ដើម្បី​រក្សាសុខ​ភាពល្អប្រសើ​រ ចូរ​ទទួលទាន​អាហារ​ទាំងនេះ ក្រោយ​ហាត់ប្រាណ​រួច​

​ការទទួល​ទាន​អាហារ​ត្រឹមត្រូវ​ក្រោយ​ធ្វើ​លំ​ហាត់ប្រាណ គឺមាន​ប្រយោជន៍​ណាស់​ចំពោះ សាច់ដុំ​គ្មាន​ខ្លាញ់ និង​ស្ដារ​ថាមពល​រាងកាយ​ឡើងវិញ​។ យោងតាម​អ្នកជំនាញ​ខាង​ហាត់ ប្រាណ​ជាច្រើន​បានឱ្យដឹងថា អ្នក​គួរ​ទទួលទាន​អាហារ​រយៈពេល ៣០​នាទី​ក្រោយ​ធ្វើ​លំ​ហាត់ ប្រាណ​ណាមួយ​ដូចជា ដើរ​, រត់​ត្រឹកៗ​, លើកដែក ឬ​ឡើងជណ្ដើរ ទើប​ប្រសើរ​។ ប៉ុន្តែ​ថា​តើ អាហារ​អ្វី​ខ្លះទៅ​ដែល​ល្អ​សម្រាប់​ទទួលទាន​ក្រោយ​លំ​ហាត់ប្រាណ​?

១. ចេក​
មាន​ផ្ទុក​ជាតិ​ស្ករ​ធម្មជាតិ​ដែល​ជួយ​ស្ដារ​ថាមពល​រាងកាយ​ឡើងវិញ​បាន​យ៉ាង​ឆាប់ រហ័ស​ដោយ​បំពេញបន្ថែម​នូវ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យ​ដូច​ធម្មតា​។ លើសពីនេះទៅ ទៀត ចេក ក៏​ជាប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ល្អ​សម្រាប់​សាច់ដុំ និង​បេះដូង​។​

២. គ្រាប់​ធញ្ញជាតិ និង​ផ្លែឈើ​ក្រៀម​
​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ស្ករ​កាបូ​អ៊ី​ដ្រា​ត​, វីតាមីន​, ជាតិ​រ៉ែ​, ជាតិ​ស​សៃ​និង​សារធាតុប្រឆាំង​អុកស៊ីតកម្ម​ដែល​សំខាន់​សម្រាប់​សាច់ដុំ ក៏ដូចជា​សុខភាព​រាងកាយ​ទាំងមូល​រួមទាំង ជួយ​បង្កើន​ថាមពល​រាងកាយ​បាន​ឆាប់រហ័ស​ក្រោយ​លំ​ហាត់ប្រាណ​ផងដែរ​។ ហើយ​គ្រាប់ធញ្ញជាតិ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ល្អៗ និង​ប្រូតេអ៊ីន​ដែល​ចាំបាច់​សម្រាប់សុខភាព​សាច់ដុំ​ល្អ​រឹងមាំ​គួរឱ្យកត់សម្គាល់​។​

៣. យ៉ា​អួរ​គ្មាន​ជាតិ​ខ្លាញ់​
ក្រៅពី​ផ្ដល់ឱ្យ​ពោះវៀន​នូវ​បាក់តេរី​ល្អៗ​ហើយ​នោះ យ៉ា​អួរ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន និង​កាល់ស្យូម​ដែល​ល្អ​សម្រាប់​សុខភាព​ឆ្អឹង​, សាច់ដុំ រួមទាំង​រាងកាយ​ទាំងមូល​ផងដែរ​។​

៤. ត្រី​សាល​ម៉ុ​ន​
ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ប្រយុទ្ធប្រឆាំង​ការ​រលាកផ្សេងៗ​ក្នុង​រាងកាយ ហើយ​ផ្ដល់នូវ​ថាមពល​បន្ថែម និង​ជួយ​រក្សា​សុខភាព​ស​សៃ​ឈាមបេះដូង​បាន​យ៉ាង​ប្រសើរ​។​

៥. ទឹកក្រូច​ស្រស់
ក្រៅពី​ជួយ​ឱ្យមាន​អារម្មណ៍​ស្រស់ស្រាយ​ភ្លាមៗ​ហើយ​នោះ ទឹកក្រូច​ស្រស់​ក៏​ផ្ដល់ឱ្យ​រាងកាយ នូវ​វីតាមីន​, ជាតិ​ប៉ូ​តា​ស្យូ​ម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ចាំបាច់​ក្រោយ​ការធ្វើ លំ​ហាត់ប្រាណ​រួច​ផងដែរ​។ ជាតិ​ស្ករ​ធម្មជាតិ​នៃ​ទឹកក្រូច​ស្រស់​ក៏​ជួយ​បង្កើន​ថាមពល​រាងកាយ បាន​យ៉ាង​ឆាប់រហ័ស​គួរឱ្យកត់សម្គាល់​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular