន់ចំពោះបុគ្គលមួយចំនួនតូច ដែលធ្វើសកម្មភាពយកលុយកាក់ពីសិស្សអីជាដើម»។
ទោះបីជាយ៉ាងណាក៏ដោយសម្រាប់លោក ឌី ខាំបូលី គ្រូបង្រៀនសព្វថ្ងៃមានចំនួនច្រើន ណាស់ ហើយចំពោះការរាយការណ៍ពីសកម្មភាពយកលុយពីសិស្ស បើសិនមានការសហការ ពីគ្រប់មជ្ឈដ្ឋាននានានោះ គឺជារឿង ដែលក្រសួងចង់បានបំផុត។
លោក ឌី ខាំប៉ូលី បានបន្តថា មកដល់ពេលបច្ចុប្បន្ន កម្ពុជាមានសាលារៀននៅទូទាំងប្រទេស សរុប ១៤.៥២២ សាលា រាប់ចាប់ពីមត្តេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យ។ ក្នុងនោះសាលារដ្ឋ មានចំនួន ១៣.៣០០សាលា។ ដោយឡែក គ្រឹះស្ថានបណ្តុះ បណ្តាលថ្នាក់ឧត្តមសិក្សា និង ក្រោយឧត្តមសិក្សា ដែលរួមមាន សាកល វិទ្យាល័យ និងវិទ្យាស្ថាននោះ មានចំនួន ១២៥ សាលា ក្នុងនោះ រដ្ឋមានចំនួន ៤៨។
លោក ខាំប៉ូលី បានបន្ថែមថា សិស្ស ដែលកំពុងសិក្សាពីថ្នាក់មត្តេយ្យ ដល់ឧត្តមសិក្សាមានជាង បីលាននាក់ សិស្សជានារីមានជាង ៤៩ភាគរយ។ ក្នុងនោះ សិស្សកំពុងសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា មានជាង ២១ម៉ឺននាក់។ បច្ចុប្បន្ន មានបុគ្គលិកអប់រំទាំងអ្នកបង្រៀន និងអ្នកបម្រើការងារលើវិស័យអប់រំ មានចំនួនសរុបជាង ១២ម៉ឺននាក់ ក្នុងនោះអ្នកបង្រៀន មានជាង ៩ម៉ឺននាក់។
យើងងាកមកនិយាយពីរឿងគ្រូយកប្រមូលលុយសិស្ស បានកើតឡើងស្ទើរតែគ្រប់ថ្នាក់នៅ កម្រិតបឋមសិក្សាហើយភាគច្រើនកើតឡើងនៅភ្នំពេញ និងតាមទីប្រជុំជន តាមខេត្ត ក្រុង ស្រុក។ សម្រាប់នៅសាលាបឋមសិក្សា នៅភ្នំពេញ សិស្សត្រូវបង់មួយថ្ងៃៗដល់គ្រូមួយចំនួន ។ មានឪពុកម្តាយខ្លះ ក៏បានបង់ខែតែម្តងជូនលោកគ្រូអ្នកគ្រូ។
មានការអះអាងខ្លះថាតាមសាលាខ្លះ លុយប្រមូលបានពីសិស្សប្រចាំថ្ងៃនេះមិនមែនបានទាំង អស់លើគ្រូបន្ទុកថ្នាក់នីមួយៗទេ គឺត្រូវចែកភាគរយដល់ថ្នាក់ដឹកនាំសាលា។ ការធ្វើដូច្នេះ បានក្លាយជាទម្លាប់ ហើយក៏មិនមែនទើបតែកើតឡើង ក្នុងសង្គមកម្ពុជាយើងនោះទេ។ មូលហេតុមកពីគ្រូអះអាងថា ប្រាក់ខែតិចចាយមិនគ្រប់។ ប្រមូលយកលុយសិស្សរៀងរាល់ថ្ងៃ ដូច្នេះ ធ្វើឲ្យគ្រួសារគ្រូបង្រៀន បានរួចថ្លៃម្ហូបខ្លះដែរ។
ដោយឡែកនៅថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យវិញគឺគ្រូបង្រៀនមុខវិជ្ជានីមួយៗមួយចំនួន ណានោះ បើកបង្រៀនគួរ។ បើសិស្សណា មិនទៅរៀនគួរ នោះពេលប្រឡងនឹងចេញវិញ្ញា សារ ដែលមិនមែនរៀននៅក្នុងថ្នាក់ ជាដើម ទៅតាមបច្ចេកទេសគ្រូមានគំនិរមួយចំនួន។
យ៉ាងណាក៏ដោយ ប្រាក់ខែមន្ត្រីរាជការ ពិសេសប្រាក់ខែគ្រូបង្រៀនក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ ត្រូវបានរាជរដ្ឋាភិបាល ដំឡើងជាបន្តបន្ទាប់ ដែលក្នុងមួយឆ្នាំឡើង ពីរដង គឺនៅ ខែមករា និងនៅខែមេសា។ ក្នុងនោះ ប្រាក់ខែគ្រូបង្រៀន ក៏ទទួលបានច្រើនជាងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធផ្សេងទៀត។
បើលុបបំបាត់រឿងគ្រូ ប្រមូលយកលុយសិស្ស ទាល់តែក្រសួងអប់រំ ប្រើវិធានការក្តៅ ហើយ គ្រូបង្រៀនខ្លួនឯងគួរតែចាប់ផ្តើមមុនគេ។ ម្យ៉ាងទៀត ការងារគ្រូបង្រៀនបើគ្រូបង្រៀនពេលព្រឹក គឺនៅពេលល្ងាច ត្រូវឈប់សម្រាក។ ដូច្នេះគ្រូ អាចយកពេលវេលាកន្លះថ្ងៃ ទៅធ្វើអ្វីផ្សេង ឬក៏អាចទៅបង្រៀននៅសាលាឯកជន ក៏អាចទទួលបានប្រាក់កម្រៃបន្ថែម។ បើមិនដូច្នេះទេ ក្នុងគ្រួសារគ្រូបង្រៀន ក៏មានប្តី ឬប្រពន្ធ ប្រកបរបរផ្សេង ដែលជួយផ្គត់ផ្គង់ចំណូលទ្រទ្រង់ ជីវភាពគ្រួសារ សមល្មមនឹងរស់នៅសមរម្យដែរ។
មនុស្សយើង បើនិយាយថា ឲ្យគ្រប់ គឺមិនចេះគ្រប់ទេ។ យ៉ាងណាមិញ សូម្បីតែបុគ្គលិក ក្រុមហ៊ុនឯកជន ដែលទទួលបានប្រាក់ខែច្រើនជាងមន្ត្រីរាជការ ក៏នៅតែមិនគ្រប់រហូត។ នេះជាចរិតរបស់មនុស្សលោក ដែលជាប្រថុជ្ជជន មិនចេះឆ្អែតឆ្អន់។
ជារួម ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់ ករណីគ្រូយកលុយសិស្សមានតែវិធានការ តឹងរ៉ឹងពីក្រសួងអប់រំដោយត្រូវដាក់វិន័យជាក់ស្តែងលើគ្រូបង្រៀនដែលយកលុយសិស្សប្រចាំ ថ្ងៃ ប្រចាំខែ ។ករណីនេះមានការចូលរួមពីថ្នាក់ដឹកនាំសាលា ក៏ត្រូវដាក់វិន័យដូចគ្នា។ រីឯគ្រូបង្រៀនខក៏គួរតែចាប់ផ្តើមមុនគេ គឺធ្វើជាគ្រូស្អាតស្អំ មិនទារលុយនិងមិនទទួលលុយពី សិស្ស ព្រោះថា ករណីគ្រូយកលុយសិស្សនេះ ក៏បង្កើតជាគំនិត សូកលុយ ពុករលួយ ដល់ក្មេងៗ តាំងពីចាប់ផ្តើមចូលរៀនទៅហើយ៕ ដោយ: ម៉េងឆៃ