ក្នុងកំឡុងពេលពីរបីថ្ងៃដំបូងបន្ទាប់ពីសម្រាលបុត្ររួចគឺមានសកម្មភាពមួយចំនួនដែលស្ត្រី ជាម្ដាយចាំបាច់គួរចៀសវាងដើម្បីបង្ការបញ្ហាស្មុគស្មាញកើតឡើង។ ម្យ៉ាងវិញទៀតការ ដកខ្លួនពីសកម្មភាពមួយចំនួនក៏អាចផ្ដល់ពេលបន្ថែមអោយស្ត្រីម្ដាយផ្ដោតសំខាន់លើការថែរក្សាកូនតូចនិងពង្រឹងសុខភាពខ្លួនឯងផងដែរ។ ថាតើសកម្មភាពអ្វីខ្លះទៅដែលស្ត្រីជាម្ដាយ មិនគួរធ្វើក្រោយសម្រាលរួច?
១. មិនគេង
ការគេងអោយបានគ្រប់គ្រាន់បន្ទាប់ពីសម្រាលកូនរួច គឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីជាម្ដាយដើម្បីពង្រឹងសុខភាពនិងស្ដារថាមពលឡើងវិញ។ ហើយភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយ ថាកង្វះការគេងជះឥទ្ធិពលប៉ុណ្ណាចំពោះសុខភាពរាងកាយ ដូច្នេះចូរព្យាយាមសម្រាកអោយបានច្រើនដើម្បីមានកម្លាំងគ្រប់គ្រាន់នឹងថែរក្សាកូនតូច។
២. ធ្វើលំហាត់ប្រាណច្រើន
អ្នកជំនាញជាច្រើនបាននិយាយថាក្រោយពីសម្រាលកូនរួច ស្ត្រីជាម្ដាយមិនគួរធ្វើលំហាត់ប្រាណខ្លាំងក្លាណាមួយ ឬធ្វើលំហាត់ប្រាណច្រើនយូរម៉ោងឡើយ។ នោះក៏ព្រោះតែនៅ ពេលទើបសម្រាលកូនរួចរាងកាយកំពុងទទួលរងការឈឺចាប់ស្រាប់ ដូច្នេះការធ្វើសកម្មភាព ឬលំហាត់ប្រាណណាមួយដែលបង្កើនការឈឺចាប់បន្ថែម គឺមិនសមស្របនោះទេ។ ទោះជាយ៉ាងណាការដើរធម្មតាត្រឹមរយៈពេលប្រមាណពី ២ ទៅ ៣ នាទី គឺប្រសើរប្រសិនបើអ្នកចង់ស្រកទម្ងន់ក្រោយសម្រាល។
៣. តមអាហារ
ការតមអាហារបង្កផលប៉ះពាល់ដោយរារាំងរាងកាយមិនអោយទទួលបាននូវសារធាតុ ចិញ្ចឹមគ្រប់គ្រាន់ដើម្បីពង្រឹងសុខភាព ស្ដារថាមពលឡើងវិញមិនត្រឹមតែចំពោះស្ត្រីជាម្ដាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលដល់ការលូតលាស់របស់ទារកផងដែរ។ ដូច្នេះក្រោយពេលសម្រាល ពិសេសកំឡុងពេលបំបៅដោះ ស្ត្រីជាម្ដាយមិនគួរតមអាហារឡើយ។ ការទទួលទានអាហារគ្រប់គ្រាន់ទៀងពេល និងជ្រើសរើសរបបអាហារបានត្រឹមត្រូវសម្បូរសារធាតុចិញ្ចឹមសំខាន់ៗ គឺចាំបាច់ណាស់ដើម្បីរក្សាសុខភាពទាំងម្ដាយនិងទារករួមទាំងជួយបង្កើនការផលិតទឹកដោះផងដែរ។
៤. ហែលទឹក
ចំណុចសំខាន់បំផុតមួយក្នុងដំណាក់កាលពង្រឹងសុខភាពឡើងវិញក្រោយសម្រាលនោះ គឺទប់ស្កាត់មិនឱ្យមានការឆ្លងមេរោគ។ ហើយការហែលទឹក គឺប្រៀបដូចជាបើកឱកាស អោយមេរោគវាយលុយចូលក្នុងរាងកាយអញ្ចឹង។ ទោះជាយ៉ាងណាអ្នកជំនាញជាច្រើន និយាយថាការងូតទឹកធម្មតា គឺប្រសើរ ព្រោះវាជួយសម្អាតរាងកាយអោយស្អាត និងផ្ដល់អារម្មណ៍ស្រស់ស្រាយ។
៥. ស្វែងរកពត៌មានបន្ថែមតាមបណ្ដាញអ៊ីនធើណិត
អ្នកម្ដាយថ្មីថ្មោង ឬទើបនឹងសម្រាលរួចច្រើនតែមានការព្រួយបារម្ភជ្រុលដល់ថ្នាក់ពេលខ្លះ ចាប់ផ្ដើមស្រាវជ្រាវពត៌មានបន្ថែមពីក្នុងអ៊ីនធើណិត។ ទោះជាយ៉ាងណាពត៌មានក្នុងអ៊ីន ធើណិតមិនសុទ្ធតែច្បាស់លាស់ត្រឹមត្រូវលម្អិតឡើយ។ ដូច្នេះដើម្បីចៀសផុតបញ្ហាស្លន់ ស្លោរភ័យខុសរឿង ប្រសិនមានបញ្ហាណាមួយដែលអ្នកយល់មិនច្បាស់ ឬស្ទាក់ស្ទើមាន ចម្ងល់មិនដឹងធ្វើយ៉ាងណា ចូរសួរនាំអ្នកមានបទពិសោធន៍និងពិភាក្សាជាមួយគ្រូពេទ្យផ្ទាល់ តែម្ដងទើបប្រសើរ៕ ដោយៈ health.com.kh