Home ព័ត៌មានអន្តរជាតិ ថៃ​មិន​អនុញ្ញ...

ថៃ​មិន​អនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍​ខ្នាត​យក្ស​មួយ​ចូល​ចត បន្ទាប់​ពី​ប្រទេស​បី​បួន​បដិសេធ​

​ថៃ​នឹងមិន​អនុញ្ញាត​អោយ​នាវា​ទេសចរណ៍​ខ្នាត​យក្ស​មួយ​មក​ពី​ជប៉ុន​ចូល​ចត​និង​ដាក់​អ្នកដំណើរ​ចុះ​នៅ​កំពង់ផែ​ឡឺម ឆា​បាង របស់​ខ្លួន​ទេ នេះ​បើ​តាម​ការ​​បញ្ជាក់​ពី​រដ្ឋមន្ត្រី​សុខាភិបាល​ថៃ​លោក អានុ​ទីន ឆាន​វី​រ៉ា​គុល កាលពី​ថ្ងៃ​អង្គារ​ទី​១១​កុម្ភៈ​ និងត្រូវកាសែតបាងកកប៉ុស្តិ៍ផ្សាយនៅថ្ងៃ១១កុម្ភៈ។

​លោក​អានុ​ទី​ន​ដែល​ក៏​ជា​ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​គមនាគមន៍ បាន​សរសេរ​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​សប៊ុក​របស់​លោក​ថា​លោក​បាន​បញ្ជា​ទៅ​អាជ្ញាធរ​កុំ​​អនុញ្ញាត​អោយ​នាវា​Westerdam​នេះ​ចូល​ចត​នៅ​ថៃ​។​

​ការ​បង្ហោះ​សារ​នេះ​កើតឡើង​បន្ទាប់​ពី​ការី​របស់​នាវា​ដឹក​អ្នកដំណើរ​កម្សាន្ត​មួយ​នេះ​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា​នាវា​នឹង​អនុញ្ញាត​អោយ​អ្នកដំណើរ​ចុះ​នៅ​កំពង់​​ផែ​ទឹក​ជ្រៅ​ក្នុង​ខេត្ត​ឈុន ប៊ូ​រី ប្រទេស​ថៃ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​កុម្ភៈ​។​

​នាវា​នេះ​ដឹក​អ្នកដំណើរ​១.៤៥៥​នាក់ និង​សមាជិក​នាវិក​៨០២​នាក់​។​វា​ត្រូវ​ចូល​កំពង់ផែ​អូ​គី​ណា​វ៉ា កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន តែ​ត្រូវ​ជប៉ុន​មិន​អនុញ្ញាត​អោយ​ចូល​។​​វា​បាន​ចាកចេញ​ពី​ហុងកុង​កាលពី​ថ្ងៃ​០១​កុម្ភៈ​និង​ជាប់​នៅ​សមុទ្រ​ចិន​ខាងត្បូង​អស់​ជាង​១០​ថ្ងៃ​មកហើយ បន្ទាប់​ពី​ហ្វីលីពីន កូរ៉េខាងត្បូង កោះ​តៃវ៉ា កោះ​ហ្កាំ​និង​​ជប៉ុន​មិន​អនុញ្ញាត​អោយ​ចូល​ចត​ផែ​របស់គេ ដោយសារ​មាន​ឧបទ្ទវហេតុ​ឆ្លង​កូរ៉ូណា​វីរុ​សជាង​១០០​នាក់​នៅក្នុង​នាវា​ទេសចរណ៍​មួយ​នៅ​ជប៉ុន​។​

​ក្រុមហ៊ុន​នាវា​កម្សាន្ត​នេះ​បាន​ធានា​ថា​មិន​មាន​ការផ្ទុះ​កូរ៉ូណា​វីរុស​នៅ​លើ​នាវា​ទេ ហើយ​ខ្លួន​រំពឹង​ថា​អ្នកដំណើរ​នឹង​បាន​ចុះ​នៅ​ថៃ​ហើយ​បន្ត​ដំណើរ​តាម​យន្តហោះ​ត្រ​​ឡប់​ទៅ​ស្រុក​របស់​គេ​វិញ​។​ភ្ញៀវ​ទាំងអស់​នឹង​ទទួល​សំណង​១០០​ភាគរយ​ត្រឡប់​វិញ​សំរាប់​ការធ្វើដំណើរ​១៤​ថ្ងៃ​របស់គេ​។​

នាវា​The Westerdam​ដែល​ត្រូវ​ដឹក​ភ្ញៀវ​កម្សាន្ត​១៤​ថ្ងៃ​ពី​ហុងកុង​ទៅ​ជប៉ុន ឥឡូវ​ជួប​គ្រោះ​ដោយ​សារ​ប្រទេស​មួយចំនួន​មិន​អនុញ្ញាត​អោយ​ចូល​និង​ត្រូវ​សង​ថ្លៃ​​សំបុត្រ​របស់​ភ្ញៀវ​

​នាវា​ទេសចរណ៍​មួយទៀត Diamond Princess កំពុង​ជាប់​នៅ​ក្រុង​យ៉ូ​កូហា​ម៉ា ដោយសារ​អាជ្ញាធរ​ជប៉ុន​តំរូវអោយ​ធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ​បន្ទាប់ពី​អ្នកដំណើរ​ម្នាក់​​បាន​ចុះ​នៅ​ហុងកុង​និង​ត្រូវបាន​រកឃើញ​មាន​ផ្ទុក​កូរ៉ូណា​វីរុស​។​កាលពី​ថ្ងៃ​ម្សិលមិញ មនុស្ស​៦០​នាក់​ទៀត​នៅ​លើ​នាវា​នេះ​ត្រូវបាន​រកឃើញ​ថា​មាន​ផ្ទុក​កូរ៉ូណា​វីរុស​ នាំ​អោយ​ចំនួន​មនុស្ស​នៅ​លើ​នាវា​ដែល​មាន​វីរុស​នេះ​ឡើងដល់​១៣០​នាក់​៕​ប្រែ​សម្រួល​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular