ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវលេខ២និង២២ មានប្រវែងសរុប ៧២,១៧គីឡូម៉ៃត្រ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។ផ្លូវជាតិលេខ២មានប្រវែងសរុបចំនួន៦២,៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ-អូរចំបក់ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ។ផ្លូវជាតិលេខ២២ មានប្រវែងសរុបចំនួន៩,៦១គីឡូម៉ែត្រ ចាប់គិតពីរង្វង់មូលក្រុងដូនកែវដល់អង្គតាសោមផ្លូវជាតិលេខ៣។គម្រោងនេះឆ្លងកាត់រាជធានី-ខេត្តចំនួន៣ រួមមានខេត្តកណ្តាល រាជធានីភ្នំពេញនិងខេត្តតាកែវ។

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិទាំងពីរខ្សែនេះ នឹងត្រូវសាងសង់ដោយក្រុមហ៊ុនHanshin Engineering &ConstructionCo.,Ltd ក្រោមក្របខ័ណ្ឌឥណទានពីសាធារណរដ្ឋកូរ៉េ។គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២និងផ្លូវលេខ២២នេះគ្រោងនឹងចំណាយថវិកាប្រមាណ ៥៦លានដុល្លារអាម៉េរិកនិងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ ៨,៥លានដុល្លារអាម៉េរិក។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ២និងផ្លូវជាតិលេខ២២នេះនឹងត្រូវពង្រីកពី២គន្លងទៅ៤គន្លងដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅវិញទៅមកប្រកបដោយសុវត្ថិភាព។ការសាងសង់ផ្លូវនេះនឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យកាន់តែល្អប្រសើរ ស្របតាមកំណើនប្រជាពលរដ្ឋនិងកំណើនយានយន្តនាពេលបច្ចុប្បន្ននេះ។ថែមទាំងជំរុញកំណើនវិស័យសេដ្ឋកិច្ចនៅកម្ពុជាមានការរីកចម្រើន អាចទាក់ទាញអ្នកវិនិយោគបានច្រើនផងដែរ ។


ទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា តាមលក្ខណៈបច្ចេកទេស គម្រោងស្ថាបនានេះនឹងពង្រីកលើផ្លូវចាស់ដោយក្រាលកៅស៊ូ AC សាងសង់ស្ពានថ្មីចំនួន១១កន្លែងនិងស្ថាបនាលូរំដោះទឹកភ្លៀង មានលូជ្រុងកាត់ទទឹងថ្នល់ចំនួន ៥៦កន្លែង និងលូមូលកាត់ទទឹងថ្នល់ ១៧កន្លែង។ការស្ថាបនានេះគ្រោងនឹងប្រើរយៈពេល ៣០ខែ(ប្រហែល២ឆ្នាំកន្លះ) បែងចែកជាបីកំណាត់ផ្លូវធំៗ គឺកំណាត់ទី១៖ចាប់ផ្តើមចេញពីរង្វង់មូលតាខ្មៅដល់រង្វង់មូលស្ត្រីបីកូរស្រូវ ដែលមានប្រវែងជាង៨ គីឡូម៉ែត្រពង្រីកពី ២ គន្លង ទៅ ៤ គន្លង។

កំណាត់ទី២ ចាប់ផ្តើមចេញពីរង្វង់មូលស្ត្រីបីកួរស្រូវដល់រង្វង់មូលអូរចំបក់ដែលមានប្រវែងជាង៥៣គីឡូម៉ែត្រ ស្ថិតក្នុងតំបន់ជនបទ មាន២គន្លង និងកំណាត់ទី៣ចាប់ផ្តើមពីរង្វង់មូលអូរចំបក់ដល់ផ្សារអង្គតាសោមផ្លូវជាតិលេខ២២ ដែលមានប្រវែងជាង៩គីឡូម៉ែត្រ ស្ថិតក្នុងតំបន់ជនបទ មាន២គន្លង៕S/Ha









