អគ្គមេបញ្ជាការកងទ័ពជើងគោកថៃបានសុំទោសកាលពីថ្ងៃអង្គារទី ១១ ខែកុម្ភៈចំពោះទាហានដ៏សាហាវម្នាក់ ដែលការបាញ់ប្រហាររយៈពេល ១៩ ម៉ោងរបស់ខ្លួន បានសម្លាប់មនុស្ស ២៩ នាក់និងបង្ករបួស ៥៧ នាក់កាលពីចុងសប្តាហ៍ ធ្វើឱ្យប្រទេសថៃទាំងមូលស្រឡាំងកាំង។

ពេលខ្លះជូតទឹកភ្នែកខ្លួនឯង នាយឧត្តមសេនីយ៍ អាពីរ៉ាត់ គង់សំពង់ អគ្គមេបញ្ជាការកងទ័ពជើងគោកថៃបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរយៈពេល ៩០ នាទីថា កងទ័ពនឹងជួយផ្តល់សំណងដល់ជនរងគ្រោះនិងគ្រួសាររបស់ពួកគេទាំងអស់។

លោកអាពីរ៉ាត់និយាយថា “ក្នុងនាមជាអគ្គមេបញ្ជាការកងទ័ពជើងគោក ខ្ញុំចង់សុំទោសនិងពិតជាសោកស្តាយចំពោះឧបទ្ទវហេតុ ដែលបង្កឡើងដោយទាហាន”។

លោកនិយាយថា “នៅនាទី និងវិនាទី ដែលជនល្មើសបានកេះកៃកាំភ្លើងសម្លាប់មនុស្ស នៅនាទីនោះគាត់ជាឧក្រិដ្ឋជន មិនមែនជាទាហានទៀតទេ”។

វរសេនីយ៍ទោ ចក្រាប៉ាន ធម្មា ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងសន្តិសុខកាលពីថ្ងៃអាទិត្យទី៩កុម្ភៈ បន្ទាប់ពីគាត់បានវាយលុកមជ្ឈមណ្ឌលលក់ទំនិញឈ្មោះ Terminal 21 នៅភាគឦសានខេត្តនគររាជសីមាកាលពីថ្ងៃសៅរ៍។

បុរសអាយុ ៣២ ឆ្នាំនេះបានចាប់ផ្តើមការសម្លាប់រង្គាលនៅព្រឹកថ្ងៃសៅរ៍ ដោយបាញ់សម្លាប់មេបញ្ជាការរបស់គាត់និងម្តាយក្មេករបស់មេបញ្ជាការជុំវិញជម្លោះមុខរបររកស៊ីមួយ។

ក្រោយមកគាត់បានបើកឡានទៅមូលដ្ឋានកងទ័ពរបស់គាត់ លួចអាវុធនិងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ហើយបាញ់រះតាមផ្លូវរហូតដល់វត្តមួយ មុនពេលទៅកាន់មជ្ឈមណ្ឌលផ្សារទំនើប Terminal 21 កន្លែងដែលគាត់បាញ់អ្នកទិញអីវ៉ាន់មិនរើសមុខ ហើយចាប់មនុស្សធ្វើចំណាប់ខ្មាំងជាង ១២ ម៉ោង មុននឹងត្រូវកងកុម្ម៉ង់ដូពិសេសបាញ់ស្លាប់៕ ដោយ៖ កញ្ញាដាលីស

នាយឧត្តមសេនីយ៍ អាពីរ៉ាត់ គង់សំពង់ សុំទោសចំពោះការសម្លាប់រង្គាលដោយទាហានថៃឈ្មោះ ចក្រាប៉ាន ធម្មា