ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​ហ្នឹង ( វិ​. ស​. ) នុះ : ហ្នឹងហើយ នុះហើយ​; ហ្នឹងឯង​នុះឯង​; ដំណើរ​ហ្នឹង ដំណើរ​នុះ​។​និ​. (​ព​. សា​.) ដូច្នឹង​, អីចឹង​; អើ (​អ្នក​ម្នាក់​ប្រាប់ថា​) : ទៅ​កុំ​ខាន​ហ្ន៎ះ !, (​អ្នក​ម្នាក់​ឆ្លើយតប​ថា​) ហ្នឹងឯង ! ។ ហ្នឹងហើយ ! អីចឹង​ហើយ ! ។ ហ្នឹងឯង ! អីចឹង​ឯង ! ។ បើ​និយាយ​មាន​សំឡេង​ខ្ពស់​ស្រួច​ខ្លាំង ត្រូវ​សរសេរ​ដាក់​ជើងក្អែក (+) នេះ​ពីលើ​ជា​ហ្នឹ៎ងហើ៎យ !; ហ្នឹ៎ងឯ៎ង ! (​សម្រាប់​សម្តី​សាមញ្ញ​) ។​

និង ​និង ឬ​នឹង​បារ​. ( និ​. ) (et) សព្ទ​ជា​សន្ធាន​ជា​ទ្វ​ន្ទ្វ​សម្រាប់​និយាយ​ត​ពាក្យ​ឬត​ឃ្លា​របះ ពីមួយ​ទៅមួយ​ដែលមាន​ដំណើរ​សេចក្ដី​ថា​ទាំង​, ព្រមទាំង​, ផង​, នេះ​ផង​, នុះ​ផង : អ្នក​និង​ខ្ញុំ​; គោ​និង​ក្របី : ផ្ទះ​នេះ​ផ្ទះ​នុ៎ះ​និង​ផ្ទះ​ឯណោះ​; សុខ​និង​ទុក្ខ​; ទៅ​និង​មិន​ទៅ​; ឲ្យ​និង​មិន​ឲ្យ​; យក​ចាន​និង​ផ្តិល​មក​ផង​។​ល​។ (​ម​. ព​. នឹង​១​កិ​. នុ​., នឹង​២​គុ​. ឬ​កិ​. វិ​., នឹង​៣​អា​. និ​., នឹង​៤​អា​. និ​., ហ្នឹង​វិ​. ស​. ទៀតផង​) ។​

នឹង ( កិ​. នុ​. ) ពាក្យ​ជា​កិរិយានុគ្រោះ​សម្រាប់​និយាយ​នាំមុខ​កិរិយាសព្ទ​ប្រាប់​អនាគតកាល ទៅខាង​មុខ​ថា មុខជា​, ប្រាកដជា​, គង់​, គង់តែ : ស្អែក​នឹង​ទៅផ្ទះ​អ្នក​, យើង​គង់តែ​នឹង​បាន ជួបគ្នា​ទៀត ក្នុង​ថ្ងៃ​ណាមួយ​ពុំខាន​។​

( គុ​. ឬ​កិ​. វិ​. ) ស្ងៀម​, ជើយ​, មិន​កម្រើក : អង្គុយ​នឹងថ្កល់ គឺ​អង្គុយ​នឹង​ដូច​គេ​ថ្កល់​។ មិន​ប្រែប្រួល​, មិន​ឡើង​មិន​ចុះ​, នៅ​ដូចដែល : ជំងឺ​នុ៎ះ​នៅ​នឹង​។​ទឹកនឹង​គឺ​ទឹក​ដែល​មិន​ឡើង​មិន​ស្រក​ឬ​មិន​ហូរ​។​

( អា​. និ​. ) ពាក្យ​ប្រាប់​ដំណើរ​សម្រេច​នូវ​អំពើ​, សម្រាប់​ប្រើ​និយាយ​នាំមុខ​នាម​ស័ព្ទ​មានន័យថា ដោយ​; ជាមួយ​, ដោយសារ​; ព្ធដ៏​, នៅត្រង់ : ដួសសម្ល​នឹង​វែក​, ដាំបាយ​នឹង​ឆ្នាំង​, កាប់​ឈើ នឹង​ពូថៅ​គឺ​ដួសសម្ល​ដោយ​វែក​, ដាំបាយ​ដោយ​ឆ្នាំង​, កាប់​ឈើ​ដោយ​ពូថៅ​; ទៅនឹង​ខ្ញុំ​, នៅ​នឹង​គេ​, ដេក​នឹង​គេ​, ស៊ី​នឹង​គេ​គឺ​ទៅ​ជាមួយនឹង​ខ្ញុំ​, នៅ​ជាមួយនឹង​គេ​, ដេក​ដោយសារ​គេ​, ស៊ី​ដោយសារ​គេ​; ព្យួរ​អាវ​នឹង​ដៃកែវ​, បោះដែកគោល​នឹង​ជញ្ជាំង​គឺ​ព្យួរ​អាវ​ព្ធដ៏​ដៃកែវ​, បោះដែកគោល​នៅត្រង់​ជញ្ជាំង​។​ល​។​

អ្នក នាក់ ( បុ​. ស​. ) (​ពាក្យ​ខ្មែរ​បុរាណ​ព្រេងព្រឹទ្ធ សព្វថ្ងៃនេះ​ប្រើ​ជា​អញ្ញត្រសព្ទ​) ពាក្យ​ប្រើ ជា​ជំនួស​ឈ្មោះ​បុគ្គល​ដែល​ត្រូវ​និយាយ​ទៅរក​ក្នុង​ទី​ចំពោះមុខ​សម្រាប់​ប្រជាពលរដ្ឋ​ហៅ​គ្នា​ដោយ​សេចក្ដី​គួរសម​មិន​ចេញ​ឈ្មោះ​បុគ្គល​នោះ (​ប្រើ​បាន​ទាំង​បុរស​ទាំង​ស្ត្រី​) : អ្នក​អញ្ជើញ ទៅណា ? អញ្ជើញ​អ្នក​ចូល​អង្គុយលេង​សិន ! អ្នកស្រី​សុខ​សប្បាយ​ទេ​ឬ ? ។ សាធារណជន ហៅ​បងថ្លៃ​ក៏​ប្រើពាក្យ​អ្នក​ដែរ​។​ប្រើ​ជា​ពាក្យ​នាំមុខ​ឈ្មោះ​បុគ្គល​ក៏បាន : អ្នកទេព​, អ្នកនន្ទ​, អ្នកចន្ទ​, អ្នកសុខ​។​

នាក់ (​សំខ្យានុគ្រោះ​) ពាក្យ​សម្រាប់​ប្រើ​ដាក់​ខាងចុង​សំខ្យា​ដើម្បី​ឲ្យ​ដឹង​ចំនួន​មនុស្ស : ប្រុស​មួយ​នាក់​, ស្រី​ពីរ​នាក់​, ក្នុងផ្ទះ​នេះ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ? ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា