បើតាមការយល់ឃើញរបស់អតីតកីឡាករឆ្នើមលោក អេម៉ាញូអែល ប៉ឺទីត (Emmanuel Petit) បាន ក្លឹបម៉េនឆេស្ទ័រ ស៊ីធីនិងម៉េនឆេស្ទ័រ យូណាយធីតគួរបំភ្លេចចោលរឿងផ្ទេរកីឡាករឆ្នើម លីអូណេល ម៉េសស៊ី (Lionel Messi) របស់ក្លិបបាសេឡូណា( Barcelona) ដោយសារតែ កីឡាកររូបនេះមិនស័ក្តិសមនៅក្របខណ្ឌព្រីមីញ៉េលីកដូចជាកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristinao Ronaldo) នោះទេ។
លោក ប៉ឺទីត ធ្លាប់ចំណាយពេលបីឆ្នាំជាមួយក្លិបអាសេណល( Arsenal)ឆេលស៊ី( និង Chelsea) និងក៏បានចំណាយពេលមួយឆ្នាំនៅក្លិប Barcelona ផងដែរ។
ប៉ឺទីត បាននិយាយថា “និយាយដោយត្រង់ទៅ ខ្ញុំមិនជឿថា ម៉េសស៊ី ស័ក្តិសមនឹងប្រព័ន្ធលេង បាល់ទាត់ដ៏តឹងតែងនៅអង់គ្លេសនោះទេ។ គាត់មិនចូលចិត្តរបៀបលេងបែបប្រជែងខ្លាំង។ នៅអេស្ប៉ាញ ម៉េសស៊ី ទទួលបានការការពារច្រើន”។
ប៉ឺទីត បន្តថា “វាគឺជារឿងរីករាយសម្រាប់អ្នកគាំទ្រអង់គ្លេសដែលចង់ឃើញកីឡាកររូបនេះ ប៉ុន្តែខ្ញុំមិនគិតឃើញហេតុផលណាមួយដែលថា ម៉េនឆេស្ទ័រ ស៊ីធីចង់ផ្ទេរកីឡាករ ម៉េសស៊ី ដែលមានវ័យ៣២ឬ៣៣ឆ្នាំនោះទេ ប្រសិនបើពួកគេចង់បានកីឡាកររូបនេះ គេគួរតែធ្វើ តាំងពីរបីឆ្នាំមុនមកម្ល៉េះ”។
ប៉ឺទីត និយាយថា ម៉េសស៊ី មិនដូចជា គ្រីស្ទៀណូ រ៉ូណាល់ដូ ទេ។ បើនិយាយពីកាយសម្បទា ក៏ខុសគ្នា។ រ៉ូណាល់ដូ មានកាយសម្បទាធំជាង ប៉ុន្តែក្នុងវ័យ៣២ឆ្នាំ ម៉េសស៊ីអាចលេងក្នុង កម្រិតកំពូលត្រឹម២ឬ៣ឆ្នាំទៀតប៉ុណ្ណោះ៕ ប្រែសម្រួល: ពិសិដ្ឋ