ដោយ: តារារិទ្ធ / ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន បានអំពាវឲ្យពលរដ្ឋកម្ពុជាងើបឡើងដើម្បីការពារអធិបតេយ្យភាពកម្ពុជា មិនត្រូវឱនក្បាលឲ្យអ្នកណាម្នាក់ឡើយ។ សម្តេចបានអំពាវនាវនេះ នៅពិធីបើកការដ្ឋានស្តារនិងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ នៅព្រឹកថ្ងៃទី១១កុម្ភៈនេះ។

សម្ដេច ហ៊ុន សែន មានប្រសាសន៍អំពាវនាវថា «ពលរដ្ឋកម្ពុជា ងើបឡើងដើម្បីការពារអធិបតេយ្យភាពកម្ពុជា មិនត្រូវឱនក្បាលឲ្យអ្នកណាម្នាក់ឡើយ ព្រោះកម្ពុជាត្រូវការសន្តិភាព មិនអាចអត់សន្តិភាពបានទេ»។
ក្នុងនោះផងដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យដឹងថា រោងចក្រនៅកម្ពុជាខ្លះនឹងត្រូវបិទទ្វារបណ្ដោះអាសន្ន នៅខែមីនាខាងមុខ ដោយសារចិនផ្អាកការផ្គត់ផ្គង់វត្ថុធាតុដើម ព្រោះបញ្ហាវីរុសកូរ៉ូណា។ សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រោងចក្របិទទ្វារនេះមិនមែនមកពីបញ្ហា EBA ទេ។

សម្តេចបានលើកឡើងថា សម្តេចមិនចាំបាច់ធ្វើសេចក្តីថ្លែងការណ៍ណាមួយរឿងថាសុំឲ្យគេទុកឬសុំឲ្យគេដកអីទេ សិទ្ធិនៅលើដៃរបស់គេ គេធ្វើអីក៏ធ្វើចុះ សុំធ្វើទៅ។
សម្តេចមានប្រសាសន៍ថា “ខ្ញុំបាននិយាយបញ្ជាក់ហើយថា ខ្ញុំមិនយកឯករាជ្យអធិបតេយ្យជាតិរបស់កម្ពុជាទៅដោះដូរជាមួយជំនួយ និងភាពអនុគ្រោះណាទាំងអស់។ សូមប្រជាពលរដ្ឋកម្ពុជា គិតឲ្យបានច្បាស់ពិតប្រាកដថា ពេលនេះកម្ពុជាត្រូវការអីពិតប្រាកដ, កម្ពុជាត្រូវការសន្តិភាព, មិនអាចឲ្យអ្នកណាមកបំផ្លាញសន្តិភាពបានទេ។ បើទោះបីបង់ថ្លៃប៉ុនណាក៏ដោយចុះ កម្ពុជាត្រូវតែជាប្រទេសដែលមានសន្តិភាព មានឯករាជ្យនិងអធិបតេយ្យជាតិពេញលេញ , ច្បាប់របស់ខ្លួនត្រូវតែបានអនុវត្ត , អ្នកណាក៏ដោយក៏នៅក្រោមច្បាប់របស់កម្ពុជា”។

សម្តេចបន្តថា យើងចង់ធ្វើមិត្តភក្ដិនិងធ្វើដៃគូជាមួយប្រទេសទាំងអស់នៅលើពិភពលោក ប្រសិនបើគេមិនយល់ពីយើង ហើយចង់ចាប់បង្ខំយើងក៏យើងមិនព្រមបានដែរ, យើងធ្លាប់ភ្លក្សរសជាតិរួចហើយនៃសង្គ្រាម និងសោកនាដកម្មរាប់មិនអស់ ដែលពួកគេបានកសាងឡើងសម្រាប់យើង តែយើងមិនបានស្លាប់ទេ, អ៊ីចឹងសូមអំពាវនាវចំពោះប្រជាពលរដ្ឋកម្ពុជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា ងើបឈរឡើងដើម្បីការពារឯករាជ្យ អធិបតេយ្យភាព និងសន្តិភាពរបស់កម្ពុជា អត់ត្រូវឱនក្បាលចំពោះអ្នកណាទាំងអស់, យើងត្រូវខិតខំ ព្រោះអ្នកទាំងនេះមានមួយចំនួនបានឆ្លងកាត់របបប៉ុលពត មួយចំនួនមិនបានឆ្លងកាត់របបប៉ុលពតទេ ប៉ុន្តែជីដូនជីតា ពុកម្ដាយបានឆ្លងកាត់របបប៉ុលពត បានឆ្លងកាត់សង្គ្រាម បានឆ្លងកាត់របបប៉ុលពត តើយើងលំបាកប៉ុនណា ដូច្នេះពេលនេះមិនមែនជាពេលវេលាដែលត្រូវគិតអ្វីផ្សេងក្រៅពីរក្សាសន្តិភាពឲ្យខាងតែបាន មានសន្តិភាព ទើបមានការអភិវឌ្ឍ មានសន្តិភាពទើបមានសិទ្ធិមនុស្ សមានសន្តិភាព ទើបមានប្រជាធិបតេយ្យ៕ ល/Ha