រូបថត​១០០​សន្លឹក​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​កម្ពុជា​ ​ត្រូវបាន​ដាក់តាំង​បង្ហាញ​

657
ចែករម្លែក
ពិព័រណ៍​រូបថត​១០០​សន្លឹក​ទាក់ទង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (​អតីត​ផ្ទះ តា​ម៉ុក​) ស្ថិតនៅលើ​ខ្នងភ្នំ​ដងរែក​។
(​ប្រភព​រូបថត ៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយ​: ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​/​ភ្នំពេញៈ​ពិព័រណ៍​រូបថត​១០០​សន្លឹក​ទាក់ទង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ដែលមាន​រយៈពេល​២៨​ឆ្នាំ (​ពី​ឆ្នាំ​១៩៧០ ដល់ ឆ្នាំ​១៩៩៨) ត្រូវបាន​ដាក់តាំង​បង្ហាញ​ដល់​អ្នកចូលរួម និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​នៅ​អំឡុងពេល​ព្រឹត្តិការណ៍​កីឡា «​ថ្មើរជើង​ប្រវត្តិសាស្ត្រ​» ដែលមាន​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​៧-៩ ខែកុម្ភៈ ឆ្នាំ​២០២០ នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែលជា (​អតីត​ផ្ទះ តា​ម៉ុក​) ស្ថិតនៅលើ​ខ្នងភ្នំ​ដងរែក​។


​ពិព័រណ៍​រូបថត​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក្នុង​គោលបំណង​ជំរុញ និង​បង្កើន​ការចងចាំ ក៏ដូចជា​ការផ្សព្វផ្សាយ និង​លើកកម្ពស់​ការយល់ដឹង​ពី​ប្រវត្តិសាស្ត្រ​នៃ​តំបន់​អន្លង់វែង ដែលជា​ទីតាំង​ចុងក្រោយ​នៃ​របប​ខ្មែរក្រហម​ទៅដល់​សិស្ស និស្សិត​ជាតិ និង​អន្តរជាតិ​។ រូបថត​ទាំងនេះ បាន​ឆ្លុះបញ្ចាំង​អំពី​សកម្មភាព​ចន្លោះ​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៩៨​និង​បាន​ឆ្លុះ​បង្ហាញ​អំពី​ភាព​អហិង្សា​និង​ដំណើរ​ឆ្ពោះទៅរក​ការរួបរួម​ដើម្បី​សន្តិភាព​។ ពិព័រណ៍​រូបថត​នេះ ក៏​ជា​ផ្នែក​មួយ​ជួយ​កែប្រែ​គំនិត​អតីតយុទ្ធជន​ខ្មែរក្រហម និង​ជួយ​ព្យាបាល​របួស​ផ្លូវចិត្ត​ដែល​បាន​បន្សល់ទុក​ពី​របប​ខ្មែរក្រហម​។ ពិព័រណ៍​រូបថត​នេះ នឹង​ជួយ​ឲ្យ​ប្រជាជនមាន​ការយល់ដឹង​ផ្នែក​ប្រវត្តិសាស្ត្រ​កាន់តែ​ច្រើនឡើង​តាមរយៈ​ការដាក់​តាំង​បង្ហាញ​រូបថត​ទាំងនេះ​។

ពិព័រណ៍​រូបថត​១០០​សន្លឹក​ទាក់ទង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (​អតីត​ផ្ទះ តា​ម៉ុក​) ស្ថិតនៅលើ​ខ្នងភ្នំ​ដងរែក​។
(​ប្រភព​រូបថត ៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​បណ្ឌិត លី សុខ​ឃាង នាយក​មជ្ឈមណ្ឌល​សន្តិ​ភាព​អន្លង់វែង​រូបថត​ប្រមាណ​១០០​សន្លឹក​ដែល​ដាក់តាំង​បង្ហាញ​នេះ ភាគច្រើន​បង្ហាញ​ពី​ភាព​វិជ្ជមាន ហើយ​ពិព័រណ៍​រូបថត​នេះ​យើង​ផ្តោតលើ​ពីរ​ពាក្យ​តែប៉ុណ្ណោះ គឺ​ជំរុញ​ឲ្យ​មានការ​ចងចាំ​និង​ការអប់រំ​។ ពិព័រណ៍​នេះ មិនមាន​ការចោទប្រកាន់ ឬ​លាប​ពណ៌​អាក្រក់​ល្អ​នោះទេ​គឺ​យើង​បង្ហាញ​ពី​ការចងចាំ​ប្រវត្តិសាស្ត្រ​រួមគ្នា ដែល​បង្កើត​ឲ្យ​មានការ​ពិពណ៌នា​ប្រវត្តិសាស្ត្រ​ដូចៗ​គ្នា កុំ​ឲ្យ​មានការ​បែកបាក់​សង្គម​តទៅទៀត​។
​បណ្ឌិត លី សុខ​ឃាង បាន​បន្តថា «​ពិព័រណ៍​គឺ​មិនមាន​បង្ហាញ​រូបភាព​ហិង្សា​នោះទេ ភាគច្រើន​បង្ហាញ​ពី​ភាពជា​មនុស្ស​របស់​ប្រជាជន​កម្ពុជា ទោះបី​អ្នក​ធ្លាប់​បម្រើការ ឬ​មិន​ធ្លាប់ជា​ជនរងគ្រោះ​នៃ​របប​នេះ​ក៏ដោយ ព្រោះ​ក្នុង​វប្បធម៌​យើង គឺមាន​ការអត់ឱន និង​អធ្យាស្រ័យ និង​ធ្វើដំណើរ​រួមគ្នា​ទៅមុខ​»​។ «​យើង​ប្រើ​រូបថត​ដើម្បី​ផ្សព្វផ្សាយ​ពី​ប្រវត្តិសាស្ត្រ និង​ជា​ពិធី​មួយ​ក្នុងការ​ទំនាក់​ទំនងជា​មួយ​មនុស្ស​ដែល​មក​ស្រុក​អន្លង់វែង​។ ក្នុងឱកាស​នេះ​នឹងធ្វើ​ឲ្យ​ប្រជាជន​ក្នុងស្រុក​អន្លង់វែង ដែល​ប្រមាណ​៧០​ទៅ​៨០​ភាគរយ​ជា​អតីត​សមាជិក​នៃ​ចលនា​ខ្មែរក្រហម​នឹងមាន​អារម្មណ៍​ថា បាន​ចួ​ល​រួបរួម​ក្នុងសង្គម​ឡើងវិញ​ដោយ​ស្មើមុខស្មើមាត់​ជាមួយ​គេឯង និង​មិន​នៅ​ឯកោ​ដូច​មុន​នោះទេ​»​។

ពិព័រណ៍​រូបថត​១០០​សន្លឹក​ទាក់ទង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (​អតីត​ផ្ទះ តា​ម៉ុក​) ស្ថិតនៅលើ​ខ្នងភ្នំ​ដងរែក​។
(​ប្រភព​រូបថត ៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​លោក​បាន​បន្ថែមថា តាមរយៈ​ពិព័រណ៍​រូបថត​នេះ​នឹង​ជួយ​ឲ្យ​ប្រជាជនមាន​ការយល់ដឹង​ផ្នែក​ប្រវត្តិសាស្ត្រ​កាន់តែ​ប្រសើរ ជាពិសេស​ជួយ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​កម្សាន្ត​កាន់តែច្រើន​។
​ពិព័រណ៍​រូបថត​នេះ ត្រូវបាន​រៀបចំ​នៅ​ទីតាំង​ប្រវត្តិសាស្ត្រ​មួយ​ក្នុងចំណោម​ទីតាំង​ប្រវត្តិសាស្ត្រ​ទាំង​១៤​កន្លែង នៅក្នុង​ស្រុក​អន្លង់វែង​ដែល​ទទួលបាន​ការពារ និង​អភិរក្ស គឺ ផ្ទះ​តា​ម៉ុក​។ ផ្ទះ​នេះ​ត្រូវបាន​សាងសង់​នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​១៩៩៥ លើ​ផ្ទៃដី​ទំហំ ៣,០២៥ ហិកតា និង​មាន​ចម្ងាយ​ប្រមាណ​១៦,៥ គីឡូម៉ែត្រ​ពី​រង្វង់​មូលនៃ​ទីរួមស្រុក​អន្លង់វែង ស្ថិតនៅ​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ផ្ទះ​នេះ​គឺជា​ទីតាំង​ដែល តា​ម៉ុក ស្នាក់នៅ​ជាប្រចាំ និង​ជាទី​កន្លែង​ជួបជុំ​ជាមួយ​មេដឹកនាំ​កំពូលៗ​របស់​ខ្មែរក្រហម ដូចជា ប៉ុល ពត​, ខៀវ សំផន​, នួន ជា​, សុន សេន និង​មេបញ្ជាការ​កងពល​មួយចំនួនទៀត​។ ផ្ទះ តា​ម៉ុក ត្រូវបាន​ខូចខាត​ដោយសារ​ភ្លើង​ឆេះ តែ​ក្រោយមក​ត្រូវបាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដោយមាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើការ​សាងសង់ឡើង​វិញ ដោយ​រក្សា​នូវ​ភិនភាគ​ដូច​ទៅនឹង​ផ្ទះ​ដើម​។ ផ្ទះ​ដែល​សាងសង់​ថ្មី​នេះ​ត្រូវបាន​ដាក់ឈ្មោះថា​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ដែលមាន​ផ្ទុក​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម សរុប​ចំនួន​២៩០០​ឯកសារ ស្មើនឹង​៦៧,៣៣១ ទំព័រ និង​រូបថត​មួយចំនួន ដែល​នឹង​ផ្តល់​ប្រយោជន៍​ដល់​សាធារណជន សិស្ស និស្សិត អ្នកសិក្សា​ស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ ព្រមទាំង​ទេសចរណ៍​ដែល​មក​ទស្សនា​តំបន់​អន្លង់វែង​។​

ពិព័រណ៍​រូបថត​១០០​សន្លឹក​ទាក់ទង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (​អតីត​ផ្ទះ តា​ម៉ុក​) ស្ថិតនៅលើ​ខ្នងភ្នំ​ដងរែក​។
(​ប្រភព​រូបថត ៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​សួន ធីតា អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បាន​ទស្សនាការ​ការតាំងពិព័រណ៍​រូបថត​នេះ​បាន​រៀបរាប់ថា​ខ្ញុំ​គឺជា​សិស្ស​ថ្នាក់​ទី​៩​នៃ​វិទ្យាល័យ​ត្រពាំង​ប្រាសាទ​។ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ត្រេកអរ​ណាស់​ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ នៅ​អន្លង់វែង​នេះ ពីព្រោះ​ខ្ញុំ​យល់ថា វា​ពិត​ជាមាន​សារសំខាន់​ចំពោះ​សន្តិភាព និង​ការយល់ដឹង​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​។ ក្នុងន័យ​សន្តិភាព ថ្មើរជើង​ប្រវត្តិសាស្ត្រ​អន្លង់វែង​បាន​ជំរុញ​ឲ្យ​មានការ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ រួមមាន​សិស្សានុសិស្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​២ ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ថ្មើរជើង ប្រវត្តិសាស្ត្រ​អន្លង់វែង​នេះ​។ ខ្ញុំ​បាន​យល់ដឹង​បន្ថែម​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា ជាពិសេស​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម តាមរយៈ​ការដាក់​តាំងពិព័រណ៍​រូបថត នៅ​ជុំវិញ​បរិវេណ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​។ ចំពោះ​ពិព័រណ៍​រូបថត​នេះ នាង​ខ្ញុំ​ពិតជា​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​រូបថត​ដែលមាន​ប្រជាជន​កម្ពុជា​ធ្វើ​ការងារ​នៅក្នុង​របប​ខ្មែរក្រហម​។ ការមើល​ពិព័រណ៍​រូបថត​ក៏​ជា​ផ្នែក​មួយ​អាចបំពេញ​បន្ថែម​ទៅលើ​ចំណេះដឹង​របស់ខ្ញុំ​អំពី​ប្រ​វ​តិ្ត​សាស្ត្រ​ខ្មែរក្រហម​បន្ថែមទៀត ជាពិសេស​ប្រ​វ​តិ្ត​សាស្ត្រ​សហគមន៍​អន្លង់វែង​។ ពិព័រណ៍​រូបថត​នេះ​មាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ក្មេងជំនាន់ក្រោយ ដើម្បី​រៀនសូត្រ ឬ​ស្វែងយល់​អំពី​អតីតកាល​ដ៏​ឃោរឃៅ​របស់​ខ្មែរក្រហម​។ ខ្ញុំ​យល់ថា ការដាក់​តាំង​បង្ហាញ​រូបថត​នេះ ក៏​ជា​ផ្នែក​មួយ​ជួយ​ផ្សព្វផ្សាយ ឬ​អប់រំ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ហើយក៏​ជា​ផ្នែក​ជួយ​រំឭក​ដល់​អ្នក​រស់រាន​មានជីវិត​ពីរ​បប​នោះ ធ្វើការ​ពិភាក្សាគ្នា​អំពី​បទពិសោធន៍​ដែល​ខ្លួន​ធ្លាប់បាន​ឆ្លងកាត់​។ ការដាក់​តាំងពិព័រណ៍​រូបថត​នេះ នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​កាន់តែច្រើន​ឲ្យ​ចូលមក​ទស្សនា និង​ជួយ​ប្រជាជន​នៅក្នុង​សហគមន៍​ឲ្យ​មានការ​ងារ​ធ្វើ និង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​ស្រុក​អន្លង់វែង​។​

ពិព័រណ៍​រូបថត​១០០​សន្លឹក​ទាក់ទង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (​អតីត​ផ្ទះ តា​ម៉ុក​) ស្ថិតនៅលើ​ខ្នងភ្នំ​ដងរែក​។
(​ប្រភព​រូបថត ៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​គិ​ន ណា​រី អាយុ​១៥​ឆ្នាំ មកពី​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​និយាយថា ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សប្បាយរីករាយ​ណាស់​ដែល​បាន​ចូលរួម​កម្មវិធី​ថ្មើរជើង​ប្រវត្តិសាស្ត្រ នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ខ្ញុំ​សង្កេតឃើញថា​មាន​អ្នកចូលរួម​មកពី​ទីកន្លែង​ផ្សេងៗ​យ៉ាងច្រើន​កុះករ​។ នៅពេលដែល​ខ្ញុំ​ធ្វើដំណើរ​ទៅដល់​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ខ្ញុំ​បាន​មើល​ពិព័រណ៍​រូបថត​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​។ ខ្ញុំ​ពិតជា​ចាប់អារម្មណ៍​ចំពោះ​រូបថត​មួយ​សន្លឹក​ដែល​បាន​ឆ្លុះបញ្ចាំង​អំពី​នារី​ខ្មែរ នៅក្នុង​របប​ខ្មែរក្រហម ដែល​កំពុងធ្វើការ​ងារ​យ៉ាងសកម្ម​នៅក្រោម​ពន្លឺព្រះអាទិត្យ​ក្នុង​ការដ្ឋាន​សាង់សង់​ទំនប់​។ ខ្ញុំ​យល់ថា ការដាក់​តាំងពិព័រណ៍​រូបថត​នេះ ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់ ពីព្រោះ​វា​ជា​ផ្នែក​មួយ​អាច​ផ្ដល់​ចំណេះដឹង​ប្រវត្តិសាស្ត្រ​កម្ពុជា ក្នុង​ការជជែក​ពិភាក្សា​អំពី​ប្រវត្តិសាស្ត្រ​។ ខ្ញុំ​យល់ថា​រូបថត​នីមួយៗ​មាន​ប្រ​វ​តិ្ត​រឿងរ៉ាវ​ផ្សេងៗ​គ្នា​។ ខ្ញុំ​ពេញចិត្ត​ការតាំងពិព័រណ៍​នេះ​ណាស់ ព្រោះ​បានផ្តល់​ចំណេះដឹង​ប្រវត្តិសាស្ត្រ​ទៅដល់​អ្នក​ចូល​ទស្សនា ដែល​ភាគច្រើន​ជា​សិស្ស​។ រូបថត​ទាំងនោះ​ហាក់​ធ្វើ​ឲ្យ​រូបខ្ញុំ​ទៅកាន់​សម័យកាល​នោះដែរ​។​

ពិព័រណ៍​រូបថត​១០០​សន្លឹក​ទាក់ទង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (​អតីត​ផ្ទះ តា​ម៉ុក​) ស្ថិតនៅលើ​ខ្នងភ្នំ​ដងរែក​។
(​ប្រភព​រូបថត ៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​វ៉ន ថា​ដា អាយុ​១៩​ឆ្នាំ មកពី​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រៀបរាប់ថា ព្រឹត្តិការណ៍​នេះ​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​ទៅលើ​ការពង្រឹង​ចំណងមិត្តភាព​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ ក្នុងការ​ការយល់ដឹង​អំពី​ប្រវត្តិសាស្ត្រ​សហគមន៍​អន្លង់វែង​។ នៅពេលដែល​ខ្ញុំ​រត់​ទៅដល់​កន្លែង​ផ្ដាច់​ព្រ័ត ខ្ញុំ​សង្កេតឃើញថា​អ្នកចូលរួម​មកពី​ប្រទេស​ទាំងពីរ​បាន​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​កាយវិការ​គោរព​គ្នា​ទៅវិញទៅមក ដែល​ជំរុញ​ឲ្យ កម្មវិធី​ទាំងមូល​កាន់​តែមាន​អត្ថន័យ​។ បន្ថែម​ពីលើ​នេះ​ទៀត នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ដែល​ស្ថិតនៅលើ​ភ្នំ​ដងរែក​ក៏មាន​ការដាក់​តាំងពិព័រណ៍​រូបថត​ប្រវត្តិសាស្ត្រ​កម្ពុជា ដែលជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ខ្ញុំ​ទទួលបាន​ចំណេះដឹង​ប្រវត្តិសាស្ត្រ​បន្ថែមទៀត​។ នៅពេល​ដេ​ល​ខ្ញុំ​បាន​មើល​រូបថត​អគារ​អាកាសយានដ្ឋាន​ពោធិ៍ចិនតុង វា​ហាក់​ធ្វើ​ឲ្យ​ខ្ញុំ​ស្ថិតនៅក្នុង​ព្រឹត្តិការណ៍​នោះដែរ​។ រូបថត​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ នឹង​ជួយ​ពន្យល់​ដល់​ក្មេងជំនាន់ក្រោយ ឲ្យ​យល់​ពី​សម័យកាល​នីមួយៗ​ដែល​ធ្លាប់បាន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។ រូបថត​ទាំងនេះ បាន​ពន្យល់​អំពី​ប្រវត្តិសាស្ត្រ​ជាច្រើន​សម័យកាល​ចាប់តាំងពី​របប លន់ នល់​, របប​ខ្មែរក្រហម និង​របប​ក្រោយៗ​មកទៀត​ដែល​បន្ត​រហូតដល់​សម័យ​បច្ចុប្បន្ន​។ របប​ទាំងនេះ​ពិតជា​បានកើត​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​យើង​ត្រូវ​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​របស់​ជាតិ​ឲ្យ​បាន​ច្បាស់ ដើម្បី​ជៀសវាង​កំហុស​កើតឡើង​សាជាថ្មី​៕សរន

កីឡាករ​កំពុង​រត់ប្រណាំង​នៅក្នុង​ព្រឹត្តិការណ៍​កីឡា «​ថ្មើរជើង​ប្រវត្តិសាស្ត្រ​»​។​
(​ប្រភព​រូបថត ៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
ការប្រកាស​ឈ្មោះ​កីឡាការិនី​ដែល​ទទួល​ជ័យលាភី​ពី​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៣​។​
(​ប្រភព​រូបថត ៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ