
ដោយៈបញ្ញាសាស្ត្រ -ភ្នំពេញៈរយៈពេលប្រាំថ្ងៃចាប់ពីថ្ងៃទី៦ ដល់ទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បណ្ឌិត ផុន កសិកា ប្រធានស្តីទីវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ និងបុរាណវត្ថុវិទ្យានៅតំបន់ស្រីសន្ធរ(អតីតរាជធានីខ្មែរសម័យកណ្ដាល)ខេត្តកំពង់ចាមនិងតំបន់ព្រះប្រសព្វខេត្តកណ្ដាល។នេះបើយោងតាមប្រភពគេហទំព័ររាជបណ្ឌត្យសភាកម្ពុជា។សកម្មភាពចុះស្រាវជ្រាវនេះបានធ្វើឡើងបន្ទាប់ពីទទួលបានការអនុញ្ញាតពីបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
ប្រភពដដែលបន្តថា ការសិក្សាស្រាវជ្រាវនេះមានកិច្ចសហការរវាងស្ថាប័នជាតិ ដែលមានវិទ្យាស្ថានវប្បធម៌និងវិចិត្រិសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជាគឺ កញ្ញា តាកេត ស័កដា ជាតំណាង, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានលោក ឡេង វិទូ និង លោក ហ៊ាង មេសា ជាតំណាង, តំណាងអាជ្ញាធរជំនាញនៅមូលដ្ឋាន ព្រមទាំងអ្នកជំនាញអន្ដរជាតិមកពីវិទ្យាស្ថានជាតិណារ៉ា ប្រទេសជប៉ុន (Nara National Research Institute for Cultural Properties) និងមកពីសាកលវិទ្យាល័យវ្លីនឌ័រ ប្រទេសអូស្ត្រាលី (UNIVERSITY OF FLINDERS)។នេះជាឱកាសមួយដែលអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រនិងបុរាណវត្ថុវិទ្យាខ្មែរទទួលបានព័ត៌មាន ក៏ដូចជាទិន្នន័យប្រវត្តិសាស្ត្រ ព្រមទាំងបានបង្កើនចំណេះជំនាញក្នុងវិស័យស្រាវជ្រាវ និងព្រមទាំងបង្កើនទំនាក់ទំនងកិច្ចសហការស្រាវជ្រាវវិទ្យាសាស្ត្ររវាងស្ថាប័នជាតិ មានដូចជារាជបណ្ឌិត្យសភាកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមួយសាកលវិទ្យាល័យវ្លីនឌ័រ (UNIVERSITY OF FLINDERS) ប្រទេសអូស្ត្រាលី និង វិទ្យាស្ថានជាតិណារ៉ា ប្រទេសជប៉ុន (Nara National Research Institute for Cultural Properties) ផងដែរ។
ប្រភពដដែលបានបញ្ជាក់ថា ក្នុងការសិក្សាស្រាវជ្រាវក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានគោលបំណងសិក្សាអំពីប្រវត្តិក្នុងតំបន់ដែលសិក្សា,សិក្សាប្រវត្តិនៃឈ្មោះតំបន់,ស្វែងរកទួលឡកុលាលភាជន៍,ស្វែងរកទួលប្រាសាទនិងទួលភូមិឋានមនុស្សរស់នៅ,ត្រួសត្រាយព្រៃដែលដុះនៅលើទួលនិង ជុំវិញទួលឡកុលាលភាជន៍, គូរប្លង់បាតនៃទួលដោយប្រើម៉ាស៊ីន Total Station, Eye Level Machine និង GPSថតរូបទួល និងស្ថានីយ ដោយប្រើឧបករណ៍ Drone និង បច្ចេកទេសបង្កើតរូបថតត្រីទស្សន៍ (3D Photo)ដោយប្រើកម្មវិធីPhotogrammetryនិងPhotoscan។
ក្នុងឆ្នាំ២០២០នេះដែរ ក្រុមការងារស្រាវជ្រាវជាតិនិងអន្ដរជាតិនេះនឹងធ្វើកំណាយស្រាវជ្រាវឈ្វេងយល់អំពីការផលិតកុលាលភាជន៍ក្នុងតំបន់ស្រីសន្ធរ, រូបរាងឡកុលាលភាជន៍, ប្រភេទផលិតផលកុលាលភាជន៍ដែលផលិតនៅតំបន់ស្រីសន្ធរ, អាយុកាលនៃសំណង់ឡកុលាលភាជន៍ ព្រមទាំងទំនាក់ទំនងនៃការធ្វើជំនួញជួញដូរពីតំបន់ស្រីសន្ធរទៅតំបន់ផ្សេងៗទៀតក្នុងប្រទេសកម្ពុជា៕សរន/Ha







